សីតុណ្ហភាព ចាប់ផ្ដើមចុះត្រជាក់ម្ដងទៀត ប៉ុន្តែនឹងឡើងខ្ពស់វិញដល់ ៣៤ អង្សាសេនៅសប្ដាហ៍ក្រោយរួមជាមួយភ្លៀងធ្លាក់ដើមឆ្នាំ!

សេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឲ្យដឹងថា ស្ថានភាពសីតុណ្ហភាពក្នុងប្រទេសកម្ពុជា នឹងផ្ដើមចុះត្រជាក់ម្ដងទៀតតំបន់ខ្លះអាចធ្លាក់ចុះដល់ ១៦ អង្សាសេ ចាប់ពីថ្ងៃស្អែកនេះតទៅ ដោយសារប្រទេសយើងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីកម្រិតមធ្យមទៅខ្លាំង។ ប៉ុន្តែចាប់ពី សប្ដាហ៍ក្រោយអាកាសធាតុនឹងឡើងក្ដៅវិញអតិបរមារហូតដល់ ៣៤ អង្សាសេ ដោយសារប្រទេសយើងទទួលឥទ្ធិពលកម្រិតសម្ពាធទាបខ្យោយ និងឥទ្ធិពលខ្យល់ប្រ៊ីស (Breeze) ដែលបកមកពីឈូងសមុទ្រថៃ។

យោងទៅតាមស្ថានភាពបែបនេះ នឹងបណ្ដាលឲ្យអាកាសធាតុ និងសីតុណ្ហភាពក្នុងប្រទេសកម្ពុជា មានភាពប្លែកខុសប្រក្រតី ដូចតទៅ៖ 

១. តំបន់ទំនាបកណ្ដាល

- សីតុណ្ហភាពអប្បបរមា ១៩-២០ អង្សាសេ

- សីតុណ្ហភាពអតិបរមា ៣១-៣៤ អង្សាសេ

- ចាប់ពីថ្ងៃទី៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ អង្សាសេ និងអតិបរមា ២៨-៣១ អង្សាសេ រួមជាមួយទឹកភ្លៀងពីខ្សោយទៅមធ្យម នៅក្នុងខេត្តតាកែវ កណ្ដាល កំពង់ស្ពឹ ព្រៃវែង ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន។

២. តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមា ១៦-១៩ អង្សាសេ

- សីតុណ្ហភាពអតិបរមា ៣១-៣៤ អង្សាសេ

- ចាប់ពីថ្ងៃទី៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២០-២៣ អង្សាសេ និងអតិបរមា ២៨-៣១ អង្សាសេ រួមជាមួយទឹកភ្លៀងខ្សោយ នៅក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម។

៣. តំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា ២០-២៣ អង្សាសេ

- សីតុណ្ហភាពអតិបរមា ២៨-៣១ អង្សាសេ

- ចាប់ពីថ្ងៃទី៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២១-២៤ អង្សាសេ និងអតិបរមា ២៧-៣០ អង្សាសេ រួមជាមួយទឹកភ្លៀងពីខ្សោយទៅមធ្យម នៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត និងកែប។