ហាណូយ៖ ទីផ្សារស្រូវអង្កររបស់ប្រទេសវៀតណាម បានកំពុងទទួលភាពជោគជ័យនៅក្នុងឆាកអន្តរជាតិ ដោយមិនត្រឹមតែអាចលក់បាននៅក្នុងតម្លៃមួយថ្លៃប៉ុណ្ណោះទេ តែចំនួននៃការនាំចេញបានហក់ឡើងខ្ពស់ នៅពេលសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមល្អប្រសើរឡើងវិញបន្តិចម្ដងៗ។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាមចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ទីផ្សារស្រូវអង្កររបស់វៀតណាម បានកំពុងកើនឡើងខ្លាំង តាមរយៈការបញ្ជាទិញពីសំណាក់ទីផ្សារអន្តរជាតិ ពិសេសគឺតម្លៃកើនឡើង និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀត។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា តម្លៃអង្កររបស់វៀតណាម បានកំពុងឡើងថ្លៃល្អ ហើយក៏អាចប្រកួតប្រជែងទៅលើផ្នែកគុណភាពបានថែមទៀតផង។

ទិន្នន័យផ្ដល់ជូនដោយសហគមន៍ស្បៀងអាហារវៀតណាម ហៅកាត់ថា (VFA) បានឱ្យដឹងថា ការនាំចេញស្រូវអង្កររបស់វៀតណាម ទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើងខ្ពស់ពោលចន្លោះចាប់ពី USD ៥ ទៅ ៧ ដុល្លារអាមេរិក ទៅតាមប្រភេទស្រូវអង្ករ។ ជាក់ស្ដែងតម្លៃទីផ្សារដែលវៀតណាមអាចលក់ចេញមានចន្លោះចាប់ពី USD ៥១៣ ទៅ USD ៥១៧ ដុល្លារអាមេរិកក្នុងមួយតោន។ ម្យ៉ាងវិញទៀត សម្រាប់ប្រភេទស្រូវអង្ករ (Jasmine) អាចលក់បានក្នុងតម្លៃរហូតដល់ទៅ USD ៥៦៣ ទៅ USD ៥៦៧ ដុល្លារអាមេរិក ក្នុងមួយតោន។

VFA បានឱ្យដឹងទៀតថា មូលហេតុធ្វើឱ្យស្រូវអង្ករវៀតណាមឡើងថ្លៃ ហើយមានលទ្ធភាពកាន់តែប្រសើរ ក្នុងការនាំចេញទៅក្រៅប្រទេស គឺដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបើកទ្វារឱ្យប្រទេសវៀតណាម គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ អាចនាំចេញផលិតផលជាច្រើនរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសហត្ថលេខី ឬជាសមាជិក។ ក្នុងនោះ ប្រទេសដែលបានប្រមូលទិញស្រូវអង្ករវៀតណាមច្រើនជាងគេភាគច្រើននៅទ្វីបអឺរ៉ុប ជាមួយលទ្ធភាពអាចប្រកួតប្រជែងជាមួយស្រូវអង្កររបស់ថៃ ឥណ្ឌា នៃដៃគូប្រកួតប្រជែងផ្សេងទៀត។

លោក Nguyen Nhu Cuong អគ្គនាយក នៃនាយកដ្ឋានផលិតផលដំណាំ ចំណុះឱ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ត្រឹមតែរយៈពេល ២ ខែដំបូងនេះវៀតណាម បាននាំចេញផលិតផលស្រូវអង្ករបានក្នុងចំនួនច្រើនជាង ៦០៨,៧០០ តោនទៅហើយ គិតជាទឹកប្រាក់សរុបប្រមាណជា ៣៣៦ លានដុល្លារអាមេរិក។ លោកបានបន្ថែមថា ការនាំចេញផលិតផលស្រូវអង្ករក្នុងឆ្នាំ ២០២១ នេះ នឹងបំបែកកំណត់ត្រាថ្មីរបស់វៀតណាម បើធៀបទៅនឹងឆ្នាំមុនៗកន្លងទៅនេះ នោះក៏ដោយសារតែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហគមន៍អឺរ៉ុប (EVFTA)៕