សេអ៊ូល៖ កំណើននៃការនាំចេញផលិតផលយ៉ាងច្រើនសំបូរបែប ពិសេសគឺជាបន្ទះឈីប សម្រាប់ប្រើប្រាស់នៅលើរថយន្ត គ្រឿងចក្រ ផលិតផលអេឡិចត្រូនិចជាច្រើន របស់កូរ៉េខាងត្បូង បានបន្តកើនឡើងក្នុងល្បឿនមួយយ៉ាងលឿន ថែមទាំងមានទីផ្សារនាំចេញក្នុងទំហំធំ ក្រោមការបញ្ជាទិញពីបណ្ដាប្រទេសជាច្រើនទូទាំងសកលលោក។
ការនាំចេញផលិតផលរបស់កូរ៉េខាងត្បូង ទៅកាន់ទីផ្សារអន្តរជាតិបានស្ថិតក្នុងចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងខែសីហា កន្លងទៅនេះ ចំនួននោះបានកើនឡើងយ៉ាងច្រើន រហូទដល់ទៅ ៣៤.៩% បើធៀបទៅនឹងខែសីហា ឆ្នាំ២០២០ កន្លងទៅ។ ចំនួនកើនឡើងនេះ គឺជាការបន្តហក់ឡើងជាប់ៗគ្នាអស់រយៈពេល ៨ ខែមកហើយ គិតចាប់តាំងពីខែមករា ដើមឆ្នាំ ២០២១ ហើយតាមការព្យាករណ៍ទៅមុខគឺថា កូរ៉េខាងត្បូង នឹងបន្តទទួលបានលទ្ធផលល្អប្រសើរថែមទៀតជុំវិញការនាំចេញរបស់ខ្លួននាខែកញ្ញានេះ។
តាមរយៈរបាយការណ៍ និងទិន្នន័យផ្លូវការ ចេញដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃពុធដើមខែកញ្ញា បានឱ្យដឹងដូច្នេះថា តម្រូវការសកល បានធ្វើឱ្យការនាំចេញរបស់កូរ៉េខាងត្បូងកើនឡើងខ្ពស់ ពិសេសគឺគ្រឿងបង្គុំ ជាប្រភេទបន្ទះឈីប កើនឡើងបាន ៤៣.០% គីមីឥន្ធនៈ (Petrochemicals) កើនឡើងដល់ទៅ ៨១.៥% និង រថយន្ត គ្រឿងចក្រនានា បានកើនឡើងខ្ពស់ជាងគេស្ថិតក្នុងអត្រា ១៦.៩% ខណៈតួរលេខនៃផលិតផលស្ថិតក្នុងតារាងកំពូលផ្សេងទៀតដូចជា ផលិតផលជីវៈសុខភាព អាគុយ ថ្មពិល បានកើនឡើងខ្ពស់ផងដែរ។
តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា សន្ទុះនៃការនាំចេញក្នុងទំហំមួយមិនគួរឱ្យជឿនេះ កូរ៉េខាងត្បូង បានផ្គត់ផ្គង់ទៅដល់ទីផ្សារសហភាពអឺរ៉ុប (EU) ច្រើនជាងគេ ឈរក្នុងតារាងលេខ១ ឬស្មើនឹងអត្រា ៤១.៦% និងផ្គត់ផ្គង់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ឈរក្នុងលំដាប់លេខ២ ឬស្មើនឹងអត្រា ៣៨.១% និងទៅកាន់ទីផ្សារចិន លេខរាងទី៣ ឬស្មើនឹងអត្រា ២៦.៨%។ ទោះបីជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ ១៩ ដែលបានបម្លែងខ្លួនប្រភេទថ្មី (Delta) បានកំពុងបង្ករឱ្យមានផលប៉ះពាល់ និងហានិភ័យផងដែរ ដោយហេតុថាជំងឺប្រភេទថ្មីបានកំពុងកើនឡើងនៅតាមបណ្ដាប្រទេសជាច្រើន ហើយបានកំពុងប៉ះពាល់ទៅដល់សកម្មភាពនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។
ក្រៅពីការនាំចេញ ការនាំចូលរបស់កូរ៉េខាងត្បូង ក៏មានតួរលេខកើនឡើងផងដែរស្ថិតក្នុងអត្រា ៤៤.០% បើធៀបទៅនឹងខែសីហា ឆ្នាំ២០២០ កន្លងទៅ និងជាអត្រាកើនឡើងពី ៣៨.១% ក្នុងខែមិថុនា។ ការកើនឡើងនៃការនាំចូលនេះគិតជាទឹកប្រាក់ស្មើនឹងជាង ១.៦៧ ពាន់លានដុល្លារ ដែលកូរ៉េខាងត្បូងត្រូវការជាចាំបាច់សម្រាប់ផ្គត់ផ្គង់ទៅដល់ទីផ្សារក្នុងស្រុក ក៏ដូចជាវត្ថុធាតុដើមក្នុងការផលិត ដើម្បីនាំចេញទៅក្រៅស្រុកវិញផងដែរ៕