កម្ពុជា បាននាំចេញកៅស៊ូជាង ២២២ លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១

កៅស៊ូ កំពុងក្លាយទៅជាដំណាំកសិកម្មនាំចេញដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលមានកំណើនតម្រូវការផលិតកម្ម និងនាំចេញកើនឡើងជារៀងរាល់ឆ្នាំ។ បើយោងទៅតាមរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (វ.ស.ក.ក) នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញកៅស៊ូក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ សម្រេចបានចំណូលជាង ២២២ លានដុល្លារ ក្នុងនោះការនាំចេញជ័រកៅស៊ូមានតម្លៃជាង ២២១ លានដុល្លារ និងឈើកៅស៊ូជាង ៧៥ ម៉ឺនដុល្លារ។  

របាយការណ៍ខាងលើបានបង្ហាញថា នៅក្នុងប្រទេសកម្ពុជាគិតក្នុងឆ្នាំ២០២១ មានផ្ទៃដីដាំកៅស៊ូសរុបជាង ៤០៤,១៦០ ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមាន ២៩២,៥០០ ហិកតា ស្មើនឹង ៧២% នៃផ្ទៃដីដាំកៅស៊ូសរុប។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១ ផលិតផលជ័រកៅស៊ូដែលសម្រេចបានមានចំនួនសរុប ១៣៣,៣៦៧ តោន បានកើនឡើងជិត ៦% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះក៏បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសរុប ១៣២,១៧៤ តោន ដែលកើនឡើងជាង ៧% ផងដែរ ដោយតម្លៃជ័រកៅស៊ូជាមធ្យម ១,៦៨៥ ដុល្លារក្នុងមួយតោន (កើនខ្ពស់ជាងមុនជាង ២៨% ឬខ្ពស់ជាងមុន ៣៧៤ ដុល្លារក្នុងមួយតោន)។ ដូចនេះ ការនាំចេញជ័រកៅស៊ូសរុបមានតម្លៃ ២២១,៦៧៥,៧៧០ ដុល្លារ បូករួមជាមួយការនាំចេញឈើកៅស៊ូ ៧៥៦,៩៩២ ដុល្លារទៀតនោះ ធ្វើឲ្យការនាំចេញផលិតផលកៅស៊ូសរុបស្មើនឹងទឹកប្រាក់ជាង ២២២ លានដុល្លារត្រឹមពាក់កណ្ដាលឆ្នាំ២០២១ មានការកើនឡើង ៧.១៨% ធៀបទៅនឹងឆ្នាំឆមាសទី១ ឆ្នាំ២០២០។  

គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកៅស៊ូសរុបជាង ៣៤០,០០០ តោន ដែលស្មើនឹងទឹកប្រាក់ជាង ៤៥៩ លានដុល្លារ កើនឡើងដល់ជាង ៣០% បើធៀបទៅនឹងឆ្នាំ២០១៩ ហើយសម្រាប់ប្រទេសដែលជាទីផ្សារនាំចេញកៅស៊ូធំរបស់កម្ពុជា គឺប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងចិន។ យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបង្ហាញថា វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (ស.វ.ក.ក) មានតួរនាទីស្រាវជ្រាវនិងពិសោធន៍ សម្រាប់ជំរុញការអភិវឌ្ឍន៍គ្រប់ផ្នែកនៃដំណាំកៅស៊ូនៅកម្ពុជា ក្នុងគោលបំណងពង្រឹងបច្ចេកទេសសុវឌ្ឍិកម្មនៃគុណភាពកៅស៊ូ និងតម្លៃផលិតកម្មកៅស៊ូ ត្រួតពិនិត្យគុណភាពកៅស៊ូ និងចេញវិញ្ញាបនបត្របញ្ជាក់ស្របតាមលិខិតបទដ្ឋានគតិយុត្តផងដែរ។