ជាធម្មតា នៅពេលដែលយើងនិយាយពីរឿងសាងសង់ផ្ទះតូចមួយ យើងប្រាកដជាគិតថាត្រូវចំណាយពេលយ៉ាងលឿនបំផុត ១ សប្ដាហ៍ ទៅ ១ ខែទើបរួចរាល់។ ចុះបើយើងអាចទិញកូនផ្ទះតាមអនឡាញ ហើយប្រើពេលផ្គុំត្រឹមតែ ៨ ម៉ោង គិតយ៉ាងមិចដែរ? មកដល់ពេលនេះ ជាសតវត្សថ្មី អ្វីៗគឺយើងអាចធ្វើបានយ៉ាងរហ័ស និងកុម្ម៉ង់តាមអនឡាញបានសូម្បីតែផ្ទះក៏គេដាក់លក់តាមអនឡាញដែរ។ អញ្ចឹងថ្ងៃនេះយើងមកមើលកូនផ្ទះដ៏ប្លែកមួយ ដែលដាក់លក់នៅទីផ្សាអនឡាញ Amazon ដែលជាផ្ទះផ្គុំ ឬអាចហៅថា DIY Kits (Do It Yourself) មានឧករណ៍ ទំហំ និងម៉ូតរួចរាល់ហើយស្រាប់តែម្ដង។

ផ្ទះប្រភេទនេះគេហៅថា Yoga Studio ឬ Pool House ដែលមានទំហំ ១៦ ការ៉េ សម្រាប់តែការលំហែកាយ ធ្វើការការិយាល័យ កិច្ចជំនួបពិភាក្សា និងផឹកកាហ្វេជជែកគ្នាលេងប៉ុណ្ណោះ។ វាមិនមែនជាផ្ទះសម្រាប់រស់នៅអចិន្ត្រៃយ៍នោះទេ ព្រោះវាមិនមានគ្រឹះរឹងមាំ មិនមានទីធ្លារគ្រប់គ្រាន់ឡើយ ហើយក៏គ្មានបន្ទប់ទឹក ឬផ្ទះបាយដែរ។ ផ្ទះនេះត្រូវបានដាក់លក់ដោយ Allwood ហើយអ្នកលក់បានបង្ហាញថា វាលក់ដាច់សម្រាប់អ្នកមានផ្ទះ និងសល់ទីធ្លារទូលាយ គេអាចទិញកូនផ្ទះនេះទៅដាក់បន្ថែម ដើម្បីធ្វើជា Studio ឬកូនបណ្ណាល័យ ឬក៏ជាកន្លែងធ្វើការជាដើម ដោយគ្រាន់តែចំណាយពេល ៨ ម៉ោងដើម្បីផ្គុំ ដូចជាការផ្គុំតុទូអញ្ចឹង ព្រោះនៅក្នុងកញ្ចប់នេះ វាមានទាំងដំបូលផ្ទះសូឡា ជញ្ជាំង កញ្ចក់ បង្អួច និងផ្ទាំងកំរាលក្រោមរួចជាស្រេចអស់ទៅហើយ។ ចំណែកតម្លៃរបស់វាគឺ ៧,២៥០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែបើសិនជាគេត្រូវការ បំពាក់នូវគ្រឿងបរិក្ខារដូចជាភ្លើង និងម៉ាស៊ីនត្រជាក់បន្ថែមនោះ គេត្រូវចំណាយ ៣២០ ដុល្លារទៀត ដើម្បីទិញឧបករណ៍ភ្ជាប់។

នេះគឺជាគំនិតច្នៃប្រឌិតដ៏ប្រសើរមួយ សម្រាប់ជាងឈើជំនាញ ដែលរកនឹកឃើញបង្កើតជាកូនផ្ទះអាចឲ្យអ្នកទិញយកទៅផ្គុំបានបែបនេះ វាចំណេញពេលសាងសង់ ហើយក៏ងាយស្រួលកុម្ម៉ង់តាមអនឡាញទៀតផង។ អ្នកលក់ Allwood បាននិយាយថា គេនឹងដាក់គោលដៅលក់វាឲ្យបាន ២៥០ ខ្នងនៅក្នុងឆ្នាំនេះ។ យ៉ាងណាក៏ដោយ ផ្ទះនេះមិនរឹងមាំដូចជាផ្ទះយើងធម្មតាឡើយ ប្រសិនបើមានភ្លៀងព្យុះច្រើន វានៅមិនបានយូរនោះទេ ព្រោះផ្ទះផ្គុំបែបនេះ ងាយនឹងរបេះរបូតខ្លាំងណាស់។