ប្រសិនបើអ្នកនិយមដើរទិញទំនិញតាមផ្សារទំនើប នោះប្រហែលជាអ្នកទៅកាន់ទីក្រុងបាងកក ប្រទេសថៃញឹកញ៉ាប់ជាមិនខាន។ ជាការពិតដែលទីក្រុងបាងកក សម្បូរទៅដោយផ្សារទំនើបធំៗនិងទំនិញយីហោល្បីៗនៅលើពិភពលោកទាក់ទាញភ្ញៀវទេសចរមកដើរផ្សារទំនើបរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយ ICONSIAM ជាមជ្ឈមណ្ឌល shopping mall ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍សូម្បីតែ Apple Store ក៏បានបើកដំណើរការសាខាទី២ របស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍នៅ ICONSIAM ក្នុងទីក្រុងបាងកក បន្ទាប់ពីទីក្រុងសិង្ហបុរីផងដែរ។

ICONSIAM ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាគម្រោងប្រើប្រាស់មជ្ឈមណ្ឌលចម្រុះ រួមមានទាំងផ្សារទំនើប សណ្ឋាគារ និងខុនដូ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Siam Piwat Group ក្នុងទឹកប្រាក់ប្រមាណ ១,៥០០ លានដុល្លារ សហការដោយក្រុមហ៊ុន MQDC Magnolia Quality Development និងក្រុមហ៊ុន Charoen Pokphand Group។ គម្រោងនេះ ផ្សារទំនើប ICONSIAM និង ICONLuxe មានទំហំ ៥២៥,០០០ ម៉ែត្រការ៉េ សាងសង់នៅមុខទន្លេចៅពញា (Chao Phraya River) មានកម្ពស់ ១០ ជាន់ មានរចនាបថជាក្រទង (ប្រទីប) បណ្ដែតនៅមុខទន្លេរ រចនាដោយក្រុមហ៊ុន Urban Architect Co., Ltd ចំណែកនៅក្បែរនោះគឺជាអគារ Mandarin Oriental Residences កម្ពស់ ៥២ ជាន់ និងអគារ Magnolias Waterfront Residences កម្ពស់ ៧០ ជាន់។

នៅក្នុងមជ្ឈមណ្ឌលទិញទំនិញ ICONSIAM រួមមាន៖
• យីហោរផ្សារទំនើប Siam Takashimaya ដំបូងបង្អស់នៅប្រទេសថៃ
• Apple Store ដំបូងបង្អស់នៅប្រទេសថៃ
• ផ្សារទំនើប Dear Tummy
• យីហោផ្សារម៉ាត 7-Eleven
• ផ្សារបណ្ដែតទឹក Sook Siam នៅក្នុងគម្រោង
• សាលពិព័ណ៌និងមហោស្រព True ICON Hall មានទំហំ ៣,០០០ កៅអី
• រោងភាពយន្ដ Major Cineplex ចំនួន ១៤ សាល
• ចំណតយានយន្ដចំនួន ៥,០០០ រថយន្ដ
• បណ្ដុំភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងកន្លែងកម្សាន្ដជាច្រើនទៀត។

គម្រោងមជ្ឈមណ្ឌលទិញទំនិញ ICONSIAM ត្រូវបានរដ្ឋាភិបាលថៃ តភ្ជាប់នូវមធ្យោបាយដឹកជញ្ជូនសំខាន់ដើម្បបង្ករភាពងាយស្រួល ជាក់ស្ដែងគេអាចធ្វើដំណើរមកតាមរយៈរថយន្ដតាក់ស៊ីដោយមានស្ថានីយចំណត ឬអាចតាមនាវាទេសចរណ៍ តាមចំណតកំពង់ផែទន្លេពញានោះ ហើយនៅខែធ្នូ ចុងឆ្នាំ២០២០ គេទើបតែបានតភ្ជាប់រថភ្លើង BTS ពីស្ថានីយ៍ Krung Thon Buri Station មកកាន់ស្ថានីយ៍ Charoen Nakhon Station តាមខ្សែរថភ្លើង APM Gold Line មកដល់គម្រោង ICONSIAM តែម្ដង។

មជ្ឈមណ្ឌលផ្សារទំនើប ICONSIAM ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលដើរទិញទំនិញធំជាងគេបំផុតនៅអាស៊ាន និងធំបំផុតមួយនៅទ្វីបអាស៊ីទាំងមូល ដែលបានទាក់ទាញភ្ញៀវទេសចរប្រមាណ ១៥០,០០០ នាក់ក្នុងមួយថ្ងៃមកពីជុំវិញពិភពលោក និងបង្កើតការងារដល់ប្រជាជនក្នុងស្រុបប្រមាណ ៣០០,០០០ កន្លែង។
