ប្រាសាទបន្ទាយស្រី កំពុងត្រូវបានជួសជុលផ្លូវចូលខាងកើតឡើងវិញ!

ក្រុមការងារបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការជួសជុលនូវផ្លូវចូលផ្នែកខាងកើតនៃប្រាសាទបន្ទាយស្រីឡើងវិញ ដែលសាងសង់ឡើងពីថ្មបាយក្រៀម ចន្លោះខ្លោងទ្វារទី៣ និងទី៤ ព្រោះផ្លូវចូលនេះបានរងការខូចខាតនិងមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាល ការប្រែប្រួលធម្មជាតិ រួមផ្សំនឹងកត្តាផ្សេងៗទៀត និងដើម្បីសង្គ្រោះប្រាសាទនេះឲ្យផុតពីគ្រោះថ្នាក់ បណ្ដាលឲ្យខូចទ្រង់ទ្រាយទម្រង់ដើមផងដែរ។ 

យោងតាមប្រសាសន៍របស់លោក សារ៉ាយ គឹមហួល ជាមន្ត្រីបច្ចេកទេស និងជាអ្នកទទួលខុសត្រូវកិច្ចការអភិរក្សប្រាសាទបន្ទាយស្រី បានឲ្យដឹងថា ផ្លូវចូលប្រាសាទបន្ទាយស្រីពីខាងកើត មានប្រវែង ៥៧ ម៉ែត្រ ទទឹង ៣.៣ ម៉ែត្រ ក្រាលដោយថ្មបាយក្រៀម គិតមកទល់ពេលនេះការងារជួសជុលសម្រេចបានជិត ៥០% មកហើយ។ ចំណែកការជួសជុលនេះ នឹងធ្វើទៅតាមបច្ចេកទេសបុរាណទាំងស្រុង ប៉ុន្តែថ្មដែលបាត់បង់ បែកបាក់ និងពុកផុយ ក្រុមការងារមិនបានប្រើប្រាស់ថ្មបាយក្រៀមថ្មីមកជំនួសទេ គឺប្រើប្រាស់ថ្មកំបោរបាយអរពិសេសម្យ៉ាង ដែលផ្សំឡើងតាមរបៀបបុរាណ រួមមាន កំបោរលៀស ម្សៅឥដ្ឋ ម្សៅថ្មបាយក្រៀមហ្មត់ ម្សៅថ្មបាយក្រៀមគ្រើម ខ្សាច់ និងស្ករត្នោត មកបំពេញជំនួសដោយថ្មបាយក្រៀមដែលបាត់បង់ និងខូចខាតទៅ។

សូមបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយស្រី មានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយប្រមាណ ៣៩ គីឡូម៉ែត្រពីក្រុងសៀមរាប ជាប្រាសាទតូចមួយ ប៉ុន្តែមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងចំណោមប្រាសាទក្នុងប្រទេសកម្ពុជា ដោយសារតែក្បាច់ចម្លាក់ រចនាល្អឯក និងថ្មពណ៌ផ្កាឈូកដែលបានសាងសង់ឡើងមានសភាពឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះ មានឈ្មោះដើមថា ស្រីត្រិភុវនមហេស្វរៈ ត្រូវបានចាប់ផ្ដើមសាងសង់ឡើងដោយព្រះរាជគ្រូព្រាហ្មណ៍ម្នាក់ឈ្មោះថា យជ្ញវរហ នាអំឡុងសតវត្សរ៍ទី១០ ក្រោយរជ្ជកាលព្រះបាទ រាជឥន្ទ្រវរ្ម័នទី២ (រវាងគ.ស ៩៤៤-៩៦៨) និងកសាងរួចរាល់ជាស្ថាពរក្រោមរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។ 

ប្រសិនបើលោកអ្នកបានទៅដល់ប្រាសាទបន្ទាយស្រី យើងនឹងបានឃើញនូវចម្លាក់លើប្រាង្គប្រាសាទទាក់ទងនឹងលទ្ធិទេវរាជ រឿងរាមកេរ្តិ៍ ជាពិសេសគឺចម្លាក់ផ្កាភ្ញីយ៉ាងរស់រវើក និងចម្លាក់ទេពអប្សរាចំនួន ១៥០០ ដែលជាទេពអប្សរទាំងអស់សុទ្ធតែខុសៗគ្នា។