ព្រៃអាម៉ាហ្សូនកំពុងបាត់បង់ព្រៃលឿនខ្លាំង នេះបើយោងតាមព័ត៌មានពីផ្កាយរណប

ព្រៃអាម៉ាហ្សូន ដែលស្ថិតនៅប្រទេសប្រេស៊ីល បានកំពុងទទួលរកការខូចខាត និងបាត់បង់យ៉ាងឆាប់រហ័ស ជាអត្រាគួរឲ្យព្រួយបារម្មណ៍បំផុតក្នុងរយៈពេលមួយទសវត្សននេះ ដែលដំណឹងនេះបានផ្ដល់ពីផ្កាយរណប ដែលបានព្រមានជាលើកដំបូង ដោយចង្អុលប្រាប់តំបន់ និងបង្ហាញឲ្យឃើញនូវសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ គប្បីចាត់វិធានការក្ដៅ ដើម្បីលុបបំបាត់ឲ្យបានទាន់ពេលវេលា។

យោងតាមវិទ្យាស្ថានស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីលហៅកាត់ថា INPE បានឲ្យដឹងថា ប្រព័ន្ធប្រកាសអាសន្នរបស់ផ្កាយរណ DETER បានផ្ដល់ព័ត៌មានមកថា ការកាប់បំផ្លាញព្រៃឈើក្នុងព្រៃអាម៉ាហ្សូន បានកើនឡើងលឿនរហូតដល់ទៅទំហំ ៧៣៩ គីឡូម៉ែត្រការ៉េកាលពីខែឧសភាកន្លងទៅ ដែលជាលើកដំបូងក្នុងរយៈពេល ៣ ខែ ដែលការកាប់ឈើមានការកើនឡើង បន្ទាប់ពីរដូវវស្សាក្នុងតំបន់កន្លងផុតទៅ។ សន្ទុះកាប់ព្រៃដ៏លឿន និងខូចខាងដ៏ធំសម្បើមមួយនេះ គឺច្រើនជាងឆ្នាំ ២០១៨ ដល់ទៅ ៥៥០ គីឡូម៉ែត្រការ៉េ ហើយច្រើនជាង ២​ ដងបើធៀបទៅនឹងឆ្នាំ ២០១៧ កន្លងទៅ។ លោក Claudio Almeida ប្រធានកម្មវិធីឃ្លាំមើលផ្កាយរណបរបស់វិទ្យាស្ថាន INPE បានលើកឡើងថា ប្រសិនបើខ្សែកោងនៅតែបន្តកើនឡើង យើងអាចនឹងជួបបញ្ហាអាក្រក់សម្រាប់ព្រៃអាម៉ាហ្សូន

ទិន្នន័យពីផ្កាយរណបនេះ បានបន្ថែមនូវការព្រួយបារម្ភយ៉ាងខ្លាំងទៅដល់បរិស្ថាននាពេលបច្ចុប្បន្ន ដោយមតិខ្លះបានលើកឡើងថា ដោយសារតែរដ្ឋាភិបាលរបស់លោក Bolsonaro ដែលឡើងកាន់អំណាចបាន ៥ ខែកន្លងមកនេះ បើកដៃឲ្យមានជនខិលខូចលួចកាប់ព្រៃយ៉ាងចាស់ដៃបែបនេះ។ មិនតែប៉ុណ្ណោះ ដោយសារតែថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណៈកម្មការព្រៃឈើរបស់ប្រេស៊ីលត្រូវបានផ្លាស់ប្ដូរ ឲ្យទៅបំរើការនៅក្រសួងឧហ្សាហកម្មវិញ ជាហេតុធ្វើឲ្យការពង្រឹងច្បាប់មានការធូរលុង តែសម្រាប់រដ្ឋមន្ត្រីបរិស្ថានថ្មីលោក Ricardo Salles បាននិយាយដូច្នេះថា ប្រេស៊ីលនៅតែប្ដេជ្ញាចិត្តជានិច្ចក្នុងការការពារព្រៃឈើ ដោយយើងមិនដកចេញទេ តែនឹងបន្ថែមថ្មីទៀត ការលើកឡើងរបស់រដ្ឋមន្ត្រីនោះគឺធ្វើឡើងដើម្បីបដិសេធចោលនូវរបាយការណ៍នៃកាសែត Folha de Sao Paulo កាលពីថ្ងៃច័ន្ទកន្លងទៅ ដែលមានទិន្នន័យប្រមូលបានមកពីផ្កាយរណបនោះ។

ការកាប់បំផ្លាញព្រៃនេះនៅតែបន្តកើតមានឡើង តែរដ្ឋាភិបាលប្រេស៊ីល ហាក់បីដូចជាមិនទាន់ចាត់វិធានការក្ដៅ ដើម្បីលុបបំបាត់នៅឡើយ ដោយមិនដឹងថា តើពេលណានឹងចាត់ការរឿងកាប់ព្រៃឈើ ដែលពិភពលោកទាំងមូលកំពុងខ្វាយខ្វល់នេះនោះទេ ព្រោះព្រៃដ៏ធំមួយនោះដើរតួយ៉ាងសំខាន់ទៅដល់បរិស្ថាន បរិយាកាស ស្រទាប់ដី ជីវិតសត្វ និងជាច្រើនផ្សេងទៀតនៅទ្វីបអាមេរិកខាងត្បូង។