បឹងកន្សែង មានទំហំជិត ១៩ ហិកតា និងដីគោកជុំវិញបឹងជាង ៥ ហិកតា ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី ត្រូវបានរដ្ឋបាលខេត្តរតនគិរី ប្រកាសអភិវឌ្ឍន៍រៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងឲ្យប្រសើរឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង បម្រើការលំហែកាយ និងទាក់ទាញភ្ញៀវទេសចរផងដែរ។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យពីផលប៉ះពាល់លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងកន្សែងនេះ ហើយជាលទ្ធផលមានពលរដ្ឋចំនួន ៤៥ គ្រួសារ ដែលត្រូវបានប៉ះពាល់ក្នុងគម្រោងនេះ ក្នុងកម្រិតជាក់ស្ដែង ប៉ះរបង តូបលក់ដូរ និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ ក្នុងនោះមានពលរដ្ឋ ៤៤ គ្រួសារបានសាទរ និងព្រមសហការ ស្ម័គ្រចិត្តរុះរើសំណង់តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់េហដ្ឋារចនាសម្ព័ន្ធ។ ខណៈដែលម្ចាស់សណ្ឋាគារ ទែរ៉ូ បានជំទាស់មិនព្រមសហការជាមួយអាជ្ញាធរ និងកំពុងដោះស្រាយ។
យោងតាមផែនទីគម្រូនៃគម្រោង រដ្ឋបាលខេត្តរតនគិរី គ្រោងនឹងសាងសង់អគាររដ្ឋបាល និងមហោស្រព សារមន្ទីរ សាលតាំងពិព័ណ៌ ចំណតរថយន្ដ ផ្លូវយានយន្ដនិងសម្រាប់ថ្មើរជើងជុំវិញបឹង សួនច្បារ ព្រមទាំងកោះសម្រាប់ជាជម្រកសត្វស្លាបនៅកណ្ដាលបឹងផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា គម្រោងនេះនឹងធ្វើការកែប្រែមុខមាត់ថ្មីរបស់បឹងកន្សែង ទៅជាបឹងទេសចរណ៍ដ៏សំខាន់មួយសម្រាប់ខេត្តរតនគិរី សម្រាប់បម្រើដល់ការលំហែកាយរបស់ប្រជាពលរដ្ឋ ទាក់ទាញទេសចរជាតិនិងអន្តរជាតិ រួមទាំងគម្រោងវិនិយោគផ្សេងៗទៀតកាន់តែច្រើន។
សូមបញ្ជាក់ផងដែរថា បឹងកន្សែងមានផ្ទៃទឹកទំហំ ១៨.៨១ ហិកតា និងផ្ទៃគោកជាង ៥ ហិកតា ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានដើមឈើដុះជុំវិញបឹង ហើយពេលនេះរដ្ឋបាលខេត្ត បានអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ឲ្យបានស្អាតជាមួយបរិយាកាសដ៏ស្រស់ស្រាយ សម្រាប់លើកសោភ័ណភាពក្រុងបានលុង និងបង្កើតកន្លែងលំហែកាយចុងសប្ដាហ៍។