ទាំងនេះគឺជាប្រភេទនៃការគេង និងម៉ោងចូលគេងដ៏ល្អបំផុតសម្រាប់អ្នក!

ជាទូទៅមនុស្សមិនដូចគ្នាទេ មានចំណង់ចំណូលចិត្ត ការគិត និងឥរិយាបថខុសគ្នា។ អ្នកមានដែលបានគិតទេថា អ្នកកំពុងតែចូលចិត្ត និងមានទម្លាប់ធ្វើអ្វីមួយ ប៉ុន្តែទង្វើទាំងនោះ មិនត្រូវហើយស្រប ជាមួយនឹងមនុស្សនៅជុំវិញខ្លួនផ្សេងទៀតឡើយ។ អ្នកខ្លះគាត់កំពុងតែរត់កីឡា ហាត់ប្រាណតាំងពីព្រលឹម ហើយទន្ទឹមនឹងអ្នកខ្លះពេលនោះ គាត់កំពុងតែនៅគេងលក់ស្កប់ស្កល់នៅឡើយ។ អ្នកខ្លះគាត់ញ៉ាំអាហារបីពេល បូកថែមទាំងអាហារសម្រន់ទៀតក្នុងមួយថ្ងៃ ប៉ុន្តែអ្នកខ្លះទៀត គាត់ញ៉ាំត្រឹមតែពីរពេលតែប៉ុណ្ណោះមិនដូចគ្នាឡើយ។ មួយវិញទៀត ដែលលឺពួកគាត់រអ៊ូដែរអត់ ថាពេលខ្លះយប់ឡើង គាត់គេងមិនបានស្កប់ឡើយ គេងមិនស្រួល និងអ្នកខ្លះទៀត ពិបាកក្នុងការចូលគេងតែម្តង។ 

 

គ្រប់យ៉ាងគឺវាស្តែងចេញពីទម្លាប់ និងទង្វើនៃការចូលគេងជាប្រចាំថ្ងៃរបស់ពួកគាត់ហើយ។ ពួកគាត់មានទម្លាប់ ពេលវេលា និងឥរិយាបថខុសគ្នា ក្នុងការចូលគេងរបស់ពួកគាត់នៅពេលយប់ ដែលវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរសម្រាប់សុខភាព ទាំងការញ៉ាំអាហារ និងប្រព័ន្ធខួរក្បាលរបស់អ្នកជារៀងរាល់ថ្ងៃ។ តើដឹងមានដឹងទេ ថាពេលវេលា និងទម្លាប់ចូលគេងរបស់អ្នកពិតជាមានសារៈសំខាន់សម្រាប់អ្នក? ចុះអ្នកអាចចូលគេងបានត្រឹមត្រូវ និងគ្រប់គ្រាន់តាមក្បួនវេជ្ជសាស្រ្តបានតឹ្រមត្រូវឬនៅ? នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យបានដឹងពីពេលវេលា និងប្រភេទនៃការគេងឲ្យបានត្រឹមត្រូវ។

 

បើតាមក្រុមអ្នកស្រាវជ្រាវផ្នែកខាងវេជ្ជសាស្ត្រ បានលើកឡើងជាមួយនឹងការស្ទង់មតិរបស់មនុស្សចូលរួមប្រមាណ 1,305 នាក់ បានបង្ហាញឲ្យឃើញថា ពួកគាត់ទូទៅពោពេញដោយថាមពល និងមានអារម្មណ៍ស្រស់ថ្លា នៅចន្លោះម៉ោងពី 8 ព្រឹកទៅ 11 ព្រឹក ប៉ុន្តែកម្លាំងទាំងនោះ នឹងត្រូវបាត់ទៅវិញ ជំនួសដោយភាពបាត់បង់ថាមពលខ្លាំង នៅពេលដែលព្រះអាទិត្យលិច ប៉ុន្តែអ្នកខ្លះទៀតទន់ខ្សោយ និងចាប់ផ្តើមបាក់កម្លាំង ឆាប់ភ្លេចភ្លាំងចាប់តាំងពីម៉ោង 3 ល្ងាចទៅហើយ។ បន្ទាប់ពីបានធ្វើការសាកសួរដល់មនុស្សទាំងនោះ ទើបបានដឹងថា ពួកគាត់មានទម្លាប់នៃការចូលគេង និងពេលវេលាចូលគេងរបស់ពួកគាត់ក៏ខុសគ្នាផងដែរ។

 

ដោយយោងតាមការបង្ហាញ របស់មន្ទីរវេជ្ជសាស្ត្របានធ្វើការចាត់ប្រភេទនៃការគេងទូទៅឲ្យបានត្រឹមត្រូវតាមទម្លាប់របស់សត្វបួនប្រភេទ គឺតោ ខ្លាឃ្មុំ ផ្សោតឬ Dolphin និង ចចក ដែលសត្វនីមួយៗក៏តំណាងឲ្យប្រភេទមនុស្ស និងទំហំនៃការងារដែលមនុស្សធ្វើជារៀងរាល់ថ្ងៃផងដែរ។

 

- សត្វត្រី Dolphin ឬផ្សោត: តំណាងឲ្យមនុស្សរវាស បានន័យថាធ្វើអ្វីលឿនៗ និងមានប្រព័ន្ធរំញោចខ្ពស់។ ប្រភេទនៃសត្វនេះគេង ជាមួយនឹងប្រព័ន្ធខួរក្បាលតែពាក់កណ្តាលរបស់ពួកគេទេ ពាក់កណ្តាលទៀតគឺដំណើរការជាប់។ ប្រភេទគេងរបស់សត្វផ្សោតនេះត្រូវបានគេរាប់ចូលជាប្រភេទ (Sleepers Unihemispheric)។ ប្រព័ន្ធខួរក្បាលពាក់កណ្តាលទៀត គឺភ្ញាក់ហើយប្រុងប្រយ័ត្ន ផ្តោតលើដំណើរការនៃការហែលទឹក (ដំណើរការ ការងារប្រចាំថ្ងៃ) និងមួយផ្នែកទៀតសម្រាប់គេចខ្លួនពីសត្វសាហាវ (ប្រុងប្រយ័ត្នកទៅលើហានិភ័យ។ ប្រភេទមនុស្សដែលមានលំនាំនៃការគេងដូចសត្វផ្សោត ជាមនុស្សដែលគេងមិនសូវស្កប់ គេងតិច ហើយក៏ជាមនុស្សវៃឆ្លាតផងដែរ។ ពេលវេលាដែលសាកសម សម្រាប់ចូលគេងជាប្រចាំនៃមនុស្សប្រភេទនេះ ភាគច្រើនល្អ នៅក្នុងម៉ោង 11:50 យប់ និងភ្ញាក់នៅក្នុងម៉ោង 6:30 ព្រឹក។ ចន្លោះក្នុងពេលគេងអាចត្រឹម 6 ម៉ោង (400 នាទី) គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។ 

 

- សត្វតោ: សាកសមសម្រាប់មនុស្សដែលរកស៊ី និងចាប់ផ្តើមការងារនៅពេលព្រលឹម ឬអ្នកដែលមានតំណែងជា C-Levels នៅក្នុងក្រុមហ៊ុនជាដើមដែលតែងតែ ចាប់ផ្តើមធ្វើការពីពេលព្រលឹម។ តោ តំណាងឲ្យសត្វប្រហារ និងធ្វើការចាប់ចំណីនៅពេលព្រឹកព្រលឹម ទៅតាមសង្វាក់អាហារដែលសត្វនេះត្រូវការ។ មនុស្សប្រភេទនេះត្រូវការការគេងកម្រិតមធ្យម មិនច្រើនហើយក៏មិនតិចដែរ។ ពេលវេលាដែលសាកសមសម្រាប់ចូលគេងគឺ 10:10 យប់ និងភ្ញាក់នៅក្នុងម៉ោង 6 ព្រឹក។ អ្នកត្រូវចំណាយពេលគេងឲ្យបាន 470 នាទីក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។

 

- សត្វខ្លាឃ្មុំ: សាកសមសម្រាប់អ្នកធ្វើការខាងផ្នែកទេសចរណ៍ អ្នកដែលមានលំហាត់ប្រាណច្រើន ហើយវាពិតជាសាកសមសម្រាប់មនុស្សដែលចូលចិត្ត ការកម្សាន្ត និងភាពរីករាយច្រើន។ មនុស្សនៅក្នុងប្រភេទនេះ ចូលចិត្តគេងច្រើន ជាពិសេសនៅពេលទំនេរ។ ភាគច្រើនពេលវេលាដែលសាកសម សម្រាប់ចូលគេងនោះ គឺ 11:10 យប់ និងភ្ញាក់នៅម៉ោង 7 ព្រឹក។ អ្នកត្រូវចំណាយពេលគេងឲ្យបាន 470 នាទីក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។

 

- សត្វចចក: ពិតណាស់ វាសាកសមសម្រាប់មនុស្សដែលធ្វើការនៅពេលយប់ ជាពិសេសពេលយប់ជ្រៅ។ មនុស្សប្រភេទនេះ តម្រូវការនៅក្នុងការគេងគឺមិនច្រើន ហើយក៏មិនតិចដែរ។ បើសិនជាអ្នកនៅក្នុងមនុស្សប្រភេទនេះ អ្នកត្រូវចំណាយពេលក្នុងការគេង បានយ៉ាងហោចណាស់ 400 នាទីក្នុងមួយថ្ងៃ ហើយពេលវេលា ដែលអ្នកគួរតែចូលគេងបាននោះ គឺភាគច្រើននៅចន្លោះម៉ោង 00:00 ឬម៉ោង 12 យប់ និងភ្ញាក់នៅម៉ោង 7 ព្រឹក។

 

សរុបទៅ ដើម្បីចូលគេងបានត្រឹមត្រូវតាមម៉ោង រួមទាំងពេលវេលាដែលអ្នកគួរចំណាយទៅក្នុងការគេងជាប្រចាំថ្ងៃនោះ គឺអ្នកត្រូវដឹង និងស្វែងយល់ពីខ្លួនឯងជាមុនសិន ថាអ្នកស្ថិតនៅក្នុងប្រភេទនៃលំនាំសត្វតំណាងមួយណា? Dolphin តោ ខ្លាឃ្មុំ ឬសត្វចចក? ហើយរយៈពេល និងពេលវេលាដែលបានកំណត់នៅខាងលើនេះ ជាការស្រាវជ្រាវដែលគិតជាមធ្យម ដែលអ្នកអនុវត្តទៅតាមហ្នឹងបាន។ ប៉ុន្តែសម្រាប់មនុស្សចាស់វិញ គាត់ខុសពីប្រភេទនៅខាងលើនេះ គប្បីណែនាំគាត់ ឲ្យគេងឲ្យច្រើន ជាពិសេសនៅពេលយប់ ដើម្បីឲ្យខួរក្បាលគាត់បានសម្រាកច្រើន និងដំណើរការបានល្អ អាចនិយាយបានថា ឲ្យគាត់គេងពីក្បាលព្រលប់ និងភ្ញាក់ពីព្រលឹមដើម្បីធ្វើលំហាត់ប្រាណ។