ឡុងដ៍៖ ចក្រភពអង់គ្លេស បន្ទាប់ពីបានដកខ្លួនចេញពីសហភាពអឺរ៉ុបរួច បានកំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសជាច្រើន។ ជាមួយគ្នានោះដែរ អង់គ្លេស បានព្រមព្រៀងគ្នាជាមួយកាណាដា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម។
ប្រភពព័ត៌មានអន្តរជាតិចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ចក្រភពអង់គ្លេស បានចាប់ដៃគ្នាជាមួយកាណាដា ហើយ ដោយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាបណ្ដោះអាសន្នមួយ ជាមួយនឹងរដ្ឋាភិបាលកាណាដា ដើម្បីធ្វើការរៀបចំ និងចរចា ទៅលើលក្ខខណ្ឌសំខាន់ៗ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងជាផ្លូវការ សម្រាប់ផលប្រយោជន៍នៃសេដ្ឋកិច្ចជាតិ។ ការចាប់ដៃជាមួយកាណាដា នេះនឹងធ្វើឡើងស្របតាមសន្ធិសញ្ញាអន្តរជាតិ ដែលមានរួចជាស្រេចរវាងប្រទេសកាណាដា និងសហភាពអឺរ៉ុប (EU) តែលក្ខខណ្ឌពិសេសជាមួយអង់គ្លេសនៅពេលនេះ គឺជាការចរចារ ក្នុងការចុះកិច្ចព្រមព្រៀងទ្វេភាគី។
ការប្រើប្រាស់សន្ធិសញ្ញាអន្តរជាតិរវាងកាណាដា និងអង់គ្លេស នឹងបញ្ចប់ ពោលគឺនៅពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានឈានដល់លក្ខខណ្ឌដែលបានឯកភាពគ្នានាពេលខាងមុខ។ តាមរយៈលោក Boris Johnson នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា “កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំង ២ គឺដើម្បីធានាទៅដល់ការចរចាលើសេដ្ឋកិច្ចពាណិជ្ជកម្មដល់ប្រទេសអង់គ្លេស។ ហើយចាប់ពីដើមឆ្នាំ ២០២១ ខាងមុខតទៅ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការចាប់ផ្ដើមកិច្ចការងារសំខាន់ ជុំវិញការចរចាលើពាណិជ្ជកម្មជាមួយប្រទេសកាណាដា ហើយអាចនឹងឈានដល់ជំនួបថ្មីៗបន្ថែមទៀត ដើម្បីពិភាក្សាបន្ថែមលើតម្រូវការសេដ្ឋកិច្ច នៃប្រទេសជាតិយើងទាំងពីរ”។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Johnson បានឱ្យដឹងថា លទ្ធភាព ដែលអាចឱ្យចក្រភពអង់គ្លេស ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងប្រទេសជាច្រើននៅទូទាំងពិភពលោក គឺជាផលប្រយោជន៍ដ៏សំខាន់ និងជាមូលហេតុដែលអង់គ្លេស សម្រេចចិត្តចាកចេញពីសហគមន៍អឺរ៉ុប (EU)។ ម្យ៉ាងការចាកចេញនេះ ក៏បានបង្កើតនូវទំហំពាណិជ្ជកម្មជាមួយនឹងប្រទេសធំៗជាច្រើនផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន ជាដើម ដែលអាចប៉ះប៉ូវ លទ្ធផលអវិជ្ជមាន នៅពេលអាមេរិក ស្ថិតក្នុងសមាគមន៍ នៃសហភាពអឺរ៉ុប កាលពីពេលកន្លងទៅ ស្មើនឹងទំហំពាណិជ្ជកម្ម ៤៧% របស់អង់គ្លេសកាលពីឆ្នាំ ២០១៩ កន្លងទៅ។
បច្ចុប្បន្នអង់គ្លេស បានកំពុងធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយកាណាដា ដែលមានទំហំទឹកប្រាក់ស្មើនឹងជាង ២៧ ពាន់លានដុល្លារ។ ពិសេស អង់គ្លេស ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងប្រទេសចំនួន ៥៣ ផ្សេងទៀត ដែលគិតជាទឹកប្រាក់មានដល់ទៅជាង ២១៨ ពាន់លានដុល្លារឯណោះ ដោយចំនួននោះ គឺនៅតិចជាង ១២% បើធៀបទៅនឹងទំហំពាណិជ្ជកម្ម នាឆ្នាំ២០១៩ កន្លងទៅ។ ក្រោយការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស បានចាប់ដៃ សហការណ៍ជាអន្តរជាតិ ជាមួយនឹងបណ្ដាប្រទេសធំៗជាច្រើន ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចរបស់អង់គ្លេស ឱ្យកាន់តែប្រសើរឡើង ជាជាងការប្រតិបត្តិតាមលក្ខខណ្ឌនៃសហភាពអឺរ៉ុប កាលពីពេលកន្លងទៅ៕