ទីក្រុងហុងកុង អាចបើកដំណើរការឡើងវិញនាពាក់កណ្ដាលឆ្នាំ ២០២២ ឯណោះ!

បណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោក បានកំពុងចាប់ផ្ដើមដំណើរការសង្គមឡើងវិញបណ្ដើរៗហើយ ដោយក្នុងនោះរួមមានកម្ពុជាផងដែរ ដែលត្រូវស្ដាសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្រោយការវាយប្រហារនៃជំងឺកូវីដ ១៩។ ដោយឡែក ប្រទេសហុងកុង បានប្រកាសឱ្យដឹងថា នឹងបន្តពន្យាពេលបើកសេដ្ឋកិច្ចសង្គមឡើងវិញ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២២ ឯណោះ។

ការបើកដំណើរការប្រទេស ស្វាគមន៍ភ្ញៀវអន្តរជាតិឡើងវិញ និងបើកច្រកទ្វារព្រំដែនដីគោកឡើងវិញ នឹងពុំធ្វើឡើងនាចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នោះទេ តែអាចនឹងធ្វើឡើងនាពាក់កណ្ដាលឆ្នាំ ២០២២ ទៅវិញ នេះបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលហុងកុង កាលពីម្សិលមិញនេះ។ ការពន្យាពេលបើកដំណើរការប្រទេស និងបន្តបិទច្រកព្រំដែនដីគោកជាមួយចិន នឹងត្រូវពន្យាពេល បើទោះបីជាបច្ចុប្បន្នរដ្ឋាភិបាលប្រទេសទាំង ២ កំពុងស្ថិតក្នុងការចរចា ក៏ដោយ ព្រោះហុងកុង ត្រូវការចំនាយបន្តការចាក់វ៉ាក់សាំងជូនពលរដ្ឋ ពិសេសពលរដ្ឋដែលមានវ័យចំណាស់។

គិតចាប់តាំងពីវ៉ាក់សាំងមានវត្តមាន សម្រាប់ការប្រើប្រាស់មក ហុង កុង ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំការចាក់វ៉ាកសាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ទៅកាន់ប្រជាពលរដ្ឋ ដែលមានប្រមាន ៧.៤ លាននាក់ បានគ្រប់ចំនួននោះទេ ដោយហេតុថាមានការព្រួយបារម្មណ៍អំពីផលប៉ះពាល់ទៅដល់សុខភាព ពិសេសគឺពេលចាក់ជូនពលរដ្ឋចាស់ជរា។ ជាក់ស្ដែងចាស់ជរា មានវ័យលើសពី ៨០ ឆ្នាំ តែជាង ១៧% ប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងបាន ១ ដូស នៅក្នុងទីក្រុងហុងកុង បើធៀបទៅនឹង ៦៩% នៃអត្រាចាស់ជរា ដែលត្រូវចាក់វ៉ាក់សាំង នេះបើយោងតាមការបញ្ជាក់របស់ លោកស្រី Carrie Lam ក្រុមប្រឹក្សាប្រតិបត្តិជាតិ។

លោកស្រី បានបញ្ជាក់ទៀតថា ហុង កុង ត្រូវការពេលវេលាកន្លះឆ្នាំ ឬច្រើនជាងនេះ ដើម្បីអភិវឌ្ឍ និងពង្រឹងអត្រាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ពិសេសគឺពលរដ្ឋមានវ័យចំណាស់ ហើយយើងអាចនឹងឈានដល់ការបើកដំណើរការច្រកទ្វារព្រំដែនដីគោក ជាមួយនឹងចិនមុនគេ ប្រសិនរដ្ឋាភិបាលទាំង ២ ឈានដល់ការព្រមព្រៀងផ្លូវការ ក៏ដូចជាច្រកព្រំដែនផ្សេងៗទៀត។ ការទាមទារនេះ គឺដើម្បីធានាថា នៅពេលមានការចេញចូលជាអន្តរជាតិឡើងវិញ ដូចកាលពីឆ្នាំ ២០១៩ ហានិភ័យនៃអត្រាឆ្លងជំងឺកូវីដ ១៩ គឺស្ថិតក្នុងអត្រាមួយទាប និងអាចគ្រប់គ្រងបាន។

ជុំវិញសេចក្ដីប្រកាសនេះ ពុំមានការបញ្ជាក់បន្ថែមនោះទេថា តើហុងកុង នឹងមានវិធានការ ឬគោលនយោបាយបែបណា ក្នុងការរៀបចំ ចាត់ចែង ការចេញចូលរបស់ភ្ញៀវបរទេស ដើម្បីបន្ទាបនូវហានិភ័យផ្សេងៗ ដូចជាកាតព្វកិច្ចពាក់ម៉ាស ចាក់វ៉ាក់សាំង ធ្វើចត្តាឡីស័ក ឬធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ នៅឡើយទេ៕