ប្រទេសនូវែលសេឡង់ មានបំណងនឹងបើកទ្វារ ទទួលការមកដល់របស់ អ្នកដំណើរ ឬពលរដ្ឋអូស្រ្តាលីវិញ នៅដើមឆ្នាំ ២០២១

បើយោងតាមនាយករដ្ឋមន្ត្រីរបស់ប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បាននិយាយកាលពីថ្ងៃចន្ទនេះថា នូវែលសេឡង់បានសង្ឃឹមថា នឹងអាចបើកប្រព័ន្ធធ្វើដំណើរបែប Travel Bubble ជាមួយនឹងប្រទេសអូស្ត្រាលីវិញ នៅខែមេសា ឆ្នាំក្រោយនេះ ហើយក៏កំពុងធ្វើការដើម្បីបញ្ចប់ វិធានការណ៍ព្រំដែន ប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលកំពុងតែមានភាពចាំបាច់។

លោកស្រី Ardern បាននិយាយថា ខាងខុទ្ធកាល័យរបស់ប្រទេសនូវែលសេឡង់បានព្រមព្រៀងជាគោលការណ៍មួយ “Principle” ក្នុងការបើកឡើងវិញនូវប្រព័ន្ធធ្វើដំណើរ Trans-Tasman Travel Bubble នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២១ ប្រសិនជាគ្មានការផ្ទុះឡើងនៃវីរុសឡើងវិញ នៅក្នុងប្រទេសទាំងពីរនោះទេ។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា “វាជាចេតនារបស់យើង ក្នុងការដាក់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើម នៃវិធានការណ៍ quarantine-free trans-Tasman travel នៅឆ្នាំថ្មីនេះ នៅពេលព័ត៌មានលម្អិតនៅសល់ ត្រូវបានបិទនៅឡើយ។”

គួររំលឹកផងដែរថា ប្រទេសនូវែលសេឡង់ បានបិទព្រំដែនរបស់ខ្លួន នៅក្នុងខែមីនាហើយចាប់តាំងពីពេលនោះមក ការចូលមកដល់របស់អ្នកដំណើរអន្តរជាតិទាំងអស់ រួមទាំងអូស្រ្តាលីផងនោះ ត្រូវបានតម្រូវឱ្យឆ្លងកាត់វិធានការណ៍ដាក់ឲ្យនៅដាច់ដោយឡែក រយៈពេលពីរសប្តាហ៍។

ប្រទេសនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះការចាត់វិធានការណ៍តឹងរ៉ឹងរបស់ខ្លួនចំពោះកូវីដ-១៩ ដែលបណ្តាលឱ្យមនុស្សចំនួន ២៥ នាក់ប៉ុណ្ណោះបានស្លាប់ នៅក្នុងចំណោមនៃចំនួនប្រជាជន ៥ លាននាក់។

លោកស្រី Ardern បាននិយាយថា លោកស្រីនឹងមិនអនុញ្ញាតឲ្យមានហានិភ័យកើតឡើងនៅក្នុងប្រទេសរបស់លោកស្រីឡើយ ជាពិសេសទៅលើការធ្វើឡើងដើម្បីបើកការធ្វើដំណើរឡើងវិញ ដោយពីមុនមានជម្ងឺរាតត្បាតនេះ ប្រទេសអូស្ត្រាលីគឺជាប្រភពដ៏ធំបំផុតនៃអ្នកទេសចរអន្តរជាតិ របស់នូវែលសេឡង់។

 

លោកស្រីក៏បានបន្តថា ការពិចារណាដ៏សំខាន់មួយ គឺវិធីដើម្បីការពារទីតាំងព្រំដែនដែលអាចនឹងមានភាពកកកុញឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពជាទីបំផុត ដោយបើសិនជាមានករណីវីរុសផ្ទុះឡើងជាថ្មីនោះ នឹងជម្រុញឲ្យពលរដ្ឋនូវែលសេឡង់ជាច្រើនពាន់នាក់ បុកត្រឡប់ចូលមកក្នុងប្រទេសវិញមិនខាន។ ម៉្យាងប្រទេសនេះ ក៏ធ្លាប់ឃើញមានការផ្ទុះឡើងជាច្រើនករណី និងជាច្រើនលើក ពីមុនមករួចហើយដែរ។

“យើងចាំបាច់ត្រូវរៀបចំឱ្យបានត្រឹមត្រូវបំផុត តែយ៉ាងណា យើងនៅតាមការព្រួយបារម្ភផងដែរ ដែលអាចនឹងមានប្រជាជនណូវែលហ្សេឡង់រាប់ពាន់នាក់ ដែលត្រូវបាននាំត្រឡប់ចូលមកក្នុងប្រទេសនូវែលហ្សេឡង់វិញ ដែលនឹងជាចំនួនដ៏ច្រើន ដែលយើងមិនចាំបាច់អាចគ្រប់គ្រង និងរក្សាគំលាតសម្រាប់ពួកគេបានទេ។” លោកស្រីបានលើកឡើង។

គូសបញ្ជាក់ផងដែរថា អូស្រ្តាលីបានអនុញ្ញាតឱ្យមានការធ្វើដំណើរដោយគ្មានការ ដាក់ឲ្យនៅដោយឡែករយៈពេល ២ សប្តាហ៍ សម្រាប់ការមកដល់របស់អ្នកដំណើរ ឬពលរដ្ឋនូវែលសេឡង់ ចាប់តាំងពីខែតុលា ប៉ុន្តែប្រទេសនូវែលសេឡង់មិនបានទទួលយកគោលការណ៍នេះមកវិញទេ ដោយរក្សាការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នារយៈពេល ១៤ ថ្ងៃដដែលសម្រាប់ពលរដ្ឋអូស្ត្រាលី។

 

នៅចុងសប្តាហ៍នេះប្រទេសនូវែលសេឡង់ បានប្រកាសអំពីផែនការស្រដៀងគ្នាសម្រាប់ប្រព័ន្ធធ្វើដំណើរ Travel Bubble ជាមួយកោះ Cook តូចៗ នៅប៉ាស៊ីហ្វិកនៅត្រីមាសទី ១ ឆ្នាំក្រោយនេះ។