នៅលើពិភពលោកយើងនេះ មានរដ្ឋអធិបតេយ្យភាពសរុបចំនួន ១៩៥ ប្រទេសបើយោងតាមអង្គការសហប្រជាជាតិ និងមានចំនួនប្រជាជនសរុបប្រមាណ ៧.៥ ពាន់លាននាក់។ ចំពោះប្រទេសធំៗយើងអាចងាយសម្គាល់និងងាយរកឃើញភ្លាមៗនៅលើក្រដាសផែនទី ដូចជាប្រទេសរុស្ស៊ី សហរដ្ឋអាមេរិច កាណាដា ចិន ឥណ្ឌា និងអូស្ត្រាលីជាដើម ប៉ុន្តែខាងក្រោមនេះគឺជាប្រទេសតូចៗទាំង ១០ ដែលយើងមិនងាយនឹងបានឃើញនៅលើផែនទី ហើយស្ទើតែមិនធ្លាប់ស្គាល់ ពីមុនមក។
១. បុរីវ៉ាទីកង់
បុរីរដ្ឋវ៉ាទីកង់ ជារដ្ឋអធិបតេយ្យតូចជាងបំផុតលើលោក ដែលមានផ្ទៃដីសរុបត្រឹមតែ ៤៤ ហិកតា និងចំនួនប្រជាជនប្រមាណ ១,០០០ នាក់ ស្ថិតនៅព័ទ្ធជុំវិញដោយទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ បុរីរដ្ឋនេះមានទំហំតូចមែន ប៉ុន្តែល្បីល្បាញនិងជារដ្ឋអ្នកមានបំផុតមួយ ដោយទីក្រុងនោះជាទីតាំងធំនៃព្រះវិហាររ៉ូម៉ាំងកាតូលិក នៅលើពិភពលោក និងមានសារមន្ទីរវ៉ាទីកង់ ដែលសិល្បៈថ្លៃៗជាងគេបំផុតលើលោក។ រដ្ឋបុរីនេះ ត្រូវបានគ្រប់គ្រងប្រព័ន្ធនយោបាយ សាសនា ដោយព្រះវិហារកាតូលិកវ៉ាទីកង់ ដឹកនាំដោយសម្តេចប៉ាប។
២. បុរីម៉ូណាកូ
បុរីក្សត្រម៉ូណាកូ ស្ថិតនៅតំបន់ French Riviera ឈូងសមុទ្រ មេឌីទែរ៉ានេ ប្រទេសបារាំង ដែលមានផ្ទៃក្រឡាសរុបប្រមាណ ២ គីឡូម៉ែត្រការ៉េ ប៉ុន្តែជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតបំផុត សម្បូរទៅដោយកន្លែងទេសចរណ៍ ដូចជារាជវាំង ព្រះវិហារ ឧទ្យាន សារៈមន្ទីរ និងកាស៊ីណូ។ បុរីក្សត្រម៉ូណាកូ ជាប្រទេសអ្នកមាន ដែលមានចំនួនប្រជាជនសរុបជិត ៤ ម៉ឺននាក់ និងផលិតផលក្នុងស្រុកសរុបជាង ៧ ពាន់លានដុល្លារ។
៣. ប្រទេស Tuvalu
ប្រទេស Tuvalu ជាទីប្រជុំកោះតូចៗចំនួន ៦ នៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិច ស្ថិតនៅចន្លោះប្រហែលគ្នារវាងរដ្ឋ Queensland អូស្ត្រាលី ទៅកោះហាវ៉ៃ ហើយវាទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរមកក្រេបរាត្រីទឹកឃ្មុំ ផ្នែកអេកូទេសចរណ៍ និងនាវាទេសចរណ៍ -ល-។ ប្រទេសនេះ មានផ្ទៃដីសរុប ២៦ គីឡូម៉ែត្រការ៉េ និងប្រជាជន ១១ ពាន់នាក់។
៤. សាធារណរដ្ឋសានម៉ារីណូ
ចាប់ផ្ដើមពីឆ្នាំ ៣០១ សាធារណរដ្ឋសានម៉ារីណូ ត្រូវបានព័ទ្ធជុំវិញដោយប្រទេសអ៊ីតាលី ជារដ្ឋអធិបតេយ្យ មានឯករាជ្យចំណាស់ជាងគេបំផុត សម្បូរទៅដោយព្រះវិហារ និងប្រាសាទចាស់ៗ ដែលជាទីក្រុងបេតិកភណ្ឌពិភពលោក ត្រូវបានអភិរក្សដោយអង្គការយូនេស្កូ។ សាធារណរដ្ឋសានម៉ារីណូ មានផ្ទៃដីសរុប ៦១.២ គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជន ៣៣ ពាន់នាក់។
៥. បុរី Liechtenstein
បុរីរដ្ឋ Liechtenstein ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងប្រទេសអូទ្រីស និងប្រទេសស្វីស ដែលលាតសន្ទឹង ២៥ គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១៦០ គីឡូម៉ែត្រការ៉េ ប្រជាជនសរុប ៣៨ ពាន់នាក់។ រដ្ឋមួយនេះ ស្ថិតនៅជ្រលងភ្នំ Rhine មានទេសភាពស្រស់ស្អាតពិសេសសម្រាប់ទាក់ទាញទេសចរមកជិះស្គី ឡើងភ្នំ និងជិះកង់ -ល- រដ្ឋ Liechtenstein ប្រើប្រាស់រូបិយប័ណ្ណប្រទេសស្វីស និងប្រើប្រាស់ភាសាអាល្លឺម៉ង់ជាផ្លូវការ។
៦. សាធារណរដ្ឋ Marshall Islands
ក្នុងសម័យសង្គ្រាមលោកលើកទី ២ តំបន់កោះ Marshall Islands ជាមូលដ្ឋានដែលគេបានសំណតនាវាចម្បាំង ដឹកជញ្ជូនអាវុធ និងមូលដ្ឋានធ្វើតេស្ដគ្រាប់បែក atom-bomb ដោយសារកោះនេះស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិច ចន្លោះពីប្រទេសហ្វីលីពីន និងរដ្ឋហាវ៉ៃ។ សាធារណរដ្ឋ Marshall Islands ជាប្រទេសស្រស់ស្អាតសម្បូរទៅដោយធនធានសមុទ្រផ្កាថ្ម និងភ្នំភ្លើង ទទួលបានឯករាជ្យពីសហរដ្ឋអាមេរិចនៅឆ្នាំ១៩៧៩ មានផ្ទៃដីសរុប ១៨១ គីឡូម៉ែត្រការ៉េ និងប្រជាជនសរុប ៥៨ ពាន់នាក់។
៧. សាធារណរដ្ឋ Nauru
រដ្ឋ Nauru ស្ថិតនៅទ្វីបអូសេអានី ភាគឦសាននៃប្រទេសអូស្ត្រាលី ដែលមានផ្ទៃកោះជារង្វង់មូល សម្បូរទៅដោយធនធានធម្មជាតិសមុទ្រ គិតចាប់ពីវាលខ្សាច់ ទៅដល់ធនធាននៅបាតសមុទ្រ យ៉ាងណាមិញប្រទេសមិនមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើង ដោយសារតែមានចំនួនប្រជាជនតូច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតិចតួច មិនសូវមានគម្រោងវិនិយោគណាចាប់អារម្មណ៍ឡើយ។ ប្រទេសនេះ មានផ្ទៃក្រឡា ២១ គីឡូម៉ែត្រការ៉េ និងប្រជាជនសរុប ១២,០០០ នាក់។
៨. សហរដ្ឋ Saint Kitts និង Nevis
រដ្ឋទាំង ២ គឺជាកោះ ២ ជាប់គ្នាស្ថិតនៅក្នុងសមុទ្រអាត្លង់ទិច និងឈូងសមុទ្រ Caribbean ទ្វីបអាមេរិច គេអោយឈ្មោះថា St Kitts and Nevis សម្បូរទៅដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ស្អាតទាំងដំណើរកម្សាន្ដភ្នំ ភ្នំភ្លើង សមុទ្រ ឆ្នេរ បឹង ព្រៃត្រូពិក ធនធានបាតសមុទ្រ រួមបញ្ជូលគ្នា។ រដ្ឋទាំង ២ នេះមានផ្ទៃដីសរុប ២៦១ គីឡូម៉ែត្រការ៉េ និងប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ជាង ៥២ ពាន់នាក់។
៩. សាធារណរដ្ឋម៉ាល់ឌីវ
សាធារណរដ្ឋម៉ាល់ឌីវ ជាប្រទេសតូចជាងគេបំផុតនៅអាស៊ី ទាំងផ្ទៃដី និងចំនួនប្រជាជន ស្ថិតនៅមហាសមុទ្រឥណ្ឌា មានភាពល្បីល្បាញដោយសម្រស់ធម្មជាតិរបស់វា ដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើន មកកម្សាន្ដមុជទៅបាតសមុទ្រ ឆ្នេរខ្សាច់ស្រស់ស្អាត និងមានការវិនិយោគរីសតថ្លៃៗជាច្រើន។ ម៉ាល់ឌីវ មានផ្ទៃដីសរុបចំនួន ៣០០ គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ៥១៥ ពាន់នាក់។
១០. សាធារណរដ្ឋ MALTA
ប្រទេស Malta ជាទីប្រជុំកោះនៅក្នុងសមុទ្រមេឌីទែរ៉ានេ ក្នុងទ្វីបអឺរ៉ុប ដែលមានភាពល្បីល្បាញក្នុងប្រវត្តិសាស្ត្រ ដោយសារតែជាដើមកំណើតរបស់មានមេដឹកនាំ Moors នៃចក្រភពរ៉ូម៉ាំង និងមានព្រះវិហារ និងសំណង់តាំងពីជាង ៣ ពាន់ឆ្នាំមុន។ ទីក្រុងនេះ ត្រូវបានអភិរក្សជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ប្រទេសនេះមានផ្ទៃដីសរុប ៣១៦ គីឡូម៉ែត្រការ៉េ និងប្រជាជនជិត ៥ សែននាក់។