ការស្រាវជ្រាវបង្ហាញថា ការបំភាយឧស្ម័នពុលរបស់ចិន ចូលទៅបរិយាកាស បានកើនឡើង ៩% បន្ថែម​

សៀងហៃ៖ ស្ថិតក្នុងបរិបទនៃការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ អ្នកវិទ្យាសាស្ត្រមួយចំនួនរំពឹងថា ការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសនឹងកាត់បន្ថយបានមួយភាគ ស្របពេលការធ្វើដំណើរនៅក្នុងប្រទេស ក៏ដូចជាចេញទៅក្រៅប្រទេស ត្រូវបានកាត់បន្ថយ ឬផ្អាកជាបណ្ដោះអាសន្ន។ ក្នុងនោះ ការបំភាយឧស្ម័ននៅតាមប្រទេស ដែលមានឧស្សាហកម្មធំៗ នឹងកាត់បន្ថយដូចគ្នា តែការសិក្សាស្រាវជ្រាវចុងក្រោយ បានបង្ហាញឱ្យឃើញថា ចិនបែជាមានការបំភាយឧស្ម័នពុលកាន់តែច្រើនជាងពេលមុន ត្រឹមតែរយៈពេល ៣​ ខែ។

យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្ត្រ Helsinki មកពីវិទ្យាស្ថានស្រាវជ្រាវថាមពល និងខ្យល់បរិសុទ្ធ ហៅកាត់ថា (CREA) បានបង្ហាញឱ្យដឹងថា អត្រានៃការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសរបស់ចិន បានកំពុងកើនឡើង ស្ថិតក្នុងអត្រា ៩% ក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះ ដោយសារតែការងើបឡើងវិញ និងដំណើរការនៃចរន្តសេដ្ឋកិច្ចរបស់ចិន។ តាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ១២ ខែក្នុងឆ្នាំ ២០២០ ការថយចុះការការបំភាយឧស្ម័នពុលរបស់ចិន គឺស្ថិតក្នុងអត្រា ៧% ជាការថយចុះក្នុងល្បឿនលឿនមិនធ្លាប់មានពីមុនមក គិតចាប់តាំងពីឆ្នាំ ២០១២ តែនៅពេលនេះ ល្បឿននោះបានស្ទុះឡើង ៩% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំកន្លងទៅ។

ការស្រាវជ្រាវដដែល បានឱ្យដឹងថា ស្ថិតក្នុងឧស្ម័នពុលទាំងនោះ មាន៧០% គឺជាប្រភេទ CO2 កើតចេញពីការប្រើប្រាស់ធ្យូងថ្ម ដែលបានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលត្រឹមតែ ៣ ខែ នាឆ្នាំ២០២១។ ការកើនឡើងនោះ ស្របពេលដែលផលិតកម្មធ្យូងថ្មរបស់ចិន កើនឡើង ១៦% ត្រឹមរយៈពេលដ៏ខ្លីបំផុត។ ការប្រើប្រាស់ធ្យូងថ្មនេះ គឺដើម្បីផលិតថាមពលអគ្គិសនី តែនៅក្នុងរយៈពេលប្រមាណ ៤ ឆ្នាំទៅមុខ ពោលគឺ ២០២៥ ចិន និងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនេះឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន តែជាក់ស្ដែងយ៉ាងណានោះ ពិភពលោកកំពុងតែរង់ចាំមើលទាំងអស់គ្នា។

ម្យ៉ាងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រ Rhodium Group បានឱ្យដឹងទៀតថា ការបំភាយឧស្ម័នពុលរបស់ចិន ទៅក្នុងបរិយាកាសផែនដី កាលពីឆ្នាំ ២០១៩ កន្លងទៅ គឺបានលើសពីទំហំ ដែលអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា (OECD) កំណត់ទៅទៀត ដែលវាគឺជាលើកដំបូងហើយ ដែលចិនបញ្ចេញឧស្ម័នពុលដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ ការបញ្ចេញឧស្ម័នពុលបែបនេះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ស្ថានភាពអាកាសធាតុផែនដី នាពេលអនាគត ដែលត្រូវប្រឈមនឹងគ្រោះធម្មជាតិ និងបម្រែបម្រួលជាច្រើន។

លោក Lauri Myllyvirta ប្រធានស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវថាមពល និងខ្យល់បរិសុទ្ធ (CREA) បានព្យាករណ៍ថា មើលទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ចិន នាបច្ចុប្បន្ន ការកាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ហាក់បីដូចជាមិនអាចធ្វើទៅបាននោះទេ ផ្ទុយទៅវិញ ចិនអាចនឹងបង្កើនការបំភាយឧស្ម័ននោះកាន់តែច្រើនថែមទៀត ដែលមានចន្លោះចាប់ពី ៥% ទៅ ១០% នៅក្នុងឆ្នាំ ២០២៥ មកដល់៕