នៅសប្ដាហ៍ក្រោយនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនឯកជន នឹងរៀបចំប្រារព្ធពិធីសម្ពោធបើកជាផ្លូវការឲ្យចូលទស្សនានូវប្រាសាទកណ្ដាលស្រះស្រង់ឡើងវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីប្រាសាទនេះបានដួលរលំអស់រយៈពេលរាប់រយឆ្នាំ បន្ទាប់ពីប្រាសាទនេះ ទើបតែបញ្ចប់គម្រោងជួសជុលឡើងវិញ។

សូមបញ្ជាក់ថា ប្រាសាទកណ្ដាលស្រះស្រង់ ស្ថិតនៅចំកណ្ដាលស្រះស្រង់ដូចជាប្រាសាទមេបុណ្យ ស្ថិតនៅកណ្ដាលបារាយណ៍ដែរ មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្ដី ដែលត្រូវបានជីកនៅចុងសតវត្សទី១០ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័ន (គ.សឆ្នាំ ៩៩៤-៩៦៨) មានទំហំបណ្ដោយ ៧៩០ ម៉ែត្រ ទទឹង ៣៥០ ម៉ែត្រ ជាអាងស្ដុកទឹកដ៏ធំមួយក្នុងរាជធានី ប៉ុន្តែពុំបានប្រើប្រាស់សម្រាប់ស្រោចស្របកសិកម្មដូចជាបារាយណ៍ឡើយ។ រហូតមកដល់រាជ្យព្រះបាទជ័យវរ្ម័នទី៧ ស្រះស្រង់នេះត្រូវបានរៀបចំខឿនជុំវិញ និងមានជណ្ដើរព្រមទាំងរានហាលបង្កាន់ដៃនាគដ៏ស្រស់ស្អាតសម្រាប់ទស្សនាថ្ងៃលិច ត្រូវប្រើប្រាស់ជាទីកន្លែងសម្រាប់ព្រះមហាក្សត្រក្រសាលយាងតាមទូក ស្ដាប់តន្ត្រី ចំណែកប្រាសាទស្រះស្រង់ជាទីសក្ការៈបូជា។

ប្រាសាទកណ្ដាលស្រះស្រង់ ត្រូវបានដួលរលំរាប់រយឆ្នាំមកហើយ ដែលអ្នកស្រាវជ្រាវបុរាណវិទ្យាមិនអាចសន្មត់ថានៅឆ្នាំណានោះទេ ប៉ុន្តែគម្រោងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នេះឡើងវិញត្រូវបានចាប់ផ្ដើមកំណាយកាលពីខែមីនា រហូតដល់ខែធ្នូ ឆ្នាំ២០២០ ក្រោយការឧបត្ថម្ភថវិកាទាំងស្រុងពីលោកជំទាវ សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ អនុវត្តគម្រោងដោយអាជ្ញាធរជាតិអប្សរា ត្រួតពិនិត្យដោយអង្គការ ICC Angkor និងធ្វើការសិក្សាព្រមទាំងឯកសារយោងពីវិទ្យាស្ថានបារាំងនៅចុងបូព៌ា EFEO។

ជាលទ្ធផលចុងក្រោយ បន្ទាប់ពីបានធ្វើកំណាយយកថ្មប្រាសាទពីក្នុងដី និងការរៀបចំខឿនបន្ថែមទៀត ប្រាសាទកណ្ដាលស្រះស្រង់ត្រូវបានអ្នកជំនាញសន្មត់ជារូបរាងស្រដៀងចេតិយ មានខឿនទំហំ ៨ ម៉ែត្របួនជ្រុង កម្ពស់ ៣.៤ ម៉ែត្រ ដែលនឹងត្រៀមបើកឲ្យភ្ញៀវទេសចរជាតិអន្តរជាតិ និងអ្នកស្រាវជ្រាវនានា ចូលទស្សនាដោយសេរីចាប់ពីសប្ដាហ៍ក្រោយនេះ។