ធនាគារពិភពលោក ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ -២% នៅឆ្នាំនេះ នឹងងើបឡើងវិញ ៤% នៅឆ្នាំ២០២១!

ធនាគារពិភពលោក ទើបតែបានចេញនូវរបាយការណ៍ថ្មីមួយឈ្មោះថា Cambodia Economic Update: Restrained Recovery កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ ស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថាសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែមានកំណើនក្នុងរង្វង់ ៧.៧% រយៈពេល ២ ទសវត្សចុងក្រោយនេះ នឹងមានការធ្លាក់ចុះមក -២% ជាលើកដំបូង នៅក្នុងឆ្នាំ២០២០ ដោយសាររងផលប៉ះពាល់ពីវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវិបត្តិនេះបានប៉ះពាល់ទៅដល់ប្រាក់ចំណូលប្រជាជនកម្ពុជាសរុបប្រមាណ ៣៩%។ ប៉ុន្តែគេក៏សង្កេតឃើញភាពប្រសើរឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈលំហូរនៃការវិនិយោគបរទេស (Foreign Direct Investment) និងកំណើនឡើងនៃការនាំចេញក្នុងវិស័យកសិកម្ម ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទៀត កំពុងធ្វើឲ្យសុខភាពសេដ្ឋកិច្ចកម្ពុជា នឹងឃើញសញ្ញាវិជ្ជមានឡើងវិញ ដូចនេះធនាគារពិភពលោកព្យាករណ៍ថា កម្ពុជាអាចមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤% នៅឆ្នាំ២០២១។

នៅក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបំផុតទៅលើវិស័យទេសចរណ៍ មិនខុសពីប្រទេសដទៃទៀតនៅលើសកលលោកឡើយ ដោយអ្នកដំណើរមកពីបរទេសធ្ាលក់ចុះ ៧៤.១% ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ យ៉ាងណាមិញគេសង្កេតឃើញវិស័យទេសចរណ៍ក្នុងស្រុក ក៏បានងើបឡើងវិញច្រើនផងដែរ ជាពិសេសនៅថ្ងៃឈប់សម្រាកនានា។ ដោយឡែកចំពោះវិស័យឧស្សាហកម្មកាត់ដេរ នៅមានភាពស្រពិចស្រពិលនៅឡើយ ប៉ុន្តែឧស្សាហកម្មដែលមានសន្ទុះកើនឡើងក្នុងវិបត្តិកូវីដ-១៩ មានដូចជាការនាំចេញ កង់ គ្រឿងបង្គុំអេឡិចត្រូនិច និងគ្រឿងបន្លាស់យានយន្ដជាដើម ដែលបានជួយយោងទៅវិញទៅមក។ ជារួម ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ គ្រឿងអេឡិចត្រូនិច -ល- មានការធ្លាក់ចុះសរុប -២.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២០។ ចំពោះវិស័យសំណង់ និងអចលទ្រព្យវិញ ភាគច្រើនគឺពឹងផ្អែកលើការវិនិយោគផ្ទាល់ពីបរទេស ហើយជាក់ស្ដែង ការនាំចូលដែកមានការធ្លាក់ចុះ ៤១.៤% និងការនាំចូលស៊ីម៉ង់ធ្លាក់ចុះ ៣៨.១% ក្នុងរយៈពេល៩ ខែឆ្នាំ២០២០។

ដោយឡែកចំពោះផលិតផលកសិកម្មការនាំចេញមានកំណើនឡើងខ្ពស់ ជាក់ស្ដែងរយៈពេល ១១ ខែឆ្នាំ២០២០ ការនាំចេញផលិតផលកសិកម្ម មានកំណើនឡើង ៤៦% ដោយផលិតសកិកម្មនាំចេញសរុបមានចំនួន ៥ លានតោន និងការនាំចេញអង្ករមានចំនះន ៦ សែនតោន កើនឡើង ១៦.៩% ផងដែរ។ 

លោកស្រី Inguna Dobraja អគ្គនាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ច្រើន ជាពិសេសគឺភាពរឹងមាំនៃសេដ្ឋកិច្ច និងអត្រាគ្មានការងារធ្វើ។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺការរៀបចំគោលនយោបាយបន្ទាន់ សម្រាប់ដោះស្រាយវិបត្តិនៃជំងឺកូវីដ-១៩ និងរកដំណោះស្រាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមរយៈការជំរុញគម្រោងវិនិយោគលើកទឹកចិត្ត និងប្រកួតប្រជែង ហើយការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមាន ដូចជាពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP។

របាយការណ៍នេះ ក៏បានបង្ហាញដែរអំពីសារៈសំខាន់ចាំបាច់បំផុតនៃការរៀបចំបង្កើនឲ្យមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយ សម្រាប់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាតាមដាននូវវិស័យដែលងាយរងគ្រោះក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា។ ក្នុងរបាយការណ៍នោះ ក៏មានជំពូកពិសេសមួយផ្ដោតសំខាន់លើការស្ទង់មតិសកម្មភាពធុរកិច្ចកម្ពុជា Cambodia Business Pulse Survey ដែលត្រូវបានធ្វើឡើងសម្រាប់ស្វែងយល់ពីផលប៉ះពាល់កូវីដ-១៩ លើវិស័យធុរកិច្ច។ ការស្ទង់មតិធ្វើការជាមួយក្រុមហ៊ុនជាង ៥០០ ក្រុមហ៊ុនពីខែមិថុនា ដល់ខែកញ្ញាឆ្នាំ២០២០ បានបង្ហាញលទ្ធផលឃើញថា ក្រុមហ៊ុនអាជីវកម្មជាច្រើនបានបើកទ្វារឡើងវិញចាប់ពីខែមិថុនា ប៉ុន្តែការលក់នៅមានកម្រិតទាប ជាពិសេសសម្រាប់អាជីកម្មខ្នាតតូច ខ្នាតមធ្យម និងបណ្ដាក្រុមហ៊ុនជាច្រើននៅខេត្តសៀមរាប។ 

យ៉ាងណាមិញ តាមប្រសាសន៍របស់លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិតសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក៏មានកញ្ចប់ថវិកាសង្គ្រោះដល់អាជីវកម្មខ្នាតតូច មធ្យម SMEs ផងដែរ ដោយរដ្ឋាភិបាលនឹងសិក្សាទៅលើទំហំនៃផលប៉ះពាល់ ព្រមទាំងផ្ដល់កម្ចីដល់សកម្មភាពអាជីវកម្មឲ្យដំណើរការធម្មតា ហើយសង្ឃឹមថានៅឆ្នាំក្រោយ ស្ថានភាពនឹងត្រលប់មកដូចដើមវិញ។