ចិនសម្រេចបិទខ្ទប់ទីក្រុងខ្វាងចូវភ្លាមៗ ក្រោយការឆ្លង និងកើនឡើងវីរុសកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងឆាប់រហ័ស

រដ្ឋាភិបាលចិន បានសម្រេចបិទខ្ទប់ទីក្រុងខ្វាងចូវភ្លាមៗ ក្រោយពេលរកឃើញករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍បានកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានការព្រួយបារម្មណ៍ថា នឹងបន្តឆ្លងនៅក្នុងតំបន់ក្នុងល្បឿនមួយយ៉ាងលឿន ទើបសម្រេចបិទខ្ទប់តែម្ដង។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ករណីឆ្លងនៅក្នុងសហគមន៍ចិន ស្ថិតនៅក្នុងទីក្រុងខ្វាងចូវ (Guangzhou) បានកំពុងហក់ឡើងខ្លាំង ធ្វើឱ្យមានការបង្ខំចិត្តបិទខ្ទប់ទីក្រុងភ្លាមៗ ដើម្បីបង្ការ និងបញ្ជៀសរាល់ហានិភ័យផ្សេងៗឱ្យបានទាន់ពេលវេលា។ ការបិទខ្ទប់នេះធ្វើឡើង ក្រោយពេលរកឃើញករណីឆ្លងនៅក្នុងសហគមន៍កាលពីថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះចំនួន ២៧ នាក់ ដោយក្នុងនោះមាន ១៨ ករណីនៅឆ្លងនៅក្នុងទីក្រុងខ្វាងចូវផ្ទាល់តែម្ដង។

តាមការបញ្ជាក់របស់អាជ្ញាធរចិនបានឱ្យដឹងថា ករណីឆ្លងនៅក្នុងសហគមន៍មាន ២០ នាក់ ដោយក្នុងនោះមាន ២ នាក់ត្រូវបានរកឃើញក្នុងទីក្រុង Soshan និងមានចំនួន ៧ នាក់មកពីក្រៅប្រទេស។ ការបិទខ្ទប់ភ្លាមៗ នៅក្នុងថ្ងៃទី៣១ នេះ ជើងហោះហើរចចំនួន ៥១៩ ត្រូវបានលុបចោល ធ្វើឱ្យខាតបង់ទឹកប្រាក់ជាច្រើន ដោយតម្រូវឱ្យអ្នកធ្វើដំណើរ និងយន្តហោះចុះចតនៅអាកាសយានដ្ឋានផ្សេង។ ទន្ទឹមគ្នានោះដែរ ពលរដ្ឋនៅក្នុងទីក្រុងទាំងអស់ ដែលចង់ធ្វើដំណើរចេញទៅក្រៅក្រុង ឬប្រើប្រាស់សេវាកម្មធ្វើដំណើរក្នុងទីក្រុងត្រូវបង្ហាញថាខ្លួនអវិជ្ជមាននៃជំងឺកូវីដ ១៩ ទើបទទួលបានសិទ្ធិអាចធ្វើដំណើរបាន។

ជុំវិញការបិទខ្ទប់នេះ រដ្ឋាភិបាលចិន នឹងរឹតបន្តឹងសម្រាប់រយៈពេល ៣ ថ្ងៃសិន ធ្វើយ៉ាងណាកំណត់មុខសញ្ញា និងស្វែងរកអ្នកឆ្លងថ្មីៗជាបន្តទៀតនៅក្នុងសហគមន៍ ដោយក្នុងនោះសង្កាត់ Liwan ត្រូវបានហាមឃាត់ និងរឹតបន្តឹងជាគេ មិនឱ្យមានចរន្តធ្វើដំណើរ ជាកន្លែងផ្ទុះការឆ្លងច្រើនជាងគេនៅក្នុងសហគមន៍។ ក្នុងនោះសាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន ហាងទំនិញ កាហ្វេរ ភេសជ្ជៈ និងជាច្រើនផ្សេងទៀត នឹងត្រូវបិទដំណើរការជាបណ្ដោះអាសន្នសិន ក្រោមការស្រាវជ្រាវរកប្រភព និងអ្នកមានផ្ទុកវីរុសកូវីដ ១៩។

រដ្ឋបាលទីក្រុងខ្វាងចូវ បានកំពុងដុតដៃដុតជើង ធ្វើតេស្ដលើពលរដ្ឋជាច្រើនម៉ឺនគ្រួសារផ្សេងទៀត នៅក្នុងទីក្រុង ហើយបានព្រមានផងដែរថា ការបិទខ្ទប់ទ្រង់ទ្រាយធំអាចនឹងត្រូវធ្វើឡើងផងដែរ ប្រសិនបើករណីឆ្លងនោះ បានកើនឡើងនៅក្នុងកម្រិតហានិភ័យ។ គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងថ្មីនោះ កីមានករណីឆ្លងវីរុសបម្លែងខ្លួនថ្មី នៅលើស្ត្រីវ័យ ៧៥ ឆ្នាំម្នាក់ ដែលមានប្រភពមកពីប្រទេសឥណ្ឌាផងដែរ ជាការព្រួយបារម្មណ៍ខ្លាំងថា អត្រានៃការឆ្លង នឹងមានល្បឿនលឿនជារវីរុសធម្មតា៕