បើគ្រាន់តែអាចចំណងជើងអត្ថបទនេះ យើងជឿជាក់ថា មនុស្សមួយចំនួនមានសុទិដ្ឋិនិយមមើលឃើញថាសេដ្ឋកិច្ចវៀតណាមអាចឡើងខ្ពស់ជាងសិង្ហបុរីនៅថ្ងៃមុខជាក់ជាមិនខាន ចំណែកមនុស្សមួយចំនួនទៀតវិញ អាចសន្មត់កាត់សេចក្ដីបានថា វៀតណាមគ្មានថ្ងៃឡើងដល់សិង្ហបុរីនោះទេ។ ប៉ុន្តែយើងងសាកល្បងដកឃ្លាមួយជំហ៊ានចេញពីគំនិតទាំងអស់នោះ ហើយសម្លឹងមើលឲ្យបានឆ្ងាយបន្ដិច និងវិភាគទាំងអស់គ្នាថាតើសេដ្ឋកិច្ចរបស់វៀតណាមអាចឡើងខ្ពស់ជាងសិង្ហបុរីបានឬអត់នៅឆ្នាំ ២០២៩?
ថ្មីៗនេះរបាយការណ៍ស្រាវជ្រាវរបស់ធនាគារ DBS ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី បានបង្ហាញសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម មានកំណើនយ៉ាងខ្លាំងនៅលើឆាកអន្ដរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រឹមតែរយៈពេល ១០ ឆ្នាំទៀតប៉ុណ្ណោះ សេដ្ឋកិច្ចរបស់វៀតណាមនឹងឡើងខ្ពស់ជាងសិង្ហបុរី ជាក់ជាមិនខាន។ លោក Irvin Seah ជាសេដ្ឋកិច្ចវិទូជាន់ខ្ពស់នៅក្នុងធនាគារ DBS មើលឃើញថា ប្រទេសវៀតណាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងតំបន់ ចន្លោះពី ៦% ទៅ ៦.៥% ក្នុងមួយឆ្នាំ ក្នុងនោះរួមចំណែកដោយកំណើនផលិតកម្មមានទំហំ ៥.៥% និងកំណើនមនុស្សពេញវ័យ (កម្លាំងពលកម្ម) មានទំហំ ១% ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសវៀតណាម មានឱកាសច្រើនក្នុងការត្រៀមក្លាយជាប្រទេសសេដ្ឋកិច្ចខ្ពស់ ប្រចាំតំបន់បាន។

ជាដំបូងយើងគម្បីស្វែងយល់ថា តើសេដ្ឋកិច្ចឡើងខ្ពស់នោះ សំដៅទៅលើអ្វី?
ពាក្យថាសេដ្ឋកិច្ច នៅក្នុងរបាយការណ៍នោះគឹសំដៅទៅលើផលិតផលក្នុងស្រុកសរុប ដែលប្រទេសមួយអាចផលិតបាន ឬយើងនិយមហៅថា GDP (Gross Domestic Product) ហើយនៅក្នុងរយៈពេលត្រឹមតែ ១ ត្រីមាសដំបូងក្នុងឆ្នាំ ២០១៩ នេះប៉ុណ្ណោះ កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាម មានកំណើនដល់ ៦.៨% ដែលបច្ចុប្បន្ននេះ ទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមគឺ ២២៤ ពាន់លានដុល្លារ ស្មើរនឹង ៦៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរី ដែលមានទំហំ ៣២៤ ពាន់លានដុល្លារ ទៅហើយ។
អញ្ចឹង យើងមើលឃើញហើយថា ត្រឹមតែ ៣១% ទៀតប៉ុណ្ណោះ ដែលសេដ្ឋកិច្ចរបស់វៀតណាមត្រូវតាមឲ្យទាន់ សេដ្ឋកិច្ចរបស់សិង្ហបុរី។ ជាងនេះទៅទៀត សេដ្ឋកិច្ចរបស់វៀតណាមមានកំណើនខ្ពស់ដល់ ៦.៥% ជារៀងរាល់ឆ្នាំ ធៀបនឹងកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរី ២.៥% ក្នុងមួយឆ្នាំ (ជាមធ្យម) ដូចនេះពាក្យដែលធនាគារ DBS បានលើកឡើងថា សេដ្ឋកិច្ចវៀតណាម នឹងឡើងខ្ពស់ជាងសិង្ហបុរីនៅក្នុងឆ្នាំ ២០២៩ គឺជាការពិតមួយប្រកែកមិនបាន នៅក្នុងករណីដែលវៀតណាមអាចរក្សាស្ថេរភាពនៃកំណើនសេដ្ឋកិច្ចនេះបានជាប់ ដោយមិនមានផលអវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មទេនោះ។

តើកត្ដាអ្វីខ្លះដែលធ្វើឲ្យសេដ្ឋកិច្ចវៀតណាមកើនយ៉ាងរហ័សបែបនេះ?
នៅក្នុងឆ្នាំ ២០១៩ ប្រទេសវៀតណាមគឺជាគោលដៅធំបំផុតរបស់ FDI (Foreign Direct Investment) ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ បានចាក់ទុកវៀតណាមជាប្រទេសអទិភាពក្នុងការវិយោគ ដូចជាប្រទេសចិន ត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៩ បានវិនិយោគវៀតណាមក្នុងរង្វង់ទឹកប្រាក់ ១.៣ ពាន់លានដុល្លារ ហើយទំហំវិនិយោគមានកំណើនប្រហែល ២០០ លានដុល្លារជារៀងរាល់ឆ្នាំ ពីព្រោះពន្ធរបស់ប្រទេសវៀតណាម នាំទំនិញចេញទៅសហរដ្ឋអាមេរិច មានទំហំតូចជាពន្ធដែលប្រទេសចចិននាំចេញទៅសហរដ្ឋអាមេរិចឆ្ងាយណាស់។
តក្តាធំៗដែលធ្វើឲ្យសេដ្ឋកិច្ចវៀតណាមកើនខ្លាំងនោះរួមមាន៖
- ជម្លោះពាណិជ្ជកម្មរវាងចិន-អាមេរិច៖ វៀតណាមកំពុងសំងំទទួលផលប្រយោជន៍យ៉ាងច្រើនពីជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំង ២ ដែលការវិនិយោគរបស់ប្រទេសចិន បានហូរចូលមកវៀតណាមច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងទៀត វៀតណាមក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសជាច្រើនទៀតផងដែរ ធ្វើឲ្យប្រទេសចិន ចូលមកវិនិយោគវិស័យផ្សេងៗនៅវៀតណាមច្រើនឡើង។
- អទិភាពនៃស្ថានីយ៍អគ្គិសនី៖ វៀតណាមជាប្រទេសដែលផលិតផលថាមពលអគ្គិសនីធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រទេសធំទី ២ ដែលបានលក់ថាមពលចេញទៅក្រៅប្រទេស។ ការវិនិយោគថាមពលអគ្គិសនីធំនេះហើយ ធ្វើឲ្យក្រុមហ៊ុនអេឡិចត្រូនិចធំៗងាយស្រួលក្នុងការចូលមកប្រទេសរបស់ខ្លួន ដូចជា Samsung និង Microsoft ជាដើម។
- តម្លៃពលកម្មទាប៖ បើធៀបជាមួយប្រទេសចិន តម្លៃពលកម្មនៅក្នុងប្រទេសវៀតណាមទាបជាង ៣ ដង ដែលជាហេតុផលធំបំផុតនៃក្រុមហ៊ុនអេឡិចត្រូនិច ចាប់ផ្ដើមបោះទុនមកវៀតណាម ដោយរំលងប្រទេសចិន ហើយក្រុមហ៊ុនចិនផ្ទាល់ ក៏ចូលមកវៀតណាមផងដែរ ដើម្បីចំណេញតម្លៃពលកម្មនេះ។
- ធនធានមនុស្ស៖ តាមរបាយការណ៍របស់ធនាគារពិភពលោក World Bank Human Capital Index ប្រទេសវៀតណាមជាប្រទេសលំដាប់ទី ២ ដែលមានធនធានមនុស្សក្មេងៗច្រើនជាងគេនៅអាស៊ាន។ ប្រជាជនវៀតណាមចំនួន ៩៥ លាននាក់ ក្នុងនោះ ៥៤ លាននាក់សុទ្ធសឹងជាមនុស្សពេញកម្លាំង និងមានជំនាញខ្ពស់ មានអាយុក្រោម ៣០ ឆ្នាំ។
- ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ៖ ប្រទេសវៀតណាមបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ៥.៨% នៃចំនួន GDP សរុបរបស់ខ្លួន ជាចំនួនធំជាងគេបំផុតនៅអាស៊ាន ដែលគេអាចមើលឃើញថា វានឹងជួយដល់ការអភិវឌ្ឍន៍រយៈពេលវែងទៅលើវិស័យសេដ្ឋកិច្ចរបស់គេ។
- លំនឹងសេដ្ឋកិច្ច៖ ដូចបានរៀបរាប់ខាងលើរួចមកហើយ ប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យម ៦.៥% និងផលិតផលក្នុងសរុប (GDP) ខ្ពស់មួយ នៅអាស៊ានដីគោករបស់យើង និយាយឲ្យចំគឺ GDP ខ្ពស់ជាងប្រទេសកម្ពុជា, ឡាវ, និងមីយ៉ាន់ម៉ា នៅក្រោមតែប្រទេសថៃប៉ុណ្ណោះ។
- ស្ថេរភាពនយោបាយ៖ វៀតណាមមិនត្រឹមតែមានស្ថេរភាពនយោបាយនោះទេ ប៉ុន្តែគេក៏មានគោលនយោបាយដើម្បីទាក់ទាញវិនិយោគិនពីបរទេសផងដែរ ជាក់ស្ដែងដូចជាការបន្ធូបន្ធយពន្ធលើប្រាក់ចំណូលសាជីវកម្ម ដល់វិនិយោគិន ជាដើម។

តើប្រទេសសិង្ហបុរី មានអ្វីត្រូវបារម្ភឬទេ ចំពោះការរីកធំនៃសេដ្ឋកិច្ចវៀតណាមនេះ?
ដូចដែលបានលើកឡើងខាងលើរួចមកហើយថា របាយការណ៍សេដ្ឋកិច្ចវៀតណាមនេះ ត្រូវបានចេញផ្សាយដោយធនាគារ DBS Bank Ltd, ដែលជាក្រុមហ៊ុនរបស់សិង្ហបុរី ប៉ុន្តែគេក៏គ្មានអ្វីត្រូវភ្ញាក់ផ្អើល ហើយក៏គ្មានអ្វីត្រូវបារម្ភដែរ។ ម្យ៉ាងសិង្ហបុរី ជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ស្រាប់ ប្រសិនបើគិតទៅលើ GDP Per Capita ដែលយកកម្រិត GDP ធៀបជាមួយចំនួនប្រជាជននោះ សិង្ហបុរីគឺជាប្រទេសដែលមានកម្រិតជីវភាពខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដល់ទៅ ៥៧,៧១៤ ដុល្លារ PPP (Purchasing Power Parity)។ ម្យ៉ាងទៀត សិង្ហបុរីមិនមែនជាប្រទេសដែលមាន GDP ខ្ពស់ជាងគេ នៅអាស៊ីអាគ្នេយ៍ឡើយ ពោលប្រទេសសិង្ហបុរីមានកម្រិត GDP ត្រឹមតែ ៣២៤ ពាន់លានដុល្លារ នៅក្រោយប្រទេសថៃ ដែលមានកម្រិត GDP ៤៥៥ ពាន់លានដុល្លារ និងប្រទេសឥណ្ឌូនេស៊ី ដែលមានកម្រិត GDP ១ រយម៉ឺនលានដុល្លារ។ ប៉ុន្តែសួរថា តើប្រជាជននៃប្រទេសទាំង ២ ខាងលើ មានជីវភាពខ្ពស់ជាងសិង្ហបុរីឬទេ នៅពេលដែលយកចំនួនផលិតផលក្នុងស្រុកសរុប (GDP) ទៅចែកនឹងចំនួនប្រជាជន? ព្រោះប្រជាជនថៃមានចំនួន ៦៩ លាននាក់ និងប្រទេសឥណ្ឌូនេស៊ី មានចំនួន ២៦៤ លាននាក់ ខណៈប្រទេសសិង្ហបុរីមានចំនួនប្រជាជនត្រឹមតែ ៥.៦ លាននាក់ប៉ុណ្ណោះ ប៉ុន្តែអាចផលិត ផលិតផលក្នុងស្រុកសរុប (GDP) បានខ្ពស់លំដាប់លេខ ៣ នៅតំបន់អាស៊ីអាគ្នេយ៍។
ស្រដៀងគ្នាអញ្ចឹងដែរ កាលពីឆ្នាំ ២០១១ ព្រឹត្តិការណ៍បម្រែបម្រួលយក្សសេដ្ឋកិច្ចពិភពលោក ដែលប្រទេសចិនបានដណ្ដើមដំណែងជាមហាយក្សសេដ្ឋកិច្ចលំដាប់ទី ២ ពីប្រទេសជប៉ុន ដែលបានក្ដោបរយៈពេល ៤០ មកហើយនោះ។ ប៉ុន្តែយើងត្រូវសួរថា តើប្រជាជនចិនមានជីវភាពខ្ពស់ជាងប្រជាជនជប៉ុនឬទេ ប្រសិនបើយើងយកចំនួនប្រជាជនចិន ១.៤ ពាន់លាននាក់ ធៀបជាមួយជប៉ុនត្រឹមតែ ១២៦ លាននាក់ ហើយគេអាចផលិត ផលិតផលក្នុងស្រុកសរុប (GDP) បានច្រើនប្រហាក់ប្រហែលគ្នាបែបនេះ?