ប្រទេសចិនដែលជាប្រទេសមានកម្រិតខ្យល់ពុលច្រើន បានដាក់ចេញនូវការចុះអនុវត្តផែនការពាណិជ្ជកម្ម ទាក់ទិននឹងការបំភាយឧស្ម័ន កាលពីពេលថ្មីៗនេះ!

ទីក្រុងប៉េកាំង៖ ប្រទេសចិនដែលជាអ្នកបញ្ចេញកាបូនដ៏ធំបំផុតរបស់ពិភពលោក បានចាប់ផ្តើមដំណើរការដែលបានគ្រោងទុកជាយូរមកហើយ នូវប្រព័ន្ធពាណិជ្ជកម្មជួញដូរបំភាយឧស្ម័ន កាលពីថ្ងៃសុក្រនេះ ដែលជាគន្លឹះដ៏សំខាន់មួយក្នុងការស្វែងរកការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរអាកាសធាតុ និងផែនការព្យាយាមក្លាយជាប្រទេសដែលគ្មានចំហេះកាបូននៅឆ្នាំ ២០៦០។

ទោះជាយ៉ាងណាក៏ដោយ សំណួរស៊ីជម្រៅនៅតែមានលើវិសាលភាព និងប្រសិទ្ធភាពដែលមានកំណត់ ជាពិសេសតម្លៃទាប ដែលត្រូវបានដាក់លើការបំពុល។ គ្រោងការណ៍នេះត្រូវបានបង្កើតឡើង នៅពេលដែលប្រទេសចិនស្វែងរកតួនាទីជាអ្នកដឹកនាំពិភពលោកលើបញ្ហាវិបត្តិអាកាសធាតុ ដែលនឹងឈានដល់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅក្នុងខែវិច្ឆិកា។

ប្រទេសចិនបានសាទរគ្រោងការណ៍នេះថា ជាមូលដ្ឋានគ្រឹះសម្រាប់អ្វីដែលនឹងក្លាយជាទីផ្សារពាណិជ្ជកម្មកាបូនធំបំផុតរបស់ពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុនចិនរាប់ពាន់ កាត់បន្ថយការបំពុលបរិស្ថានរបស់ពួកគេ ឬអាចប្រឈមនឹងការប៉ះទង្គិចសេដ្ឋកិច្ចរបស់ពួកគេយ៉ាងខ្លាំង។ វាកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីសហភាពអឺរ៉ុបបានបង្ហាញផែនការលម្អិតរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលការណ៍គ្មានចំហេះកាបូននៅឆ្នាំ ២០៥០។ ប៉ុន្តែអ្នកវិភាគនិងអ្នកជំនាញនិយាយថា ត្រូវមានរឿងធ្វើជាច្រើនទៀត ប្រសិនបើប្រទេសចិន ត្រូវបំពេញគោលដៅបរិស្ថានរបស់ខ្លួន ដែលអាចរួមមានការឈានដល់ការបំភាយឧស្ម័នដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ ២០៣០ ខាងមុខនេះ។

ប្រទេសចិនបានប្រកាសផែនការដំបូង សម្រាប់ទីផ្សារកាបូនទូទាំងប្រទេស កាលពីមួយទសវត្សរ៍មុន ប៉ុន្តែវឌ្ឍនភាពនៃផែនការត្រូវបានថយចុះ ដោយសារការទាក់ទាញឧស្សាហកម្មធ្យូងថ្ម ដ៏មានឥទ្ធិពល និងគោលនយោបាយដែលផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ចខ្ពស់ជាង បញ្ហាបរិស្ថានដែលកំពុងប្រឈម។

គ្រោងការណ៍នេះនឹងកំណត់កម្រិតបំពុលដែលចេញពីចំហេះកាបូន សម្រាប់អាជីវកម្មថាមពលធំៗជាលើកដំបូង និងអនុញ្ញាតឱ្យក្រុមហ៊ុននានាទិញសិទ្ធិក្នុងការបញ្ចេញចំហេះឧស្ម័នពីអ្នកដទៃ ដោយប្រើកម្រិតកាបូនទាបជាងគេ។

ទីផ្សារនេះ នឹងគ្របដណ្តប់លើក្រុមហ៊ុនផលិតថាមពលធំៗ ចំនួន ២.២២៥  ដែលបង្កើតប្រហែល ៧% នៃការបំភាយកាបូនពិភពលោក ចេញពីការដុតឥន្ធនៈផូស៊ីល នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency)។ ក្រុមហ៊ុនផលិតថាមពលទាំងនោះមានចំនួន ៣០% នៃឧស្ម័នធម្មជាតិ ១៣,៩២ ពាន់លានតោនដែលផលិតដោយរោងចក្រចិននៅឆ្នាំ ២០១៩។

បើយោងតាម Citygroup បានធ្វើការប៉ាន់ស្មានថាកញ្ចប់ទឹកប្រាក់ចំនួន ៨០០ លានដុល្លារ នឹងត្រូវបានទិញសម្រាប់ឆ្នាំនេះ ដែលនឹងកើនឡើងដល់ ២៥ ពាន់លានដុល្លារនៅចុងទសវត្សរ៍នេះ។ នោះនឹងធ្វើឲ្យ ផែនការពាណិជ្ជកម្មរបស់ចិនមានទំហំប្រហែល ១/៣ នៃទីផ្សារអឺរ៉ុប ដែលបច្ចុប្បន្នមានទំហំធំបំផុតនៅលើពិភពលោក។ គ្រោងការណ៍ដំបូង ត្រូវបានគេរំពឹងថានឹងមានទំហំធំជាងមុន ដែលគ្របដណ្តប់លើវិស័យចំនួន ៧ រួមមានអាកាសចរណ៍ និងឥន្ធនៈគីមី (petrochemicals)។

 

- មហិច្ចតាទាប

 

លោក Lauri Myllyvirta អ្នកវិភាគនៅមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាត (Centre for Research on Energy and Clean Air) បាននិយាយថា “ប៉ុន្តែរដ្ឋាភិបាលបានបន្ថយមហិច្ឆតា ដោយសារតែកំណើនសេដ្ឋកិច្ចមានអាទិភាព ក្នុងចំណោមការធ្លាក់ចុះ ដែលបណ្តាលមកពីជម្ងឺរាតត្បាតកូវីដ-១៩។ ផលិតកម្មធ្យូងថ្មស៊ីម៉ងត៍ និងដែកថែបរបស់ប្រទេសចិន បានកើនឡើងទាំងអស់ នៅពេលដែលរដ្ឋាភិបាលបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដល់វិស័យដែលពឹងផ្អែកលើថាមពល ដើម្បីជម្រុញកំណើននៃការលូតលាស់ឡើងវិញ បន្ទាប់ពីការរីករាលដាលនៃរោគត្បាតកូវីដ-១៩។ វិធានក្នុងការកំណត់កម្រិតនៃការបំភាយឧស្ម័ន នឹងរំខានដល់គម្រូនៃកំណើននេះ។”

កង្វល់មួយទៀតសម្រាប់អ្នកបរិស្ថាន គឺការកំណត់តម្លៃនៅទាប ដែលប្រទេសចិនកំពុងដាក់ទៅលើកម្រិតនៃការបំពុលដែលចេញពីចំហេះកាបូន ចេញពីឧស្សាហកម្ម ឬរោងចក្រថាមពលនានា។ ការបើកដំណើរការពាណិជ្ជកម្មនេះ នៅផ្សារនៅសៀងហៃកាលពីព្រឹកថ្ងៃសុក្រថ្មីៗនេះ បានចាប់ផ្តើមតម្លៃត្រឹម ៥២,៧ យន់ (៨ ដុល្លារ) ក្នុងមួយតោននៃកាបូន។

 

Citic Securities បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវថ្មីៗនេះថា តម្លៃកាបូនជាមធ្យមនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងអាចឡើងដល់ប្រហែល ៤,៦០ ដុល្លារនៅឆ្នាំនេះ ពោលគឺទាបជាងតម្លៃសហភាពអឺរ៉ុបគិតជាមធ្យមដល់ទៅ ៤៩,៤០ ដុល្លារឯណោះ ក្នុងមួយតោន។

យោងតាមក្រុមអ្នកវិភាគ TransitionZero បានឲ្យដឹងថា ការអនុញ្ញាតិឲ្យមានបំភាយចំហេះឧស្ម័នគឺមិនគិតថ្លៃឡើយ តែនៅពេលចាប់ផ្តើម នឹងការពិន័យជាប្រាក់ចំពោះការមិនគោរពច្បាប់ តែវានៅតែស្ថិតនៅក្នុងតំលៃពិន័យទាប។ ដោយឡែកសម្រាប់ ប្រទេសចិនបានកំណត់ការចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយបានប្រាប់ថា វាគ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ។

 

លោក Zhang Xiliang ប្រធានអ្នករចនាគ្រោងការណ៍ បាននិយាយកាលពីសប្តាហ៍មុនថា “គ្រោងការណ៍នេះ នឹងពង្រីកដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងក្រុមហ៊ុនអ្នកផលិតអាលុយមីញ៉ូម នឹងចាប់ពីឆ្នាំក្រោយ។ គោលដៅគឺដើម្បីពង្រីកទីផ្សារគ្របដណ្ដប់លើក្រុមហ៊ុនបំភាយឧស្ម័នចំនួន ១០.០០០ ក្រុមហ៊ុន ដែលនឹងទទួលខុសត្រូវចំពោះចំហេះកាបូនប្រហែល ៥ ពាន់លានតោនក្នុងមួយឆ្នាំ។”

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ក៏បានចង្អុលបង្ហាញផងដែរថា កំណែបច្ចុប្បន្នគឺជាទីផ្សារធំបំផុតរបស់ពិភពលោករួចទៅហើយ នៅពេលដែលវាត្រូវបានវាយតម្លៃដោយបរិមាណនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបានគ្របដណ្តប់នៅក្នុងបរិស្ថាន ជាជាងតម្លៃពាណិជ្ជកម្មនៃការដោះដូរ។ ក្តីបារម្ភផ្សេងទៀតអំពីគ្រោងការណ៍នេះ រួមមានកង្វះបច្ចេកទេស និងសម្ពាធបន្តពីឧស្សាហកម្មធ្យូងថ្ម និងដែកថែបដ៏មានឥទ្ធិពល អាចបន្ថយដំណើរការនៃគ្រោងការណ៍នេះម្តងទៀត។

 

ដោយឡែក លោក Huw Slater មកពីវេទិកាកាបូនចិន (China Carbon Forum) បាននិយាយថាមន្រ្តីនិងក្រុមហ៊ុនក្នុងស្រុក មានចំណេះដឹងតិចតួចអំពីចំនួននៃបរិមាណទៅលើការសាយភាយ ឬសូម្បីតែមូលដ្ឋានគ្រឹះ ទាក់ទិននឹងវិទ្យាសាស្ត្រអាកាសធាតុ។ ម៉្យាងតំបន់ដែលពឹងផ្អែកលើឧស្សាហកម្មធ្យូងថ្ម និងកាបូន សម្រាប់ដំណើរការលូតលាស់ នឹងមានភាពយឺតយ៉ាវក្នុងការចូលរួមក្នុងគ្រោងការណ៍នេះផងដែរ។

លោក Slater បានមានប្រសាសន៍ថា “ក្រុមមន្រ្តីមានការភ័យខ្លាច ប្រសិនបើពួកគេទប់ស្កាត់ការបំពុលបរិស្ថានបានយ៉ាងឆាប់រហ័សមែន តែវាក៏ជាកត្តាដែលអាចកាត់បន្ថយចំនួនការងារ និងអាចនាំឱ្យមានភាពវឹកវរក្នុងសង្គមផងដែរ។”