រដ្ឋបាលខេត្តកំពត បាននិងកំពុងរៀបចំទីលានចាក់សំរាមថ្មីមួយសម្រាប់ទីក្រុងកំពត មានទំហំជាង ១០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ហើយការដ្ឋាននេះត្រូវបានទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហ័រណនីហ័រណដឹកជញ្ជូននិងសំណង់ ដោយប្រើប្រាស់ពេលសាងសង់ ១ ឆ្នាំដើម្បីបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២។
យោងតាមការចុះត្រួតពិនិត្យ ទីលានចាក់សំរាម ដោយឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីម្សិលមិញ បានបង្ហាញថា ការដ្ឋានទីលាននេះបានផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ និងគ្រោងសម្រេចឲ្យបាន ១០០% នៅពាក់កណ្ដាលឆ្នាំ២០២២។ គម្រោងទាំងមូល ត្រូវបានគ្រប់គ្រងផែនការដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលរាជរដ្ឋាភិបាលអនុញ្ញាតអភិវឌ្ឍន៍ក្រុងរបៀង២ ចំណែកថវិកានៃគម្រោងសាងសង់ទីលានចាក់សំរាមនេះ ជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ២ លានដុល្លារ ហើយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ ដែលអនុវត្តរួមមាន៖
១. ទីលានចាក់សំរាម ២ ថត ចំនួន ២ ទីតាំង
២. ស្រះទឹកសំអាតទឹកកខ្វក់ចេញពីសំរាមចំនួន ២
៣. ទីលានត្រង់ទឹកកខ្វក់ និងលំហួត
៤. អគាររដ្ឋបាល ប៉ុស្តិ៍យាម
៥. អណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក
៦. កន្លែងថឹ្លងរថយន្ដ
៧. សាងសង់ផ្លូវចូលទីលានចាក់សំរាម
៨. កន្លែងស្ដុក និងញែកសំរាម
៩. ធ្វើរបងព័ទ្ធជុំវិញទីលានចាក់សំរាម បច្ចុប្បន្នសម្រេចបាន ១៦% មកហើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាអនាម័យ បរិស្ថាន និងការបង្កើតទីលានចាក់សំរាមថ្មីៗគឺជាបញ្ហាសំខាន់ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ធ្វើឲ្យប្រសើរឡើងនៅគ្រប់ទីក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីរក្សាឲ្យសោភ័ណភាពទីក្រុងស្អាត និងសុខមាលភាពប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ មានកាកសំណល់រឹង និងសំរាមប្រមាណ ២ ពាន់តោនក្នុងមួយថ្ងៃ ដោយរដ្ឋបាលរាជធានីកំពុងរៀបចំទីលានចាក់សំរាមថ្មីៗចំនួន ៣ កន្លែង, នៅខេត្តព្រះសីហនុ បានរៀបចំទីលានចាក់សំរាមថ្មីទំហំសរុប ៥១ ហិកតា នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់, នៅខេត្តបាត់ដំបង កំពុងរៀបចំទីលានកប់សំរាមថ្មីទំហំ ២១ ហិកតា នៅភូមិពយស្វាយ ឃុំតាគ្រៀង ស្រុកបាណន់, ចំណែកនៅខេត្តកំពត ក៏កំពុងរៀបចំទីលានចាក់សំរាមថ្មីទំហំជាង ១០ ហិកតានៅស្រុកទឹកឈូផងដែរ។