សណ្ឋាគារចំណាស់មួយត្រូវបានស្តារមុខមាត់ថ្មីជាមួយរចនាសម្ព័ន្ធយ៉ាងអស្ចារ្យ

សណ្ឋាគារមួយកន្លែងបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ 1970 ត្រូវបានជួសជុល ស្តារមុខមាត់ឡើងវិញ និងសាងសង់បន្ថែមជាមួយ ការឌេគ័របែបច្នៃប្រឌិត និងស្ថាបត្យកម្មយ៉ាងលេចធ្លោ នៅជាប់មហាសមុទ្រ។ ក្រុមស្ថាបត្យករ Ramón López-neira និង Beatriz Ciaurri នៃក្រុមហ៊ុន Atelier lopezneiraciaurri ជាអ្នកបង្កើតគំនិតច្នៃប្រឌិតរចនាសណ្ឋាគារបុរាណមួយនេះ ប្រែជាសណ្ឋាគារបែបថ្មី ជាមួយរចនាសម្ព័ន្ធ ទាក់ទាញខ្លាំង។ 

ទីតាំងអំណោយផលរបស់សណ្ឋាគារ ស្ថិតនៅភាគខាងត្បូងនៃកោះ Gran Canaria មានទេសភាពយ៉ាង ស្រស់ត្រកាល អមជាមួយខ្យល់អាកាសធម្មជាតិ ផ្តល់អារម្មណ៍ស្រស់ស្រាយដល់អ្នកស្នាក់នៅទីនោះ។ ដោយមូលហេតុនេះ កន្លែងដែលលេចធ្លោជាងគេរបស់សណ្ឋាគារនេះ គឺការរចនាវេរ៉ង់ដារ ជាមួយ ការសាងសង់ឡើងប្រើប្រាស់គ្រោងដែក និងមានសំណាញ់ដែកចន្លោះៗដើម្បីការពារសុវត្ថិភាព មានរាងជាជ្រុងៗ ប្រើប្រាស់កញ្ចក់ជាធ្វើជាបង្កាន់ដៃ និងមានជណ្តើរយន្តរាងរង្វង់មូល ប្រើប្រាស់ កញ្ចក់ក្របជិត មានពណ៌លឿងខ្ចី សម្រាប់ឡើងពីជាន់ក្រោម មកជាន់លើតាមប្រវែងមុំ 42 ដឺក្រេ អាចគយគន់ទិដ្ឋភាពជុំវិញទីនោះយ៉ាងស្រស់ស្អាត មានទាំងភ្នំ និងសមុទ្រ។ រាល់បន្ទប់នីមួយៗ មានវេរ៉ង់ដារ ដាច់ដោយឡែកពីគ្នា សម្រាប់ស្នាក់នៅចំណាយពេលផ្ទាល់ខ្លួនដើម្បីសម្រាក។ ទីកន្លែងនេះ រំលេចទេសភាពកាន់តែស្រស់ស្អាត នៅពេលដែលថ្ងៃលិច។ ក្រៅពីនោះ នៅមានអាងទឹកលើដំបូល ដែលអាចឲ្យអ្នកស្នាក់នៅ ចំណាយពេលសម្រាក និងកម្សាន្ត ដើម្បីសម្រួលអារម្មណ៍ពីការនឿយហត់ ផ្សេងៗ។ 

សណ្ឋាគារមួយនេះមានឈ្មោះ Funicular ស្ថិតនៅទីក្រុង Mogán លើកោះ Gran Canaria នៃប្រទេសអេស្ប៉ាញ។ ស្ថាបត្យកម្មសំណង់របស់សណ្ឋាគារមួយនេះ ពិតជាមានភាពច្នៃប្រឌិត និងគិតគូរខ្ពស់ ដល់អ្នកស្នាក់នៅ អាចផ្តល់អារម្មណ៍ល្អៗ ដល់ពួកគេ អាចចំណាយពេលដ៏មានតម្លៃ នៅថ្ងៃឈប់សម្រាករបស់ពួកគេ។