ដឹងអត់ថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាងសង់តាំងពីឆ្នាំណា?


ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជាធ្លាប់បានដឹងអំពីប្រវត្តិខ្លះៗរបស់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញរួចមកហើយ ប៉ុន្តែសម្រាប់អ្នកមិនដែលស្គាល់ទេ ថ្ងៃនេះគេហទំព័រ Cambodia Property Report សុំលើកប្រធានបទនេះមករៀបរាប់បន្ដិចចុះ ដើម្បីឲ្យប្រជាជនខ្មែរបានដឹងព័ត៌មានមួយចំនួនអំពីវា ព្រោះវាជាអាកាសយានដ្ឋានដំបូងរបស់កម្ពុជា ជាព្រលានយន្ដហោះធំជាងគេ និងមមាញឹកជាងគេបំផុតផងដែរ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ (វត្តភ្នំ) នៅលើបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទៅដល់រង្វង់មូលចោមចៅ ដែលកាលពីមុនវាមានឈ្មោះថា អាកាសយាន្ដដ្ឋានអន្តរជាតិពោធិ៍ចិនតុង ក្រោយមកក្នុងឆ្នាំ ២០០៣ ទើបឈ្មោះត្រូវបានកែប្រែមកជា អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ វិញ។ ព្រលានយន្ដហោះនេះ ត្រូវបានសាងសង់ដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ ហើយសាងសង់រួច និងសម្ពោធនៅក្នុងឆ្នាំ ១៩៥៩ ដែលមានទំហំជិត ៣៨៧ហិកតា ក្នុងនោះមានផ្លូវចុះចត និងហោះឡើងប្រវែង ៣,០០០ ម៉ែត្រ ហើយក្រោយមកក្នុងឆ្នាំ ១៩៩៤ ផ្លូវចុះចតនិងហោះឡើងនេះ ត្រូវបានជួសជុលស្ថាបនាឡើងវិញដោយក្រុមហ៊ុនជប៉ុន និងសង់បន្ថែមបន្ថែម ៣៥០ ម៉ែត្រទៀត សរុបគឺ ៣ ៣៥០ ម៉ែត្រ និងទទឹងទំហំ ៥០ ម៉ែត្រ ដើម្បីអាចឲ្យយន្ដហោះខ្នាតធំៗចុះចូលបានងាយស្រួលជាងមុន។

បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាចទទួលអ្នកដំណើរបានដល់ខ្ទង់ ៥ លាននាក់ក្នុងមួយឆ្នាំ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិជាច្រើន រួមមាន Cambodia Angkor Air, Air Asia, Bankok Airways, China Airlines, EVA Air, Jetstar Asia Airways, Qatar Airways, Korean Air -ល-។

រាជរដ្ឋាភិបាល ក៏បានសាងសង់ព្រលានយន្ដហោះខ្នាតអន្តជាតិថ្មី មួយទៀតផងដែរ ដើម្បីលើកកម្ពស់ ផ្នែកអាកាសចរណ៍ឲ្យបានរីកចម្រើនជាងមុន ដោយវាស្ថិតនៅក្នុងខេត្តកណ្ដាល ហួសក្រុងតាខ្មៅប្រហែល ១០គីឡូម៉ែត្រដែរ មានទំហំដល់ ២ ៦០០ ហិកតាឯណោះ ក្នុងរង្វង់ទឹកប្រាក់ ១,៥ ពាន់លានដុល្លារឯណោះ ក្រោមការវិនិយោគបរទេស ៩០% និងលេខាធិការដ្ឋានអាកាសចរស៊ីវិលរដ្ឋាភិបាល ១០% ដែលធ្វើឲ្យតំបន់នោះ អាចក្លាយជាគោលដៅអភិវឌ្ឍន៍ថ្មី របស់គម្រោងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងជាក្លាយគម្រោងប្រវត្តិសាស្ត្រ ព្រមទាំងជាផ្នែកមួយ ក្នុងការផ្សព្វផ្សាយពីអរិយធម៌ វប្បធម៌ខ្មែរទៀតផង។ អាកាសយានដ្ឋានអន្តរជាតិថ្មី ត្រូវបានស្គាល់ថាជា "អាកាសយានដ្ឋានអន្តរជាតិតេជោ" ដែលនឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងខែកក្កដាឆ្នាំ ២០២៥ ខាងមុខនេះ ជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ។