ប្រវត្តិនៃស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ដែលបានតភ្ជាប់តាំងពីឆ្នាំ១៩២៩!

ស្ពានព្រះមុនីវង្ស គឺជាស្ពានឆ្លងទន្លេបាសាក់ដំបូងគេបំផុត ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ២ តំបន់ក្បាលថ្នល់ ទៅកាន់ផ្លូវជាតិលេខ១។ ស្ពាននេះមានប្រវត្តិជិត ១០០ ឆ្នាំមកហើយ និងបានជួយកែប្រែតំបន់ភូមិនេសាទ ក្លាយទៅជាតំបន់ដែលមានមនុស្សច្រើនកុះករ និងចរាចរណ៍ដ៏មមារញឹកដូចសព្វថ្ងៃនេះ។

ស្ពានឆ្លងទន្លេបាសាក់ដំបូងនេះ មានឈ្មោះដើមថា ស្ពានជ្រោយឱក ឬឈ្មោះជាភាសាបារាំង Gustave Eiffel ត្រូវបានទេសាភិបាលបារាំងសាងសង់ជាស្ពានគ្រោងដែក កាលពីឆ្នាំ១៩២៨ ក្នុងរាជរបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (គ្រងរាជ្យចាប់ពីឆ្នាំ ១៩២៧-១៩៤១) ដែលមានប្រវែង ២៦៩.៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ។ ប៉ុន្តែដោយសារអាយុកាលប្រើប្រាស់ និងសភាពទ្រុឌទ្រោមខ្លាំង នៅឆ្នាំ១៩៦៤ ស្ពាននេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសាងសង់ឡើងជាថ្មី ដោយជាប្រភេទស្ពានស៊ីម៉ង់បេតុង និងត្រូវសម្ពោធនៅឆ្នាំ១៩៦៦ នាសម័យសង្គមរាស្ដ្រនិយម ដឹកនាំដោយសម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ។ 

រហូតមកដល់ ឆ្នាំ២០០៦ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់ស្ពានព្រះមុនីវង្សថ្មីមួយទៀត ដែលស្របទៅនឹងស្ពានព្រះមុនីវង្សចាស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសវាក៏ជាស្ពានដើម្បីធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តភាគខាងកើតនៃប្រទេសកម្ពុជា និងទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ។

បច្ចុប្បន្ននេះ ស្ពានព្រះមុនីវង្ស បានបម្រើយ៉ាងសំខាន់បំផុតដល់ការធ្វើដំណើរឆ្លងកាត់ទន្លេបាសាក់ ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានចរាចរណ៍ដ៏មមារញឹកបំផុតមួយ។ យ៉ាងណាមិញ តំបន់ក្បាលថ្នល់ច្បារអំពៅ មានស្ពានចំនួន ៣ មកហើយដោយស្ពានឆ្លងទន្លេបាសាក់ ២ ស្ពានអាកាសមួយ និងខ្នែងស្ពានអាកាសមួយទៀត។ លើសពីនេះ គម្រោងសាងសង់ស្ពានតភ្ជាប់ពីកោះនរា ទៅកាន់កោះពេជ្រក៏កំពុងសាងសង់បន្ថែមផងដែរ ដើម្បីជួយសម្រួលការធ្វើដំណើរឲ្យកាន់តែប្រសើរ។