ទម្លាប់ចម្លែកទាំង ១០ របស់បុគ្គលជោគជ័យ!

រឿងពិតប្រាកដមួយ គឺថាមនុស្សជោគជ័យបំផុត មិនថានៅក្នុងវិស័យសិល្បៈ កីឡា នយោបាយ ឬពាណិជ្ជកម្មឡើយ សុទ្ធតែខុសប្លែកពីមនុស្សធម្មតាទូទៅ។ ប្រហែលជាបែបនោះហើយ ទើបជាមូលហេតុដែលយើងអាចនឹងមិនភ្ញាក់ផ្អើលឡើយ ដែលពួកគាត់មានទម្លាប់ចម្លែកមួយចំនួន ប៉ុន្តែទម្លាប់ខ្លះផ្សេងទៀតរបស់ពួកគាត់ ក៏យើងមិនធ្លាប់បានលឺ ដោយយើងគិតថាវាមិនអាចទៅរួច តែពួកគាត់បែជា តែងតែធ្វើវាទៅវិញ។ 

ទាំងនេះគឺជាការអនុវត្តដ៏កម្រ ឬអាចហៅបានថាជាទម្លាប់ចម្លែកទាំង ១០ របស់បុគ្គលជោគជ័យមួយចំនួន៖

 

១. ក្រោកពីគេងពីព្រលឹម គឺព្រលឹមមែនទែន…

លោកស្រី Margaret Thatcher ជាអតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរយៈពេល ១១ ឆ្នាំ។ គាត់មិនមែនចាប់ផ្តើមថ្ងៃថ្មីរបស់គាត់ ដោយមិនមែនក្រោកពីគេងម៉ោង ៦ ព្រឹក ឬប្រាំព្រឹកនោះទេ ប៉ុន្តែគឺគាត់ក្រោកពីគេងម៉ោង ៤ ភ្លឺ ជារៀងរាល់ថ្ងៃតែម្តង។ គេបាននិយាយថា គាត់គេងតែ ៤ ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ សំណួរដែលបានចោតសួរនោះគឺថា តើគាត់មានកម្លាំង និងសុខភាពមកពីណា ដើម្បីកសាងកិត្តិនាមជា “Iron Lady” ប្រចាំចក្រភពអង់គ្លេស នាកំឡុងពេលនោះ?

 

២. ពាក់ស្រោមជើងខុសគូគ្នា

Seth Godin ជាអ្នកជំនួញខាងពាណិជ្ជកម្មរបស់អាមេរិក និងជាអ្នកទ្រឹស្តីទីផ្សារនាំមុខគេ ត្រូវបានគេស្គាល់ថា បានពាក់ស្រោមជើងដែលមានពណ៌ស្រស់ៗចម្រុះពណ៌ មានរាង និងប្លែកៗគូ ពីគ្នា។ គាត់ធ្វើវាដើម្បីបង្ហាញពីចំណុចមួយ គឺការមិនខ្លាចក្នុងការ “ឈានជើងចេញពីភាពធម្មតា - step out of the mold”។

 

៣. ផ្តល់ពេលរបស់ខ្លួនឯង ក្នុងការគោរពបូជាព្រះពុទ្ធ

មុនពេលចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃរបស់គាត់ លោក Eric Ripert មេចុងភៅជនជាតិបារាំង និងជាម្ចាស់ភោជនីយដ្ឋាន Le Bernardin ដែលជាភោជនីយដ្ឋានល្អបំផុតមួយនៅលើពិភពលោក ធ្វើសមាធិពីរបីនាទី ហើយជូនថ្ងៃគាត់ដល់ព្រះពុទ្ធ (offer his day to Buddha)។ លោក Ripert ជាអ្នកកាន់សាសនាព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួន និងជាអ្នកដើរតាមលំនាំ Dalai Lama។

 

៤. ពាក់ឯកសណ្ឋានការងារ មិនធម្មតា ខុសពីអ្នកដទៃ

ឈុតគ្រ័រហ្សេ ជាមួយនឹងវ៉ាលីទំនើបទាន់សម័យ? នេះគ្រាន់តែជាទម្រង់ឯកសណ្ឋានធម្មតាសម្រាប់អ្នកជំនួញប៉ុណ្ណោះ។ ដោយឡែកមហាសេដ្ឋីជំនួញលោក Steve Jobs បានជំទាស់នឹងលំនាំនេះ ដោយលោកស្លៀកត្រឹមខោខូវប៊យ អាវឈុតខ្មៅ និងស្បែកជើងប៉ាតា New Balance សាមញ្ញប៉ុណ្ណោះ សម្រាប់ចូលរួមក្នុងការប្រជុំ និងសន្និសីទទាំងអស់របស់គាត់។

 

៥. តែងតែស្លៀកសំលៀកបំពាក់តែមួយឈុត ដូចគ្នាទាំងអស់

មនុស្សទូទៅតែងតែងឿងឆ្ងល់ និងគិតជានិច្ច ពីការជ្រើសរើសសម្លៀកបំពាក់សម្រាប់ពាក់ទៅកន្លែងធ្វើការ តែងតែមិនធ្លាប់គិតថាពួកគេអាចពាក់សម្លៀកបំពាក់ដដែលៗបាន។ នេះគឺជា Logic ដ៏ចម្លែកមួយរបស់លោក Leo Widrich ដែលជាសហគ្រិនវ័យក្មេង និងសហស្ថាបនិកក្រុមហ៊ុន Buffer ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមតភ្ជាប់ របស់ក្រុមហ៊ុនទូទៅ។ លោក Leo ចូលចិត្តពាក់អាវដដែលជានិច្ច ដើម្បីឱ្យគាត់អាចផ្តោតគំនិតរបស់គាត់ទៅលើ “ការសម្រេចចិត្តធំៗ ឬកាន់តែធំ - Bigger decisions របស់គាត់បាន។”

 

៦. គេងនៅក្នុងបន្ទប់ខ្យល់ (a capsule)

ទេវាមិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រទេ… លោក Michael Phelps ដែលជាអ្នកហែលទឹក និងជាម្ចាស់មេដាយអូឡាំពិកអាមេរិក ដេកនៅក្នុងបន្ទប់តូចដែលគ្រប់គ្រងដោយខ្យល់ ដែលក្លែងចេញពីកម្ពស់ប្រហែល ២៧០០ ម៉ែត្រឯណោះ។ គោលបំណងរបស់គាត់? ក្នុងចេតនាបង្ខំឱ្យរាងកាយរបស់គាត់ធ្វើការ សូម្បីតែពេលកំពុងគេងលក់ ដើម្បីផលិតកោសិកាឈាមក្រហមច្រើន និងបញ្ជូនអុកស៊ីសែនទៅសាច់ដុំរបស់គាត់។

 

៧. សរសេរលិខិតថ្លែងអំណរគុណ ដោយអក្សរដៃ

មិនមាននាយកប្រតិបត្តិទាំងអស់ដែលរស់នៅ ជាប់នឹងទូរស័ព្ទដៃ និងថេប្លេតរបស់ពួកគេរហូតនោះទេ។ លោក Dave Kerpen ម្ចាស់ក្រុមហ៊ុន Likeable Local ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមជោគជ័យ មានទម្លាប់មួយ ដែលអនុញ្ញាតឱ្យគាត់មានទំនាក់ទំនងជិតស្និទ្ធិ ជាមួយនិយោជិកក៏ដូចជា អតិថិជនរបស់គាត់ គឺការសរសេរលិខិតអរគុណដោយអក្សរដៃ របស់គាត់ផ្ទាល់។ យ៉ាងហោចណាស់ គាត់ត្រូវសរសេរបីដង ក្នុងមួយថ្ងៃ។

 

៨. ឃុំខ្លួនឯងនៅក្នុងសណ្ឋាគារ

ដើម្បីឱ្យកាន់តែមានផលិតភាពបន្ថែម នៅពេលថ្ងៃ លោកស្រី Maya Angelou ដែលមានអាជីពជាអ្នកតែងកំណាព្យ អ្នកនិពន្ធប្រលោមលោក សកម្មជន តារាសម្តែង អ្នកចំរៀង អ្នកនិពន្ធខ្សែភាពយន្ត និងអ្នកដឹកនាំរឿងផងនោះ លោកស្រីបានចាក់សោរខ្លួនឯង នៅក្នុងបន្ទប់សណ្ឋាគារតូចមួយ ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ២ រសៀល ដោយគាត់កាន់វចនានុក្រម សៀវភៅ ព្រះគម្ពីរ បៀរសន្លឹក និងដប sherry មួយដបចូលទៅក្នុងបន្ទប់ ដើម្បីជម្រុញបន្ថែមគំនិតនៃការច្នៃប្រឌិតរបស់គាត់។

 

៩. ជ្រមុជក្បាលចូលទៅក្នុងទឹក

ទម្លាប់កម្រ និងចម្លែកជាច្រើនប្រាកដជាមាន ប៉ុន្តែមិនមានមួយណាដូចទៅនឹងទម្លាប់របស់លោក Yoshiro Nakamatsu ឡើយ។ ជនជាតិជប៉ុនអាយុ ៨៥ ឆ្នាំ ដែលជាអ្នកបង្កើត Floppy disk, ម៉ាស៊ីនខារ៉ាអូខេ, Taximeter និងនាឡិកាឌីជីថលនោះ តែងតែជ្រមុជក្បាលរបស់គាត់ចូលទៅក្នុងទឹក រហូតដល់គាត់ស្ទើរតែអស់ខ្យល់។ គំនិតរបស់គាត់ក្នុងការធ្វើបែបនេះ៖ បង្អត់អុកស៊ីសែនចេញពីខួរក្បាលរបស់គាត់ និងជម្រុញសមត្ថភាព វាឱ្យដល់កម្រិតខ្ពស់បំផុតរបស់វា។ គាត់អះអាងថា ជិតដល់ពេលស្លាប់ គាត់តែងតែបាន មើលឃើញការច្នៃប្រឌិតដ៏ល្អបំផុត របស់គាត់។

 

១០. ធ្វើការ ១៣០ ម៉ោង ក្នុងមួយសប្តាហ៍

លោកស្រី Marissa Mayer ជានាយកប្រតិបត្តិក្រុមហ៊ុន Yahoo ត្រូវបានគេស្គាល់ថា ចំណង់ចំណូលចិត្តរបស់នាងគឺញៀន នឹងទៅធ្វើការ។ ពេលធ្វើការឱ្យ Google គាត់ធ្លាប់ធ្វើការប្រមាណ ១៣០ ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់ក្រុមហ៊ុននេះ (អាចលើសពី ១៨ ម៉ោងក្នុងមួយថ្ងៃ រួមទាំងធ្វើការទាំងពេលចុងសប្តាហ៍ផងដែរ)។ គេនិយាយថា ដើម្បីស៊ូទ្រាំនឹងចង្វាក់ការងារបែបនេះ គាត់នឹងសម្រាកពេញមួយសប្តាហ៍ រៀងរាល់ ៤ ខែម្តង។