សេដ្ឋកិច្ចកូរ៉េខាងត្បូង ចាប់ផ្ដើមល្អប្រសើរឡើងវិញ ក្រោមលទ្ធផលល្អនាត្រីមាសទី១ កន្លងទៅ

សេអ៊ូល៖ សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ក៏មិនខុសពីបណ្ដាប្រទេសផ្សេងៗទៀតដែរ ព្រោះប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេឈក្នុងចំណាត់ថ្នាក់លេខ ៤ នៅអាស៊ីមួយនេះ បានរងផលប៉ះពាល់ធ្ងន់ធ្ងរ និងខាតបង់រាប់រយលានដុល្លារ ដោយសារតែជំងឺកូវីដ ១៩។ យ៉ាងណាមិញ ឈានចូលត្រីមាសទី១ នាឆ្នាំ ២០២១ និងលទ្ធផលបូកសរុប ដែលប្រកាសចេញផ្សាយ សបង្ហាញឱ្យឃើញថា កូរ៉េខាងត្បូង បានរួចផុតពីសម្ពាធ នៃសេដ្ឋកិច្ចហើយ។

របាយការណ៍ចុះផ្សាយជាផ្លូវការ របស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ទំហំសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង នាត្រីមាសទី១ ឆ្នាំ២០២១ នេះ ទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ធ្វើឱ្យកូរ៉េខាងត្បូង រួចផុតទុក្ខពីសម្ពាធសេដ្ឋកិច្ច ដូចមុនពេលផ្ទុះឡើងនៃជំងឺឆ្លង កូវីដ ១៩ ដែរ។ ការធូស្បើយនៃសម្ពាធសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង នាដើមឆ្នាំនេះគឺដោយសារតែមានតម្រូវការពីទីផ្សារបរទេសច្រើន ដែលញាំងឱ្យការនាំចេញនូវផលិតផលជាច្រើនរបស់កូរ៉េខាងត្បូង ទៅទីផ្សារអន្តរជាតិ មានកំណើនកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីផ្ទុះជំងឺឆ្លងនាដើមឆ្នាំ ២០២០ មក។

ស្ថិតក្នុងកិច្ចប្រជុំរបស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង ក្រោមវត្តមានរបស់លោកប្រធានាធិបតី Moon Jae-In ធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា កម្រិត GDP នាត្រីមាសទី១ បានល្អប្រសើរឡើងវិញហើយ ដែលស្ថិតក្នុងកម្រិតមុនពេលផ្ទុះជំងឺឆ្លង។ លោក Moon Jae-in បានបញ្ជាក់ថា ការងើបឡើងវិញ និងភាពល្អប្រសើនៃសេដ្ឋកិច្ចជាតិ គឺលឿនជាងការរំពឹងទុក ដោយសារតែការកើនឡើងនៃការនាំចេញ និងទំហំវិនិយោគនៅក្នុងស្រុកបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីត្រីមាសទី៤ នាឆ្នាំ ២០២០ មក។

ជាក់ស្ដែងការនាំចេញ ដែលឈានមុខគេគឺគ្រឿងបន្ទះឈីប គ្រឿងបង្គុំសម្រាប់គ្រឿងចក្រ យានយន្ត ដែលទទួលបានការបញ្ជាទិញពីទីផ្សារអន្តរជាតិជាច្រើន ដោយទំហំនោះគិតជាទឹកប្រាក់មានរហូតដល់ទៅជាង ១៤៦.៥ ពាន់លានដុល្លារអាមេរិក កើនឡើងបាន ១២.៥% បើធៀបទៅនឹងត្រីមាសទី១ នាឆ្នាំកន្លងទៅ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ សេវាកម្មគយរបស់កូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះសម្រាប់ ១០ ថ្ងៃដំបូងនាខែមេសា កន្លងទៅថ្មីៗនេះ ការនាំចេញរបស់កូរ៉េខាងត្បូង នៅតែបន្តកើនឡើង ពោលគឺកើនបាន ២៤.៨% ស្មើនឹងទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារ គិតតែការនាំចេញឈីប និងគ្រឿងបង្គុំតែប៉ុណ្ណោះ។

តាមរយៈធនាគារជាតិរបស់កូរ៉េខាងត្បូង បានគូសបញ្ជាក់បន្ថែមទៀតថា កម្រិត GDP នាត្រីមាសទី១ កន្លងទៅនេះ អាចមានសន្ទុះកើនឡើងប្រមាណ ១.៣% ដែលចំនួននេះគឺជាការធ្លាក់ចុះនៃកម្រិត GDP កាលពីត្រីមាសទី១ ឆ្នាំ២០២០ និងបន្តធ្លាក់ដល់ទៅ ៣.២% នាត្រីមាសទី២។ សម្រាប់ចុងខែមេសា ខាងមុខនេះទៀតសោក កម្រិត GDP របស់កូរ៉េខាងត្បូង អាចនឹងបន្តកើនឡើងខ្ពស់ជាងការវាយតម្លៃដំបូងថែមទៀតផង ស្ថិតក្នុងកម្រិតជាង ៣% ៕