តើនឹងមានអ្វីកើតឡើង ប្រសិនបើព្រះចន្ទ មកកៀកនឹងផែនដីជាងមុន ២ ដង?

ព្រះចន្ទ គឺជាភពរណបរបស់ផែនដី មានអង្គត់ផ្ចិតតូចជាងផែនដីប្រហែល ៤ ដង និងធ្វើដំណើរគោចរជុំវិញផែនដី ដើម្បីរក្សានូវលំនឹងរង្វិលខ្ញាល់នៃអ័ក្សរង្វិលផែនដី (កម្រិតមុំ ២៣.៥ ដឺក្រេ) មានសារៈសំខាន់ណាស់ចំពោះការវិវត្តនៃអាកាសធាតុ និងរដូវ ហើយព្រះចន្ទក៏មានតួនាទីសម្រាប់បង្កើតបាតុភូតទឹកជោរ និងទឹកនាចផងដែរ។ សម្រាប់ដំណើរគោចររបស់ព្រះចន្ទ យើងអាចស្វែងយល់បន្ថែមបានតាមប្រតិទិនចន្ទគតិ (Lunar Calendar)។ ប៉ុន្តែយើងគួរដឹងថា ព្រះចន្ទមានចម្ងាយប្រមាណ ៣៨៤,៤០០ គីឡូម៉ែត្រពីភពផែនដីដើម្បីអាចបង្កើតនូវបាតុភូតទាំងនេះបាន ចុះប្រសិនបើព្រះចន្ទមកកៀកនឹងផែនដី ២ ដងនៃចម្ងាយខាងលើ តើនឹងអាចមានអ្វីកើតឡើង? ចម្លើយខ្លីគឺ ទឹកជំនន់ពាសពេញផ្ទៃផែនដី និងមហន្ដរាយជាច្រើនទៀត។ 

នៅក្នុងខ្សែភាពយន្ដមួយរបស់សហរដ្ឋអាមេរិចមានចំណងជើងថា Bruce Almighty កាលពីឆ្នាំ២០០៣ សម្តែងដោយលោក Jim Carrey តួអង្គនោះលោកត្រូវបានព្រះប្រទានថាមពលពិសេសមួយ ដែលមានសមត្ថភាពអាចធ្វើអ្វីៗដែលលោកចង់បាន ហើយនៅក្នុងឈុតមួយនោះ លោកបានទាញព្រះចន្ទមកកៀកនឹងផែនដី ដើម្បីជូនមិត្តស្រីរបស់លោក ស្របពេលជាមួយគ្នាសារព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍ខាងក្រោយ (background) បានរាយការណ៍ពីភាពវឹកវរនៃទឹកជំនន់យ៉ាងខ្លាំងដែលកំពុងកើតឡើង។ 

ជាការពិតណាស់ ឈុតឆាកមួយនៅក្នុងសាច់រឿងខាងលើនេះវាស្ទើរតែដូចការពិត ព្រោះថាព្រះចន្ទមានទំនាញទៅលើមហាសមុទ្រនេះភពផែនដី ប្រសិនបើអ្នកធ្លាប់ទៅកម្សាន្ដតំបន់ឆ្នេរនាពេលរាត្រីដែលមានព្រះចន្ទរះ លោកអ្នកនឹងឃើញបាតុភូតទឹកជោរឡើងលើឆ្នេរ ប៉ុន្តែបើគ្មានព្រះចន្ទទឹកនឹងនាចទៅវិញ។ នេះក៏ដោយសារតែ ព្រះចន្ទមានទំហំតូចជាផែនដី មានទំនាញខ្សោយអាចទាញបានតែទឹកសមុទ្រដែលមានម៉ាសទាបប៉ុណ្ណោះ មិនធៀបនឹងសំទុះទំនាញរបស់ភពផែនដី ៩.៨១ ម៉ែត្រ/មួយវិនាទីការ៉េ (ច្បាប់ញូតុន) បាននោះទេ។

លោក Neil Comins រូបវិទូនៃសកលវិទ្យាល័យ University of Maine សហរដ្ឋអាមេរិចបានបង្ហាញថា ចំពោះសេណារីយ៉ូមួយ ប្រសិនបើព្រះចន្ទធ្វើដំណើរមកកៀកនឹងផែនដីជាងមុន ២ ដងនោះកម្លាំងទំនាញនឹងកើនឡើងខ្ពស់ជាងមុន ៨ ដងទៅលើទឹកសមុទ្រ ដែលអាចបង្កើតទៅជាទឹកជោរខ្ពស់ជាងមុនខ្លាំង បណ្ដាលឲ្យមានទឹកជំនន់ជាច្រើនជាពិសេសតំបន់មាត់សមុទ្របច្ចុប្បន្នមិនអាចរស់នៅបាននោះទេ ហើយកោះមួយចំនួននឹងត្រូវលិចបាត់តែម្ដង។ ម្យ៉ាងវិញទៀត លោកស្រីបណ្ឌិត Jazmin Scarlett សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រផែនដី និងភ្នំភ្លើងវិទ្យា នៅសកលវិទ្យាល័យ Queen Mary University ទីក្រុងឡុងដ៍ បានបន្ថែមថា ប្រសិនបើព្រះចន្ទមកកៀកនឹងផែនដីជាងមុន ២ ដងវានឹងអាចប៉ះពាល់យ៉ាងខ្លាំងទៅលើស្រទាប់សំបកផែនដី ជាពិសេសអាចបង្កទៅជារញ្ជួយផែនដីយ៉ាងញឹកញាប់ និងបន្ទុះភ្នំភ្លើងច្រើនជាងមុនផងដែរ ប្រៀបដូចជាភពព្រហស្បតិ៍ (Jupiter) ដែលមានភពរណបមួយឈ្មោះថា Lo ជាភពមានបន្ទុះភ្នំភ្លើងច្រើនជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ។ 

ក្រៅពីបាតុភូតទឹកជំនោរឡើងខ្ពស់ និងបាតុភូតលើស្រទាប់សំបកផែនដី សេណារីយ៉ូព្រះចន្ទមកកៀកផែនដីជាងមុន ២ ដងនេះក៏នឹងបង្អាក់ដល់រង្វិលផែនដីផងដែរ ពោលគឺពេលវេលានៅលើផែនដីនឹងយឺតជាងមុនក្នុងមួយថ្ងៃលើសពី ២៤ ម៉ោង ហើយក្នុងមួយសតវត្ស នឹងមានពេលវេលាប្រមាណមួយពាន់វិនាទីបន្ថែមទៀត ប្រហែលជាមិនគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែវានឹងប្រែប្រួលខ្លាំងទៅលើពេលវេលានិងរដូវ។ លើសពីនេះទៀត នៅពេលយប់ពន្លឺព្រះអាទិត្យមកព្រះចន្ទ នឹងផ្លាតជះខ្លាំងមកភពផែនដី ជាពិសេយើងនឹងបានឃើញបាតុភូតសូរ្យគ្រាសកាន់តែញឹកញាប់។