កំនើនប្រជាជនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ ដែលការកើនឡើងនេះ ក៏បានជះឥទ្ធិពលជាច្រើនផងដែរ ដូចជាបញ្ហាកង្វះលំនៅដ្ឋាន ម្ហូបអាហារ ការកកស្ទះចរាចរណ៍ បញ្ហាផ្សែងពុល អាកាសធាតុប្រែប្រួល និងកត្តាជាច្រើនផ្សេងៗទៀត។ បញ្ហាបំរែបំរួលអាកាសធាតុ និងការកើនឡើងកម្តៅនេះហើយ បានប៉ះពាល់ ទៅដល់បរិស្ថាន ការរស់នៅ និងជាពិសេសនោះគឺជីវិតជាច្រើន ដែលរស់នៅក្រោមបាតសមុទ្រយ៉ាងធ្ងន់ធ្ងរ។
បើយោងតាមការស្រាវជ្រាវថ្មីមួយពីអ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យដឹងថា ទៅថ្ងៃខាងមុខ ជីវិតនៅក្នុងមហាសមុទ្រនៅលើពិភពលោកយើងនេះ នឹងត្រូវបាត់បង់ដល់ទៅ 1/6 ឯណោះ ដែលរួមបញ្ចូលទាំងត្រី និងប្រភេទជីវិតសត្វក្នុងទឹកដទៃទៀត ជាពិសេសសត្វធំៗ ដែលស្ថិតនៅក្នុងជម្រៅបាតសមុទ្រជ្រៅៗ ព្រោះសរីរាង្គរបស់ពួកវាមិនអាចទ្រាំទ្រ ទៅនឹងការប្រែប្រួល និងកម្តៅដែលកើនឡើងនេះបានឡើយ។ ការព្យាករណ៍នៃការបាត់បង់នេះ មិនធ្លាក់ចុះឡើយបើសិនជាអាកាសធាតុ និងការកើនឡើងកម្តៅសីតុណ្ហភាព នៃពិភពលោកនៅតែបន្តដូចក្នុងពេលបច្ចុប្បន្ន។
ការស្រាវជ្រាវតាមមូលដ្ឋានកុំព្យូទ័របានបង្ហាញមកថា រាល់កម្តៅកើនឡើង 1អង្សា ជីវិតនៅក្នុងបាតសមុទ្រនឹងត្រូវបាត់បង់ 5% និងបើសិនជាទង្វើរបស់មនុស្ស ជាពិសេសឧស្ម័នផ្ទះកញ្ចក់នៅតែបន្តដូចនៅក្នុងពេលសព្វថ្ងៃនេះ ជីវិតនៅក្នុងមហាសមុទ្រនឹងត្រូវបាត់បង់ដល់ដល់ទៅ 17% បើគិតដល់ឆ្នាំ 2100 ខាងមុខ។ ប៉ុន្តែបើសិនជាមនុស្សយើងកាត់បន្ថយផ្សែងកាបូនចេញពីរោងចក្រ ឬទង្វើប្រើប្រាស់កាបូនផ្សេងៗនោះ ការបាត់បង់នឹងវិលមកកំណត់នៅត្រឹមតែ 5% វិញ។
លោក William Cheung អ្នកសិក្សាស្រាវជ្រាវផ្នែកតំបន់សមុទ្រ នៃសាកលវិទ្យាល័យ British Columbia បានថ្លែងថា “ពិភពលោកនឹងឃើញការធ្លាក់ចុះ នៃជីវិតនៅក្នុងមហាសមុទ្រ ប្រសិនបើមនុស្សមិនកាត់បន្ថយទង្វើបញ្ចេញឧស្ម័នពុលតាមរោងចក្រ ការបំផ្លាញបរិស្ថាន និងរកវិធីទប់ស្កាត់បញ្ហាបំរែបំរួលអាកាសធាតុនោះទេ។” លោកបានបន្តថា “ការឡើងកម្តៅជាបញ្ហាដ៏ធំមួយនៃការប្រែប្រួល រួមផ្សំជាមួយនឹងភ្លៀងអាស៊ីតទៀតនោះ វានឹងធ្វើឲ្យអាកាសធាតុប្រែប្រួលយ៉ាងខ្លាំង អុកស៊ីសែនចាប់ផ្តើមចុះថយ នឹងផ្តល់ការប៉ះពាល់យ៉ាងខ្លាំងដល់រាល់ជីវិតនៅក្រោមសមុទ្រ ជាពិសេសសត្វធំៗដែលរស់នៅទឹកជ្រៅ ត្រូវការអុកស៊ីសែនច្រើន និងមិនអាចទ្រាំទ្រជាមួយនឹងកម្តៅបានឡើយ។”
សន្តិសុខនៃស្បៀងជាសកល
មហាសមុទ្រជាប្រភពដ៏សំខាន់នៃអាហារ និងជាការផ្គត់ផ្គង់ជីវភាពរបស់ប្រជាជននៅជុំវិញពិភពលោក ជាពិសេសមនុស្សដែលរស់នៅជុំវិញតំបន់នោះ។ សមុទ្រផ្តល់ត្រី ក្តាម បង្កង និងសត្វផ្សេងៗទៀតជាអាហារដល់មនុស្ស ផ្តល់ទឹកប្រៃច្នៃជាគ្រឿងបរិភាគ និងរបស់របរប្រើប្រាស់ផ្សេងៗទៀតដែលច្នៃចេញពីសមុទ្រ។ លោកសាស្ត្រាចារ្យ Julia Baum នៃសាកលវិទ្យាល័យ Victoria ក៏បានលើកឡើងមកថា “ផលប៉ះពាល់នៃការបាត់បង់នេះ មិនមែនសម្រាប់តែប្រព័ន្ធជីវសាស្រ្តនៅក្នុងសមុទ្រទេ ប៉ុន្តែវាជាការខាតបង់យ៉ាងធំធេងសម្រាប់មនុស្សលោក ព្រោះទូទៅមនុស្សពឹងផ្អែកលើធនធានសមុទ្រ។” ស្បៀងសកលដែលមានប្រភពចេញពីមហាសមុទ្រនេះ នឹងត្រូវខ្វះ នៅក្នុងពេលអនាគត ព្រោះកំនើនមនុស្សចេះតែបន្តកើនឡើង ប៉ុន្តែធនធានសមុទ្រនឹងត្រូវបាត់បង់បន្តិចម្តងៗទៅវិញ។
អ្នកវិទ្យាសាស្ត្រនៅក្នុងពេលប៉ុន្មានឆ្នាំមុន បានព្យាករណ៍ម្តងរួចមកហើយថា បញ្ហាអាកាសធាតុ នឹងធ្វើឲ្យបាត់បង់ជីវិតនៅក្នុងទឹក ប៉ុន្តែកាលនោះ ការពិសោធន៍របស់ពួកគេប្រើប្រាស់កុំព្យូទ័រតែមួយប៉ុណ្ណោះ ដែលអាចមើលលទ្ធផល បានត្រឹមតែមួយផ្នែក ដោយឡែកជាក់ស្តែងក្នុងពេលបច្ចុប្បន្ន សម្រាប់ការសិក្សាដដែលនេះ ប្រើប្រាស់គម្រូកុំព្យូទ័រទំនើបៗដល់ទៅ 6 ខុសៗគ្នា ដែលផ្តល់នូវលទ្ធផលបានច្បាស់ និងកាន់តែធំជាងមុនច្រើន។ នេះហើយជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រ កំពុងព្រួយបារម្ភខ្លាំង ពីបញ្ហានេះ និងប្រកាសអាសន្ន អំពាវនាវក្នុងការរួបរួមមនុស្ស ឲ្យចូលរួមប្រឆាំងនឹងបំរែបំរួលអាកាសធាតុ ដើម្បីរក្សាបរិស្ថាន និងជាពិសេសប្រភពធនធាន នៃជីវិតនៅក្នុងមហាសមុទ្រ។ លើសពីនេះទៀតនោះ អ្នកនេសាទនៅក្នុងតំបន់ Maine និង Atlantic ខាងជើង ក៏បានរាយការណ៍ ពីត្រីបាឡែនឡើងមកជាប់សំណាញ់ពួកគេងាប់ ព្រោះតែអត់ទ្រាំនឹងកម្តៅនៅក្រោមទឹកជ្រៅមិនបាន ដោយវានឹងត្រូវងើបហែលស្វែងរកទឹកត្រជាក់ជាជម្រកថ្មី តែបែជាត្រូវជាប់សំណាញ់របស់ពួកគេទៅវិញ ដែលនេះបង្ហាញថាសត្វនៅក្រោមសមុទ្រទឹកជ្រៅមួយចំនួនចាប់ផ្តើមរងគ្រោះ នឹងការកើនឡើងកម្តៅ និងបំរែបំរួលអាកាសធាតុនេះហើយ។’
ដូចនេះ ក្នុងនាមជាពលរដ្ឋមួយរូប មិនថានៅក្នុងជាតិសាសន៍ ឬប្រទេសណាឡើយ យើងគប្បីរួបរួមគ្នាទប់ស្កាត់នៃបញ្ហាបំបែបំរួលអាកាសធាតុនេះ តាមរយៈសកម្មភាពបរិស្ថានមួយចំនួនដូចជាការដាំដើមឈើបន្ថែម ក្នុងការរក្សាសំណឹកដី និងទាក់ទាញទឹកភ្លៀង អំពាវនាវឲ្យមានការកាត់បន្ថយឧស្ម័នពុលចេញពីរោងចក្រ និងយានយន្ត បញ្ឈប់រាល់ការប្រើសារធាតុគីមីក្នុងទម្រង់ផ្សេងៗជាដើម ដែលសង្ឃឹមថា វានឹងអាចទប់ស្កាត់បញ្ហាអាកាសធាតុ និងការឡើងកម្តៅបាន ព្រមទាំងអាចរក្សាបរិស្ថាន និងជីវិតសត្វនានានៅក្នុងមហាសមុទ្របានយូរអង្វែង។