រឿងល្អៗ ៦ យ៉ាងដែលគួរធ្វើក្រោយម៉ោង ៦ ល្ងាច ដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរ

បុគ្គលជោគជ័យល្បីៗ ឬសហគ្រិនធំៗតែងតែមានទម្លាប់របស់ពួកគេ ដែល តែងតែធ្វើជាប្រចាំ ទៅតាមពេលវេលានីមួយៗ ដែលមានដូចជាពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬសូម្បីតែមុនពេលចូលគេង។ បុគ្គលទាំងនោះ មិនដែលចំណាយពេលវេលារបស់ពួកគេ ដោយគ្មានប្រយោជន៍ និងខ្ជះខ្ជាយឡើយ គេប្រដូចពេលវេលា ទៅនឹងវត្ថុដែលមានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន។ 

ជាជ្រុងមួយផ្នែកតូច នៅក្នុងទម្លាប់ដ៏មានប្រយោជន៍របស់ បុគ្គលល្បីៗទាំងនោះ សម្រាប់អត្ថបទនេះ ក្រុមការងារយើង នឹងលើកយកចំណុចល្អៗ ៦ យ៉ាង បន្ទាប់ពីម៉ោង ៦ ល្ងាចរបស់ពួកគេ មកបង្ហាញ ហើយប្រិយមិត្តអ្នកអានក៏គួរតែអនុវត្តតាម ដើម្បីធ្វើឲ្យជីវិតរបស់អ្នក កាន់តែប្រសើរ។  

១. អានសៀវភៅ ដើម្បីពង្រឹងផ្លូវចិត្ត និងធ្វើឲ្យអារម្មណ៍រីករាយ

លោក Richard Steele បានមានប្រសាសន៍ថា “ការអានគឺជាលំហាត់ប្រាណរបស់អារម្មណ៍ ដូចទៅនឹងរាងកាយដែរ។” តាមរយៈការអាន អ្នកអាចលាតត្រដាងខ្លួនអ្នក នូវរបស់ថ្មី គំរូគោលការណ៍ វិធីថ្មី ដើម្បីដោះស្រាយបញ្ហា និងមធ្យោបាយថ្មីៗ ដើម្បីសំរេចគោលដៅរបស់អ្នក។ ការអាន បង្កើនការយល់ដឹងរបស់អ្នកអំពីច្បាប់នៃជីវិត ក៏ដូចជាចំណេះដឹងថ្មី អាចជួយអ្នកក្នុងការសម្របខ្លួន ទទួលយក និងកាន់តែមានភាពងាយស្រួល ក្នុងការទម្លាប់ខ្លួន ទៅក្នុងសង្គមនាពេលបច្ចុប្បន្ន។

ការអាន ដើម្បីភាពសប្បាយរីករាយ លើកកម្ពស់វឌ្ឍនភាពនៃការយល់ដឹងនិងប្រាជ្ញាផងដែរ។ បើយោងតាម The Reading Agency បាននិយាយថា “ការអាន ដើម្បីភាពរីករាយ អាចបណ្តាលឱ្យមានការយល់ពីខ្លួនឯងកាន់តែខ្លាំង  បង្កើនទំនាក់ទំនងជាមួយអ្នកដទៃ ការថយចុះរោគសញ្ញានៃជម្ងឺធ្លាក់ទឹកចិត្ត និងជម្ងឺវង្វេងវង្វាន់ ក៏ដូចជាបង្កើនសុខុមាលភាព។” 

ដោយឡែក Pam Allyn បាននិយាយថា “ការអានមិនត្រឹមតែបង្កើនចំណេះដឹង និងភាពវៃឆ្លាតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្លាស់ប្តូរការយល់ឃើញរបស់អ្នក និងកែលម្អទស្សនៈ របស់អ្នកផងដែរ។” សូម្បីតែអ្នកមានពេលត្រឹម ៣០ នាទីរាល់យប់ អ្នកក៏អាចអានត្រឹមពីរបីទំព័រ ឬពីរបីជំពូក នៃសៀវភៅណាមួយ ដែលអ្នកចូលចិត្ត។

២. ស្វែងរកផ្នែកណាមួយនៃការងារដែលអ្នកកំពុងធ្វើ ហើយពាក់ព័ន្ធនឹងផ្នត់គំនិត ឬអ្វីដែលអ្នកចូលចិត្ត

ការចាប់ផ្តើមក្នុងការធ្វើ ឬបង្កើតអ្វីមួយ ឲ្យបានជាប់លាប់ នឹងផ្តល់ឲ្យអ្នកនូវអានុភាព ដែលអាចឲ្យអ្នកយល់បានកាន់តែច្បាស់រាល់ការងារ និងមានភាពលេចធ្លោ នៅក្នុងការិយាល័យផងដែរ។ ជម្រើសព្យាយាមស្វែងយល់ ឬធ្វើការបន្ថែមទៅលើគម្រោងនិងការងារដែលអ្នកពេញចិត្ត មិនត្រឹមតែជួយបង្កើនភាពស្អាតស្អំរបស់អ្នកប៉ុណ្ណោះទេ វានឹងផ្តល់មតិស្ថាបនា ទៅលើការងារប្រចាំថ្ងៃរបស់អ្នក ហើយអាចធ្វើឱ្យអ្នកកាន់តែមានផលិតភាពជាងមុន។

ការស្វះស្វែងយល់ពីអ្វីមួយ ឬចាប់ផ្តើមបំបែកផ្នែកទាំងនោះឲ្យតូចៗ ជារៀងរាល់ថ្ងៃ អាចនឹងចាប់ផ្តើមផ្លាស់ប្តូរគម្រោងការងារប្រចាំថ្ងៃរបស់អ្នក ឲ្យក្លាយជាការងារដែលអ្នកពេញចិត្ត ត្រូវនឹងផ្នត់គំនិតរបស់អ្នក បានយ៉ាងងាយស្រួល ដូចជា ការសរសេរសៀវភៅ ចាប់ផ្តើមអាជីវកម្មតូចៗតាមអ៊ិនធឺរណែត រៀនឌីហ្សាញ និងរៀនសរសេរកូដជាដើម។ វាអាចនឹងមិនគ្រប់គ្រាន់ទេ ត្រឹមតែការមកធ្វើការឱ្យបានទាន់ពេលវេលា ហើយធ្វើការងារបានល្អនោះ អ្នកត្រូវបណ្ដុះចំណង់ចំណូលចិត្ត ដើម្បីបង្កើនភាពប្រសើរឡើងនៃជីវិតរបស់អ្នក។ អ្នកក៏អាចរកលុយបានពីគម្រោងចំណូលចិត្ត ឬការងារបន្ថែមតូចៗរបស់អ្នកទាំងនោះផងដែរ។

៣. ស្វែងយល់បន្ថែម អំពីប្រធានបទ ឬផ្នែកណាមួយដែលអ្នកចង់ដឹង

អ្នកអាចចាប់ផ្តើមអនុវត្ត ឬហ្វឹកហាត់ចម្ងល់ ឬការចង់ដឹងរបស់អ្នកបន្ទាប់ពីធ្វើការរួច។ ជំនាញ គំនិត វប្បធម៌ និងមតិខុសៗគ្នា អាចមានឥទ្ធិពលវិជ្ជមានលើទស្សនៈផ្ទាល់ខ្លួនរបស់អ្នក អំពីពិភពលោក។ ការទទួលបាននូវជំនាញថ្មីៗ និងការទទួលបានចំណេះដឹងជាមូលដ្ឋានបន្ថែមជារៀងរាល់ថ្ងៃ គឺជាវិធីដែលអាចបង្ហាញពីអាជីពរបស់អ្នក ទៅកាន់កម្រិតបន្ទាប់ និងបង្កើនការគោរពខ្លួនឯង។

តួយ៉ាងដូចជា វគ្គសិក្សាសរសេរអក្សរផ្ចង់របស់ Steve Jobs នៅមហាវិទ្យាល័យ បានជួយបង្កើត Mac ដំបូងគេ។ នៅក្នុងសុន្ទរកថាចាប់ផ្តើមកាលពីឆ្នាំ ២០០៥ ដ៏ល្បីល្បាញរបស់គាត់ សម្រាប់សាកលវិទ្យាល័យ Stanford លោក Jobs បាននិយាយថា “ប្រសិនបើខ្ញុំមិនធ្លាប់រៀនអក្សរផ្ចង់ នៅមហាវិទ្យាល័យទេ Mac នឹងមិនដែលមានហ្វុនអក្សរច្រើនប្រភេទ ឬចន្លោះអក្សរតូចទេ។”

អ្នកមិនដឹងថាអ្វីមួយ ដែលអាចនឹងមានប្រយោជន៍ ក្នុងពេលខាងមុខឡើយ។  ព្យាយាមរៀនអ្វី ដែលថ្មី ដែលអ្នកតែងតែចង់រៀន។ វាអាចភ្ជាប់ជាមួយជំនាញដែលនៅសល់របស់អ្នក នាពេលអនាគត។ អ្នកអាចចាប់យកវគ្គសិក្សាតាមអ៊ិនធើណេត ដែលអាចជួយអ្នកចាប់ផ្តើមគម្រោង ដែលអ្នកចូលចិត្ត។

៤. ជ្រើសវគ្គសិក្សាណាមួយ នៅក្នុងដែនផ្សេងពីអ្វីដែលអ្នកកំពុងធ្វើ

លោក Benjamin Franklin ម្តងនោះធ្លាប់មានប្រសាសន៍ថា “ការវិនិយោគលើចំណេះដឹង តែងតែទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុត។” ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ដឹងកាន់តែច្បាស់ អំពីប្រធានបទជាក់លាក់មួយ នៅក្នុងដែនខុសគ្នា ប៉ុន្តែមិនដែលរៀនអំពីវា អ្នកអាចឆ្លៀតពេល នៅពេលល្ងាចដើម្បីរៀនវាបាន។ អ្វីក៏ដោយ នៅក្នុងផ្លូវជីវិតរបស់អ្នក ការប្តេជ្ញាចិត្តរៀនជំនាញថ្មីទាំងស្រុង នៅក្រៅដែននៃការងារ ឬដែនដែលអ្នកមិនធ្លាប់បានចូលពីមុនមក អ្នកអាចជម្រុញអាជីពរបស់អ្នក និងជួយអ្នកឱ្យកាន់តែប្រសើរឡើង។

វគ្គសិក្សាជាច្រើន (Courses) គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីទទួលបានចំណេះដឹងនិងជំនាញថ្មីៗ។ អ្នកអាចទទួលយកវគ្គសិក្សាពេញលេញផ្នែកសរសេរកូដកម្មវិធី ចិត្តវិទ្យា សេដ្ឋកិច្ច ការចរចា ភាពជាសហគ្រិន តន្ត្រី និងអ្វីៗជាច្រើនទៀត ទាំងអស់នេះអាចរៀនបានដោយផ្ទាល់ ចេញពីគេហដ្ឋានដ៏មានផាសុកភាពរបស់អ្នក តាមរយៈអ៊ិនធើណេត។

៥. ជ្រើសរើសទម្លាប់ប្លែកៗណាមួយ ដែលនឹងបង្វិកអ្នកឲ្យកាន់តែប្រសើរនៅក្នុងជំនាញគោលរបស់អ្នក

ក្រៅពីចំណង់ចំណូលចិត្តធម្មតា ដែលអ្នកជ្រើសរើស ក្នុងការធ្វើក្រៅពីម៉ោងការងារ តើមានអ្វីថ្មី និងប្លែកដែលអាចប្រឈមនឹងផ្នត់គំនិត ឬចំណេះដឹងរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកជាអ្នករចនាគេហទំព័រ (Web Designer) អ្នកអាចរៀនពីរបៀបគូររូបដែរទេ? អ្នកនិពន្ធ ឬសរសេរអត្ថបទ អាចចាប់ផ្តើមវគ្គថតរូបឌីជីថលដោយខ្លួនឯង ដើម្បីទទួលបានរូបភាពស្អាតៗ ដាក់បញ្ចូលទៅក្នុងអត្ថបទដែរទេ?។ អ្នកសរសេរកម្មវិធី អាចរៀនពីរបៀបគូររូបឬប្លង់បន្ថែម ដើម្បីបន្ថែមចូលទៅក្នុងកម្មវិធីដែរទេ?

អ្នកក៏អាចជ្រើសរើសយកវគ្គរៀនគូររូប ឬគូរប្លង់បន្ថែម នៅក្នុងពេលទំនេររបស់អ្នក ឬជំនាញផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការងាររបស់អ្នក។ វាអាចនឹងពាក់ព័ន្ធ និងធ្វើឲ្យអ្នកឈឺក្បាលខ្លាំង បើសិនជាចាប់រៀនជំនាញ ឬធ្វើអ្វីមួយដែលអ្នកមិនពេញចិត្ត និងមិនធម្មតាសម្រាប់អ្នក យ៉ាងណាបើសិនជាអ្នកព្យាយាមធ្វើវា ឬអាចចាប់ផ្តើមសម្រេចវា បានពីមួយជំហ៊ានទៅមួយជំហ៊ានទៀត វាក៏អាចនឹងជាគន្លឹះក្នុងការបន្ធូរអារម្មណ៍ ភាពតានតឹងរបស់អ្នកទៅវិញ ហើយវាក៏ប្រៀបបានទៅនឹង លំហាត់ប្រាណនៃប្រព័ន្ធប្រសាទរបស់អ្នកផងដែរ បើយោងទៅតាមវេជ្ជបណ្ឌិត Lawrence Katz។ លំហាត់ប្រាណនៃប្រព័ន្ធប្រសាទ អាចនឹងជួយមនុស្សក្នុងការទប់ស្កាត់ការថយចុះការយល់ដឹង និងបង្កើនការចងចាំផងដែរ។

៦. កសាងទំនាក់ទំនងពិតប្រាកដ និងកាន់តែស៊ីជម្រៅជាមួយមនុស្សជុំវិញខ្លួន

លោក Thomas Jefferson ដែលជាបុគ្គលល្បីល្បាញក្នុងកម្មវិធីជប់លៀង នៃអាហារពេលល្ងាចរបស់គាត់ (Legendary dinner parties) ដែលគាត់បានអញ្ជើញមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាមកចូលរួមញ៉ាំអាហារជាមួយគាត់ ហើយបន្ទាប់មកសួរសំណួរទស្សនវិជ្ជា យ៉ាងជ្រាលជ្រៅសម្រាប់អ្នករាល់គ្នានៅតុតែម្តង។ គាត់បានលើកឡើងថា “ខ្ញុំមិនដែលគិតពីកត្តាភាពខុសគ្នានៃគំនិតនៅក្នុងនយោបាយ សាសនា និងទស្សនវិជ្ជា អាចជាមូលហេតុនៃការដកខ្លួនចេញពីមិត្តភក្តិឡើយ។”

Jefferson បានយល់ពីតម្លៃនៃការកសាងទំនាក់ទំនងពិត និងរៀនសូត្រពីអ្នកដទៃ។ អ្នកប្រហែលជាមិនអាចជួបមនុស្សទល់មុខគ្នា ក្នុងគ្រាប្រកួតប្រជែងទាំងនេះទេ ប៉ុន្តែអ្នកនៅតែអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងមានការសន្ទនាដែលស៊ីជម្រៅ ជាងការពិភាក្សាតូចៗទៅទៀត។ ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ក៏មានអត្ថប្រយោជន៍ច្រើនជាងនេះដែរ។ មនុស្សដែលមានទំនាក់ទំនងរឹងមាំ និងជាទំនាក់ទំនងដែលមានសុខភាពល្អ ទំនងជាមិនមានអារម្មណ៍តានតឹង ដោយសារស្ថានភាពពិបាក ឬប្រកួតប្រជែងគ្នាទេ។

វេជ្ជបណ្ឌិត Emma Seppala នៃ Stanford Medicine បានពន្យល់ថា “ការផ្សាភ្ជាប់គ្នារវាងមនុស្សនៅក្នុងសង្គម បង្កើតនូវការផ្តល់យោបល់វិជ្ជមាន នៃសុខុមាលភាពសង្គម អារម្មណ៍ និងរាងកាយ។” មនុស្សដែលអ្នកជ្រើសរើសនៅជុំវិញខ្លួនអ្នក នឹងមានឥទ្ធិពល លើសុភមង្គលភាព ភាពវៃឆ្លាត និងសុខុមាលភាព សរុបជារួមច្រើនជាងអ្វីដែលអ្នកបានគិតទៅទៀត។

អ្នកអាចពិចារណាពី Jefferson និងទុកពេលវេលាសម្រាប់ការសន្ទនាដែលមានអត្ថន័យ នៅពេលល្ងាចជាមួយនឹងមនុស្សនៅជុំវិញខ្លួនអ្នក។ ទំនាក់ទំនងដែលអ្នកបង្កើត ឬកែលម្អ អាចផ្លាស់ប្តូរដំណើរជីវិត និងអាជីពរបស់អ្នក។

ទម្លាប់ពេលព្រឹក និងពេលល្ងាចផ្តល់នូវភាពជោគជ័យដល់យើង។ វាជួយយើងឱ្យសម្រេចបានកាន់តែច្រើន គិតឱ្យបានកាន់តែច្បាស់ និងធ្វើអ្វីដែលនាំមកនូវភាពល្អបំផុតនៅក្នុងខ្លួនយើង។ កសាងទម្លាប់ពេលល្ងាចកាន់តែប្រសើរ ហើយរៀបចំខ្លួនអ្នក ឱ្យទទួលបានជោគជ័យ។ គ្រប់យ៉ាងដែលអ្នកចង់ធ្វើ គឺអាស្រ័យលើខ្លួនអ្នកផ្ទាល់។ ចំណុចសំខាន់ គឺភាពរីករាយ នៅពេលល្ងាចរបស់អ្នក។ ទម្លាប់ពេលល្ងាចល្អប្រសើរជាងមុន អាចធ្វើឲ្យជីវិតរបស់អ្នកឆ្ពោះទៅរក ជំហ៊ានថ្មីនៃវឌ្ឍនភាព និងភាពជោគជ័យរបស់អ្នក។