ហាងឆេងមាសឡើងថ្លៃ ស្របពេលព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិច!

លោក Frank Holmes នាយកប្រតិបត្តិ U.S Global Investors បានលើកឡើងថា ព្រឹត្តិការណ៍ ជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិច សម្រាប់មនុស្សទូទៅប្រៀបដូចជាការប្រជែងគ្នារវាង អ្នកប្រជាធិបតេយ្យនិយម និងអ្នកសាធារណរដ្ឋនិយម (Blue versus Red) ប៉ុន្តែសម្រាប់ហាងឆេងមាសវិញ វាគឺជាពេលសម្រាប់ចុចប៊ូតុងមាស “Push the gold button” ដែលមានន័យថា មាស នៅតែបន្ដឡើងថ្លៃមិនខ្វល់ថាអ្នកណានឹងក្លាយជាថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិចឡើយ។

អ្នកជំនួញមាស បានលើកឡើងថាក្នុងវិបត្តិសេដ្ឋកិច្ចដោយកូវីដ-១៩ នេះ អ្នកវិនិយោគគួរតែសម្លឹងទៅមើលការទិញអចលនទ្រព្យ និងការទិញមាស ជាជម្រើសល្អបំផុតដើម្បីកាត់បន្ថយអតិផរណាម៉ាក្រូសេដ្ឋកិច្ចឲ្យមកនៅទាប (ហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ)។ ជាក់ស្ដែងតម្លៃមាស បានបន្ដឡើងថ្លៃចាប់តាំងពីថ្ងៃដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់ដំណែង (ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦) តម្លៃមាសបានកើនឡើង ៥៧% គិតត្រឹមថ្ងៃទី ០២ ខែវិច្ឆិកានេះ មាសមានតម្លៃ ១,៨៩២ ដុល្លារក្នុងមួយអោន (១ អោន = ២៨.៣៤ ក្រាម) អាចកើនឡើងដល់ ២,០០០ ដុល្លារនៅដំណាច់ឆ្នាំ២០២០ ហើយគេជឿជាក់ថានៅក្នុងឆ្នាំ២០២៣ តម្លៃមាសនឹងអាចឡើងដល់ ៤,០០០ ដុល្លារ/អោន។

បើយោងតាមការវិភាគរបស់អ្នកជំនួញមាស បានឲ្យដឹងថា នៅក្នុងការប្រទាញប្រទុងគ្នារវាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិច គេអាចទាញចេញជាសេណារីយ៉ូ ២៖ 

១. ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីម្ដងទៀត ទីផ្សារភាគហ៊ុនអន្តរជាតិ នៅតែបន្ដកើនឡើងជាធម្មតា ព្រោះគោលនយោបាយពាណិជ្ជកម្មនៅរក្សាដដែល។ 

២. ផ្ទុយទៅវិញ ប្រសិនបើលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតី គេរំពឹងថា ទីផ្សារភាគហ៊ុនអាស៊ី និងចិន មានការកើនឡើងខ្ពស់ក្រោយពីកែសម្រួលបន្ថូរបន្ថយគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ដែលគេហៅថាយុទ្ធសាស្ត្ររលកខៀវ “Blue Wave”។ 

ដោយឡែក ចំពោះហាងឆេងមាសវិញ មិនមានអ្វីប៉ះពាល់ដោយសារការជាប់ឆ្នោតប្រធានាធិបតីថ្មីសហរដ្ឋអាមេរិចឡើយ ដោយសារសេដ្ឋកិច្ចសហរដ្ឋអាមេរិច និងប្រាក់ដុល្លារអាមេរិចនៅតែបន្ដធ្លាក់ចុះ ដែលធ្វើឲ្យតម្លៃលោហៈមាសឡើងថ្លៃ។ វិបត្តិជំងឺកូវីដ-១៩ ជាពិសេសរលកទី២ នៅសហរដ្ឋអាមេរិច នៅតែជួយបន្ដធ្វើឲ្យតម្លៃមាស មានតម្លៃកើនឡើងក្នុងរយៈពេលវែង។ 

ម្យ៉ាងវិញទៀត មាសអាចលក់ចេញទៅទីផ្សារពិភពលោក “Gold is a global market” មានហានិភ័យទាបបំផុត ដូចនេះហើយនៅពេលមានវិបត្តិសេដ្ឋកិច្ច ឬហិរញ្ញវត្ថុផ្សេងៗ មាសដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាតុល្យភាពនៃអតិផរណា។