ហេតុអ្វីបានជាការកើនឡើងនៃចំនួនមនុស្សជាតិ អាចជួយទៅដល់ភពផែនដី?

ចំនួនមនុស្សជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ មានការឡើងចុះ ព្រោះមានការចាប់កំណើតថ្មី ហើយក៏មានការបាត់បង់ជីវិតទៅវិញផងដែរ ដោយចំនួនមនុស្សជាតិសរុប ក្នុងពិភពលោកបច្ចុប្បន្នមានចំនួនប្រមាណ ៧.៩ ពាន់លាននាក់ ហើយបានកំពុងកើនឡើងច្រើនជាងការធ្លាក់ចុះ។ ហេតុនេះ តើការកើនឡើងនៃចំនួនប្រជាជន អាចជួយអ្វីបានខ្លះសម្រាប់ភពផែនដីរបស់យើងមួយនេះ?

យើងទាំងអស់គ្នាប្រាកដជាដឹងច្បាស់ណាស់ថា ការកើនឡើងនៃចំនួនមនុស្សជាតិនៅលើភពផែនដី តែងបង្កើតឡើងនូវបញ្ហាប្រឈមជាច្រើន តែនោះជាផ្នែកមួយនៃចំណុចអវិជ្ជមានប៉ុណ្ណោះ បើយើងស្ដាប់ ទៅលើការបកស្រាយ និងវិភាគលំអិតបន្ថែមទៀតរបស់អ្នកជំនាញ ទើបយើងអាចមើលឃើញអំពីចំណុចវិជ្ជមាន នៃកំណើនមនុស្សជាតិ ដែលនឹងផ្ដល់ផលប្រយោជន៍ទៅដល់ភពផែនដី។ យោងតាមសេចក្ដីសន្និដ្ឋានមួយបានបញ្ជាក់ថា រយៈពេល ៣០ ឆ្នាំទៅមុខទៀតនេះ នឹងមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់មួយ រវាងប្រជាជនរស់នៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។

តាមការវាយតម្លៃនោះ គេបានវិភាគដោយបែងចែកចេញជា ២ គឺប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍ ព្រោះថាសកម្មភាពរវាងប្រភេទប្រទេសទាំង ២ ទម្រង់នេះ មានភាពខុសប្លែកគ្នា មិនត្រឹមតែចំណេះដឹក ជីវភាព ប៉ុណ្ណោះទេ មានកត្តាជាច្រើនផ្សេងទៀតគួបផ្សំជាមួយ។ 

ប្រទេសអភិវឌ្ឍ

ក្នុងរយៈពេល ៣០ ឆ្នាំទៅមុខទៀត គឺជាសង្គមជាតិមួយ ដែលមានអាយុកាលយូរអង្វែង ដែលនឹងទទួលបានប្រយោជន៍ជាច្រើនពីបរិស្ថាននៅជុំវិញ ព្រោះថាសង្គមនោះ មានតម្រូវការប្រើប្រាស់កម្លាំងតិចជាងមុន សបង្ហាញថាការសាយភាយផ្សែងពុល ការកាប់បំផ្លាញ ឬរុគរកសម្បត្តិធម្មជាតិ នឹងស្ថិតក្នុងកម្រិតមួយទាប ខណៈតម្រូវការចេញពីវិស័យឧស្សាហកម្ម និងកសិកម្ម មានការថាំថយផងដែរ។ ជាក់ស្ដែងការសាយភាពឧស្ម័នពុលនៅក្នុងទីក្រុង នៅទ្វីបអឺរ៉ុប ភាគច្រើនគឺតិចជាង ៧% បើធៀបទៅនឹងទីជនបទឆ្ងាយៗ ដោយក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុប បានកាត់បន្ថយការបំភាយឧស្ម័នពុលបានប្រមាណ ៣០% ឯណោះ។ ចំនួនប្រជាជននៅតាមបណ្ដាប្រទេសទាំងនោះ ត្រូវបានព្យាករថានឹងមានកំណើនទាប ជាកត្តាធ្វើឱ្យតម្រូវការផ្សេងទាបដូចគ្នា។

ប្រទេសកំពុងអភិវឌ្ឍ

តាមការសន្និដ្ឋាននារយៈពេល ៣០ ឆ្នាំខាងមុខ ប្រទេសកំពុងអភិវឌ្ឍនឹងមានចំនួនប្រជាជនច្រើនជាងគេ អាចនឹងស្មើនឹងចំនួនប្រជាជនសរុបក្នុងពិភពលោកទៀតផង។ ក្នុងនោះទ្វីបអាហ្វិ្រកនឹងកើនឡើង ២.២ ពាន់លាននាក់ នៅឆ្នាំ២០៥០ ហើយអាចកើនដល់ទៅ ៤ ពាន់លាននាក់ នាឆ្នាំ២១០០ នេះបើងយោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្នការសាយភាយឧស្ម័នពុលមានតែ ៤% ប៉ុណ្ណោះ តែនៅពេលខាងមុខ ស្ថិតក្រោមការជួយសង្គ្រោះពលរដ្ឋអាហ្វ្រិកចេញពីភាគក្រីក្រ នឹងបង្កើតចេញជាការអភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់ ដែលពេលនោះហើយ នឹងបង្កើតឱ្យបាននូវផលប៉ះពាល់ទៅដល់បរិស្ថានផែនដី។

ទ្វីបអាហ្វ្រិកត្រូវព្យាករថា នឹងដើរទៅរកផ្លូវមួយដូចប្រទេសចិន ប្រៀបបានដូចជាប្រទេសចិន ស្ថិតក្នុងអំឡុងឆ្នាំ ១៩៨០ ដែរ នៅពេលកំណើនប្រជាជនកើនឡើង ការអភិវឌ្ឍនឹងបន្តជានិច្ចកាល ដោយក្នុងនោះការរីកចំរើនទៅដល់តំបន់ផ្សេងៗទៀតនឹងកើតមានឡើង។ ការអភិវឌ្ឍនោះហើយ នឹងញាំងឱ្យតម្រូវការកម្លាំង ធនធានធម្មជាតិ កើតមានឡើង ហើយការសាយភាយឧស្ម័នពុលចូលទៅបរិយាកាស នឹងកើនឡើងខ្លាំង។

បើទោះបីជាចំនួននៃមនុស្សជាតិនឹងបន្តកើនឡើងជាបន្តបន្ទាប់នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ តែការកើនឡើងនេះ ត្រូវបាយព្យាករណ៍ទុកថា នឹងជួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ភពផែនដី។ ការលើកឡើងបែបនេះ ត្រូវបានសង្កត់ធ្ងន់ថា ចំនួនមនុស្សជាតិមិនមែនជាបញ្ហាប្រឈមនោះទេ ការបង្កើតនូវការច្នៃប្រឌិតថ្មីៗ និងរៀបចំបទប្បញ្ញត្តិគ្រប់គ្រងមនសុស្ គឺជាកត្តាចំបង ដែលមិនអាចខ្វះបាន ព្រោះកាលណាមានចំនួនប្រជាជនច្រើន គឺអាចរួបរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធបានរហ័ស មានគុណភាព ចំណេញពេល។ មិនតែប៉ុណ្ណោះ ការកើនឡើងនោះទៀតសោក ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការសិក្សាស្រាវជ្រាវអភិវឌ្ឍមធ្យោបាយល្អៗ ក្នុងការទប់ស្កាត់បញ្ហាអាកាសធាតុរបស់ផែនដី ទប់ស្កាត់ការឆ្លង និងរាតត្បាតនៃជំងឺកាចសាហាវ និងជាប្រភពនៃចំណេះដឹង ដែលត្រូវសហការណ៍គ្នា ជួយសង្គ្រោះភពផែនដីតទៅមុខទៀត។

ប្រសិនបើយើងអាចរួចផុតចាកទុក្ខ ពីវិបត្តិអាកាសធាតុដ៏ធំមួយនេះ ការច្នៃប្រឌិត និងបង្កើតថ្មី គឺជាក្ដីសង្ឃឹមតែមួយគត់របស់យើង ហើយការរីកចំរើននេះគឺពឹងផ្អែកទៅលើមនុស្ស ក្នុងការអភិវឌ្ឍបន្តិចម្ដងៗតទៅមុខ ឱ្យកាន់តែប្រសើរ សម្រាប់ការរស់នៅលើផែនដី។ គួររំលឹកផងដែរថា នេះគ្រាន់តែជាជ្រុងមួយ នៃផលវិជ្ជមាន ដែលបានប្រមូលមកធ្វើការបកស្រាយប៉ុណ្ណោះ៕