វិស័យសំណង់ស្ថាបត្យកម្មនៅក្នុងប្រទេសចិនចាប់ផ្ដើមរីកលូតលាស់ចាប់តាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ។ ដោយក្នុងនោះយើងឃើញមានថាការអភិវឌ្ឍន៍យ៉ាងច្រើនដូចជាការសាងសង់អគារ Apartment, ផ្សារទំនើប, ការិយាល័យ និងគម្រោងស្ថាបត្យកម្មដ៏ទៃជាច្រើនទៀត។ មូលហេតុនេះហើយ បានធ្វើឲ្យប្រទេសចិនអាចស្រូបយកគម្រោងស្ថាបត្យកម្មផ្សេងទៀតជាច្រើនជុំវិញពិភពលោកមកធ្វើការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។ ខាងក្រោមនេះគឺជាសំណង់ស្ថាបត្យកម្មទាំង ៥ ដែលត្រូវបានចាត់ទុកថាជាស្ថាបត្យកម្មច្នៃប្រឌិតល្អបំផុតប្រចាំប្រទេសចិន។
1. ព្រលានយន្ដហោះអន្ដរជាតិ Beijing Daxing

ជាមួយការរចនាពិដានដែលគួរឲ្យចាប់អារម្មណ៍ និងមានប្រព័ន្ធខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់បានធ្វើឲ្យអាកាសយានដ្ឋានអន្តរជាតិប៉េកាំងដាកស៊ីង (ភីខេអេច) នេះក្លាយជាព្រលានយន្ដហោះមួយដែលមានខ្យល់អាកាសបរិសុទ្ធ និងបរិយាកាសដែលមានផាកសុខភាពដល់អ្នកធ្វើដំណើរ។ ដោយផ្អែកលើគោលការណ៍ស្ថាបត្យកម្មប្រពៃណីចិន ដូច្នេះការរចនាម៉ូដដំបូលអគារត្រូវបានយកលំនាំតាមផ្កាយសមុទ្រ។

អ្នកដំណើរអាចរីករាយជាមួយផ្នែកខាងក្នុងនៃអគារដែលពោរពេញទៅដោយពន្លឺភ្លើង និងមានហាងលក់សំភារៈផ្សេងៗ ដើម្បីជួយកាត់បន្ថយភាពតានតឹងក្នុងការធ្វើដំណើរផងដែរ។
2. សាលមហោស្រព Harbin Grand

សាលមហោស្រពនេះមានទីតាំងស្ថិតនៅតាមបណ្តោយច្រាំងខាងជើងទន្លេសុងហួនៅទីក្រុងហាប៊ីន។ រោងមហោស្រពត្រូវបានរចនាឲ្យមើលទៅមានរូងរាងដូចជាខ្យល់គួច និងដំណក់ទឹកអញ្ចឹង។ រោងមហោស្រពនេះត្រូវបានបែងចែកជាពីរ ប៉ុន្ដែត្រូវបានរចនាឲ្យនូវជាប់គ្នាទាំងពីរដែលអាចដាក់មនុស្សរហូតដល់ ២០០០ នាក់ ជាមួយនឹងលក្ខណៈសិល្បៈផ្ទាល់ខ្លួន។

ផ្នែកខាងក្រៅនៃរោងមហោស្រពនេះត្រូវបានគ្រប់ដណ្ដប់ដោយបន្ទះអាលុយមីញ៉ូមពណ៌សរលោងដើម្បីឆ្លុះបញ្ចាំងពីកម្លាំង និងស្មារតីនៃទីរហោស្ថាន និងអាកាសធាតុត្រជាក់នៅភាគខាងជើងនៃទីក្រុង។ អ្នកទស្សនាដែលចូលមកដំបូងត្រូវបានស្វាគមន៍ដោយបន្ទប់រង់ចាំដ៏ធំមួយដែលត្រូវបានបំភ្លឺដោយពិដានកញ្ចក់ដ៏ខ្ពស់ខាងលើ បន្ទាប់មកនៅខាងមុខគឺជាងច្រកទៅកាន់ មហោស្រពធំដែលជាការរចនាចេញពីបន្ទះឈើ ជាមួយនឹងកៅអីព័ណ៌ក្រហម។
3. ផ្ទះជញ្ជាំងឬស្សី (Great Bamboo Wall)

រចនាសម្ព័ន្ធនេះត្រូវបានរចនាដោយស្ថាបត្យករអាស៊ី ១០ រូប និងមានទីតាំងស្ថិតនៅខេត្ដ Beijing ប្រទេសចិន។ ជញ្ជាំងឬស្សីដ៏ស្រស់ស្អាតនេះគឺជាលំនៅដ្ឋានតូចមួយដែលត្រូវបានសាងសង់ឡើងនៅកណ្តាលព្រៃនៃក្បែរបរិវេណជញ្ជាំងមហាកំផែង (The Great Wall) ។

វាជារចនាសម្ព័ន្ធមួយដែលរួមបញ្ចូលគ្នារវាងរចនាបថស្ថាបត្យកម្មប្រពៃណីចិនជាមួយនឹងប្រពៃណីជប៉ុនដើម្បីឆ្លុះបញ្ចាំងពីក្រមសីលធម៌ និងសោភ័ណភាពនៃអរិយធម៌បូព៌ា។ អ្វីដែលពិសេសនោះគឺអ្នកទស្សនាអាចមើលទេសភាពខៀវស្រងាត់នៃជ្រលងភ្នំចេញពីផ្ទះឬស្សីនេះបានទៀតផង។
4. សារមន្ទី Liyang

សារមន្ទី Liyang នេះគឺជារូបតំណាងខេត្តជាំងស៊ូដែលបង្ហាញពីភាពទាក់ទាញនៃវប្បធម៌ និងប្រពៃណីក្នុងតំបន់។ ការរចនាប្លង់សារមន្ទីនេះគឺជាការយកលំនាំតាមឧបករណ៍តន្រ្ដីម្យ៉ាងដែលជាឧបករណ៍តន្រ្តីចិន និងជានិមិត្តសញ្ញាវប្បធម៌មួយរបស់តំបន់នោះផងដែរ។

សារមន្ទីរនេះមានទីតាំងស្ថិតនៅជម្រាលកូនភ្នំសប្បនិមិត្ដព័ណ៌បៃតងុមួយដែលមានការរចនាឲ្យមានច្រកចូលជាច្រើនដើម្បីឱ្យអ្នកទស្សនាអាចចូលបានយ៉ាងរលូនតាមចន្លោះខាងក្នុង និងខាងក្រៅ។
5. សាលពិព័ណ៌វប្បធម៌ចិន

មជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌ចិននេះមានទីតាំងស្ថិតនៅជិតទន្លេលឿងក្នុងខេត្តកានស៊ូភាគពាយ័ព្យនៃប្រទេសចិន។ មជ្ឈមណ្ឌលនេះមានការរចនាយកលំនាំតាមជម្រាលកូនភ្នំ ដែលមានចន្លោះចំកណ្ដាលដើម្បីឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់។

ដំបូលនៃមជ្ឈមណ្ឌលនេះត្រូវបានរចនាឡើងឲ្យមានរូបរាងថ្នាក់ៗ ដូចបន្ទះគ្រប់ពីលើគ្នាដែលវាជាការបំផុសគំនិតពីរឿងព្រេងបុរាណរបស់ចិនទាក់ទង់នឹងឋានសួគ៌ និងផែនដី។ ផ្ទៃខាងក្នុងកោងនៃអាគារតំណាងឱ្យសភាពច្របូកច្របល់នៃចក្រវាល ខណៈដំបូលរាងថ្នាក់តំណាងឱ្យស្លាបបក្សីត្រួតគ្នា។