ក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក DARPA បានប្រកាសពីការចាប់ផ្តើមនៃគម្រោងការអភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ា FENCE ដែលនឹងត្រូវរចនាឡើងដើម្បីឲ្យមានភាពវៃឆ្លាតជាងមុន និងអាចធ្វើត្រាប់តាមរបៀបដែលខួរក្បាលរបស់មនុស្សដំណើរការព័ត៌មាន។ ក្រុមអ្នកវិទ្យាសាស្ត្រចំនួន ៣ ក្រុមដែលដឹកនាំដោយ Raytheon, BAE Systems និង Northrop Grumman នឹងបង្កើតប្រព័ន្ធកាមេរ៉ាមួយហៅថាអ៊ីនហ្វ្រារ៉េដ (IR) ដែលត្រូវការដំណើរការដោយប្រើទិន្នន័យ និងថាមពលតិច តែអាចដំណើរការបានលឿន។

ការចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍គឺដោយសារតែ ភ្ងាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យា DARPA យល់ឃើញថាម៉ាស៊ីនថតបែបទំនើបនាពេលបច្ចុប្បន្នអាចចាប់យករូបភាពដែលមានគុណភាពបង្ហាញខ្ពស់ៗ និងអាចតាមដានវត្ថុដោយភាពជាក់លាក់មួយគឺពិតជាត្រូវការទិន្នន័យ, ពេលវេលា និងថាមពលយ៉ាងច្រើន។

ដូច្នេះអ្វីដែលកម្មវិធី FENCE សង្ឃឹមថានឹងធ្វើឲ្យបានសម្រេចនោះគឺការបង្កើតម៉ាស៊ីនថតដែលមានភាពវៃឆ្លាតជាងមុន និងអាចដំណើរការបានដូចទៅនឹងខួរក្បាលរបស់មនុស្សយើងអញ្ចឹង។ ដូច្នេះដើម្បីឈានទៅដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបែបនេះបាន ក្រុមអ្នកអភិវឌ្ឍន៍ត្រូវតែកាត់បន្ថយបរិមាណនៃការបញ្ចូនទិន្នន័យ និងធ្វើយ៉ាងណាឲ្យប្រព័ន្ធប្រតិបត្ដិការដំណើរការបានរហ័សជាងមុន។

លើសពីនេះអ្វីដែលគេរំពឹងទុកនោះគឺ កាំមេរ៉ាឆ្លាតវៃមួយនេះនឹងអាចប្រើប្រាស់ថាមពលមិនដល់ 1,5 វ៉ាត់ផង។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាថ្មីនេះនឹងត្រូវបង្កើតឡើងជាពិសេសសម្រាប់កងយោធារបស់សហរដ្ឋអាមេរិក ដើម្បីជំនួយដល់ការស្វែងរក និងតាមដាន ឬការចាប់យកសញ្ញាផ្សេងៗ ក្នុងពេលកំពុងបំពេញបេសកម្ម។

គួរបញ្ជាក់ផងដែរថា ភ្ងាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យា DARPA គឺជាស្ថាប័នមួយដែលទទួលខុសត្រូវលើការអភិវឌ្ឍន៍បង្កើតបច្ចេកវិទ្យាផ្សេងៗ សម្រាប់ការបម្រើក្នុងវិស័យកងទ័ពយោធារបស់សហរដ្ឋអាមេរិក។ ដោយកន្លងមក ស្ថាប័នមួយនេះបានបង្កើតឧបករណ៍វិទ្យាសាស្ដ្រជាច្រើនដូចជា Robot, យានជំនិះ និងកាំមេរ៉ាសើបការខ្នាតតូចជាដើម។