ប្រសិនបើមានអារម្មណ៍ថាជាប់គាំងនៅក្នុងអាជីព ឬការងាររបស់អ្នក គន្លឹះទាំងនេះ អាចជួយអ្នកបាន!



នៅពេលដែលមានអារម្មណ៍ថាជាប់គាំង វាអាចនឹងជាអារម្មណ៍ដែលអាក្រក់បំផុត ដែលអ្នកធ្លាប់បានជួបប្រទះ។ ផ្នែកមួយនៃចិត្តរបស់អ្នក ចង់ឲ្យអ្នកផ្លាស់ប្តូរទៅកាន់អ្វីមួយផ្សេង ចេញពីកន្លែងដែលអ្នកនៅ និងផ្នែកមួយទៀត គឺភ័យខ្លាច ក្នុងការបោះជំហ៊ានបន្ទាប់ ពីព្រោះអ្នកនៅមិនច្បាស់ថា តើវាអាចនឹងនាំជីវិតអ្នកទៅជាយ៉ាងណា ជាពិសេសផ្នែកលុយកាក់ ឬហិរញ្ញវត្ថុរបស់អ្នកពឹងផ្អែកទៅលើជំហ៊ាន និងការសម្រេចរបស់អ្នកទាំងស្រុង។



វាអាចនឹងកាន់តែអាក្រក់ នៅពេលដែលអ្នកបានឃើញមនុស្សនៅជុំវិញខ្លួន សប្បាយចិត្តនឹងធ្វើអ្វីដែលពួកគេកំពុងធ្វើ ទទួលបានការឡើងតំណែង និងចែករំលែកជានិច្ចអំពីភាពរីករាយ និងការងាររបស់ពួកគេ។ អ្នកចាប់ផ្តើមស្តីបន្ទោសខ្លួនឯង និងមានអារម្មណ៍ថា ខ្លួនអ្នកមានកំហុស ដែលមិនសប្បាយចិត្តនឹងទីតាំងដែលអ្នកបានទៅដល់ ទោះបីអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើទៀតក៏ដោយ។

ប៉ុន្តែយ៉ាងណា អ្នកគួរតែគិតថា វាគឺជារឿងធម្មតាទេ ដែលអ្នកមានអារម្មណ៍ជាប់គាំងនៅក្នុងអាជីពការងាររបស់អ្នកបែបនេះ តែក៏អាចជំនួសមកវិញ អាចនឹងជួយឲ្យអ្នកឃើញផ្លូវវាងថ្មី អាចផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក ឲ្យយល់ថានេះក៏ជាឱកាសដ៏ល្អឥតខ្ចោះ សម្រាប់អ្នកដើម្បីរីកចម្រើន និងផ្លាស់ចេញពីទម្លាប់ចាស់របស់អ្នកបាន។ យ៉ាងណា យើងនឹងបង្ហាញប្រិយមិត្តអ្នកអាននូវគន្លឹះ ៥ យ៉ាង ដែលអាចជួយ នៅពេលអ្នកមានអារម្មណ៍ថាមិនស្រួល ឬជាប់គាំងនៅក្នុងអាជីពការងារបច្ចុប្បន្នរបស់អ្នកបាន។



១. ស្គាល់ពីអារម្មណ៍ខ្លួនឯង


ប្រសិនបើអ្នកចង់ផ្លាស់ប្តូរអារម្មណ៍របស់អ្នក ចំណុចដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវដឹងពីអារម្មណ៍របស់ខ្លួនឯងជាមុនសិន។ មនុស្សខ្លះចៀសចេញពីអារម្មណ៍របស់ពួកគេ ពីព្រោះពួកគេមិនចង់ដោះស្រាយជាមួយអារម្មណ៍ទាំងនោះ ឬចំណាយពេលគិត និងមានការសន្ទនាជាមួយខ្លួនឯង។ ប៉ុន្តែទោះបីជាវា មិនស្រួលក្នុងការធ្វើក៏ដោយ ប្រសិនបើអ្នកចង់អភិវឌ្ឍខ្លួន អ្នកចាំបាច់ត្រូវតែធ្វើវា។ អ្នកគប្បី ចំណាយពេលខ្លះសម្រាប់ខ្លួនឯង និងយកកំណត់ហេតុផ្ទាល់ខ្លួនទៅជាមួយ ដូច្នេះអ្នកអាចសរសេរអ្វីគ្រប់យ៉ាង នូវអារម្មណ៍ ឬរឿងរ៉ាវដែលអ្នកកំពុងមាន។ សំណួរខ្លះ ដែលអាចជួយអ្នកបានគឺ៖

- ថ្ងៃនេះខ្ញុំមានអារម្មណ៍យ៉ាងណាជាមួយនឹងអាជីពរបស់ខ្ញុំ?
- តើអ្វីដែលរំខាន ឬប៉ះពាល់ដល់អាជីពរបស់ខ្ញុំ?
- តើខ្ញុំអាចធ្វើអ្វីបានខ្លះ ដើម្បីផ្លាស់ប្តូរអារម្មណ៍ដែលខ្ញុំកំពុងមាន?
- តើខ្ញុំអាចផ្លាស់ប្តូរអ្វីខ្លះ នៅថ្ងៃនេះ?
- តើអ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើប ចំពោះអាជីពរបស់ខ្ញុំ?



២. ទទួលបានយោបល់ ឬការបំផុសគំនិតល្អៗមួយចំនួន


ពេលខ្លះអ្វីដែលអ្នកត្រូវការគឺជារឿងល្អមួយ ដើម្បីផ្លាស់ប្តូរអារម្មណ៍របស់អ្នក។ បុគ្គលជោគជ័យមួយចំនួន ណែនាំអ្នកឱ្យស្តាប់ Podcasts ឬការជជែកយោបល់បែប TED Talks ពីមនុស្សជោគជ័យ ឬបុគ្គលឆ្នើម ដែលធ្វើការ នៅក្នុងឧស្សាហកម្មដែលអ្នកចូលចិត្ត។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកអាចនិយាយជាមួយនរណាម្នាក់ ដែលអ្នកយល់ថាគាត់មានភាពអស្ចារ្យ និងទទួលបានជោគជ័យក្នុងអាជីពស្រដៀងអ្នក សូមធ្វើវា ហើយសួរពួកគាត់ អំពីដំណើរនៃការធ្វើការ និងហ្វិកហាត់របស់គាត់។ 



៣. សាកល្បងអ្វីដែលថ្មី




អ្នកមិនចាំបាច់ចាកចេញពីការងាររបស់អ្នក ឬចេញពីសាលារៀន ដើម្បីធ្វើដូចនេះទេ។ អ្នកអាចចាប់ផ្តើមស្វែងយល់ពីផ្លូវថ្មីរបស់អ្នក ដោយសាកល្បងអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុន បើទោះបីជាវាទាក់ទង ឬមិនទាក់ទងនឹងអាជីពរបស់អ្នក។ ត្រូវប្រាកដថាវាជាអ្វីមួយ ដែលអ្នកចង់ដឹង ចង់ឃើញ ហើយអ្នកចង់រៀនពីដំបូង។ អ្នកអាចជ្រើសរើសមួយ ឬពីរ ពីវគ្គសិក្សាតាមអ៊ិនធើណេតរាប់លាន ហើយប្រសិនបើអ្នកមិនចង់ចំណាយប្រាក់ អ្នកអាចរៀនពីកន្លែងផ្សេងទៀត ដូចជាតាមរយៈ YouTube, Instagram ឬសូម្បីតែក្នុង TikTok ក៏អាចរៀនបានដែរ។



៤. ធ្វើការដោយខ្លួនឯង សម្រាប់យីហោខ្លួ​នឯង



តើអ្នកដឹងទេថា វាមានសារៈសំខាន់ប៉ុណ្ណា ដែលមានយីហោផ្ទាល់ខ្លួននៅពេលនិយាយអំពីអាជីពរបស់អ្នក? មិនមែនគ្រប់គ្នា សុទ្ធតែដឹងរឿងនេះទេ ប៉ុន្តែវិធីដែលអ្នកធ្វើទីផ្សារដោយខ្លួនឯង អាចធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងឱកាសដែលអ្នកទទួលបាន។ ធ្វើការស្រាវជ្រាវខ្លះ ស្គាល់ខ្លួនឯងឲ្យបានច្បាស់ និងចែករំលែកពីខ្លួនអ្នក ជាមួយពិភពលោក។ អ្នកអាចធ្វើវាបាន ដោយការធ្វើបច្ចុប្បន្នភាពប្រវត្តិរូបនៅលើ LinkedIn របស់អ្នក គេហទំព័រ ឬបណ្តាញសង្គមរបស់អ្នក រួមទាំង Instagram និង Twitter ផងដែរ។ លើសពីនេះ អ្នកក៏អាចចាប់ផ្តើមផ្លាស់ប្តូររូបថតនៅលើ Profile ផ្លាស់ប្តូរ Bio របស់អ្នក និងបង្កើតអ្វីមួយដែលអ្នកមានមោទនភាពក្នុងការបង្កើតវា។ 



៥. ត្រូវយល់ថា អារម្មណ៍ជាប់គាំង នឹងមិនមានជារៀងរហូតទេ


ដូចអ្វីៗទាំងអស់ក្នុងជីវិតដែរ រឿងនេះ អារម្មណ៍បែបនេះ នឹងមិនមានជារៀងរហូតទេ ហើយនៅពេលដែលអ្នកសម្រេចចិត្ត ផ្លាស់ប្តូរអ្វី ដែលធ្វើអោយអ្នកមានអារម្មណ៍មិនស្រួល អ្នកនឹងដឹងថា តើអ្វីគ្រប់យ៉ាងនឹងចាប់ផ្តើមធ្លាក់ចុះយ៉ាងដូចម្តេច? ហើយអ្នកនឹងទៅដល់កម្រិតណាមួយ នៃជីវិតរបស់អ្នក ដែលអ្នកចង់ទៅដល់ដោយរបៀបណា? ចាប់យកឱកាសដែលអ្នកកំពុងស្ថិតនៅ កុំបន្ទោសខ្លួនឯង និងរកអ្វីដែលល្អ ដែលអ្នកកំពុងតែមាន។