គោលបំណងចំបងនៃការប្រកបអាជីវកម្ម គឺរកប្រាក់ចំនេញ មិនថាជាប្រភេទអាជីវកម្មខ្នាតតូច ឬធំនោះទេ គឺមានគោលបំណងរួមមួយធំនេះឯង ដោយមានភាពខុសប្លែកគ្នាអាស្រ័យទៅលើបែបបទ ប្រភេទ ដំណើរការរបស់អាជីវកម្មទាំងនោះ។ ជាទូទៅក្នុងពិភពលោក ក្រុមហ៊ុនខ្នាតតូចរកប្រាក់ចំនូលបានតិចទៅតាមទំហំ សមត្ថភាព និងសេវាកម្ម ដែលខ្លួនអាចផ្គត់ផ្គង់ឲ្យបាន ហើយក្រុមហ៊ុនខ្នាតធំអាចរកប្រាក់ចំនូលបានច្រើន ដោយការលើកឡើងបែបនេះគឺមានឡូហ្សិច តែយើងត្រូវដឹងថា ទម្រាំកកើតចេញជាក្រុមហ៊ុនធំៗ ឬក្រុមហ៊ុនខ្នាតយក្ស គឺត្រូចចាប់ផ្ដើមពីក្រុមហ៊ុនតូចៗនឹងឯង។

ហេតុដូច្នេះហើយ ការចាប់ផ្ដើមពីក្រុមហ៊ុនតូច ជាជំហានដំបូងរបស់អ្នក វាអាចនឹងប្រែក្លាយទៅជាក្រុមហ៊ុនធំ ឬអាចឈានដល់ក្រុមហ៊ុនខ្នាតយក្សនាថ្ងៃអនាគតក៏ថាបាន បើអ្នកមានភាពវ័យឆ្លាត មានចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជាមានភាពខ្លាហាន ចេះបត់បែនតាមកាលៈទេសៈជាដើម។ ខាងក្រោមគឺជាវិធីសាស្ត្រទាំង ១០ ដែលត្រូវបានចែករំលែក ពីសំណាក់អ្នកជំនួយ ដែលទទួលបានជោគជ័យនៅលោកខាងលិច ដែលខ្ញុំជឿជាក់ថា អ្នកអាចយកមកពិចារណា ហើយអនុវត្តបាន ទោះបីជាមិនអាចបាន ១០០% ក៏ដោយ យ៉ាងហោចណាស់ក៏បានខ្លះ ដែលអាចទាញក្រុមហ៊ុននាក់ឲ្យមានភាពរីកចំរើនបានក្នុងរយៈពេលមួយសមរម្យ ឬឆាប់រហ័សអាស្រ័យទៅលើការចាត់ចែងរបស់អ្នក។

- បង្កើតបរិបទរហ័សរហួន
លោក Grant Cardone អ្នកជំនាញផ្នែកលក់អចលនទ្រព្យនៅសហរដ្ឋអាមេរិក បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ដើម្បីពង្រីកអាជីវកម្មរបស់អ្នកឲ្យកាន់តែធំឡើង អ្នកគប្បីមាន ៣ ចំនុចនេះ ទី១ អ្នកត្រូវជួលមនុស្សឲ្យបានល្អ ត្រូវជំនាញ មានចំនេះច្បាស់លាស់ មានន័យថាអ្នកមិនចាំបាច់ចំនាយកម្លាំង ១០០% ក្នុងការមើលទៅលើអាជីវកម្មរបស់ខ្លួននោះទេ។ ទី២ ចូលរួមប្រកួតប្រជែងភ្លាមៗ មិនត្រូវចំនាយពេលវេលារាប់ថ្ងៃ ដើម្បីសម្រេចិត្តឡើយ ដូចជាការជ្រើសរើសពណ៌សម្រាប់ឡូហ្គូពាណិជ្ជកម្មជាដើម ជ្រើសពណ៌ដែលអ្នកស្រលាញ់ហើយដាក់ទៅគឺបានហើយ ផ្ទុយទៅវិញគប្បីចំនាយពេលធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវធំៗ។ ទី៣ បង្កើតបរិយាកាសរហ័ស កំណត់គោលដៅច្បាស់លាស់ និងទទួលលទ្ធផលលឿន ហើយកំហុសធំមួយនៃដំណើរការអាជីវកម្មគឺការចំនាយពេលច្រើនក្នុងការប្រតិបត្តិកិច្ចការងារ។
- ដោះស្រាយបញ្ហាអតិថិជន
លោកស្រី Melanie Perkins អគ្គនាយកក្រុមហ៊ុន Canva ដែលមានតម្លៃថ្លៃជាង ១ ពាន់លានដុល្លារអាមេរិក បានចែករំលែកបទពិសោធន៍ថា អ្នកត្រូវផ្ដល់នូវបទពិសោធន៍ល្អឥតខ្ចោះទៅកាន់អតិថិជនរបស់អ្នក ដោយវាគឺជាអាវុធដ៏សំខាន់មួយសម្រាប់ដំណើរការអាជីវកម្មរបស់អ្នក។ តាមរយៈការដោះស្រាយបញ្ហា ផ្ដល់នូវដំណោះស្រាយល្អៗ នឹងធ្វើឲ្យអ្នកដំណើរការអាជីវកម្មមានភាពងាយស្រួល ហើយអតិថិជននឹងបន្តមកប្រើប្រាស់ ឬទិញសេវាកម្មរបស់អ្នកជាហូហែរ។
- ក្លាយជាអ្នកជំនាញក្នុងការលក់ផលិតផល
លោកស្រី Patch Baker អគ្គនាយកក្រុមហ៊ុន Mobius Media Solutions ផ្ដល់យោបល់ថា មនុស្សភាគច្រើនគិតថា ពួកគេត្រូវគិតគូទៅដល់ចរន្តទីផ្សារ និងតម្លៃ ដូចជាការថែរក្សាសុខភាព និងអចលនទ្រព្យជាដើម តែខ្ញុំគិតផ្សេង គឺផ្ដោតទៅលើលំហូរនៃដំណើរការ។ ឧទាហរណ៍ យើងត្រូវរកចំនុចពិសេសក្នុងការនាំយកផលិតផលទៅកាន់ទីផ្សារក្នុងតម្លៃប្លែក ឬការផ្គត់ផ្គង់សេវាកម្មគិតតម្លៃប្រចាំខែ និងសេវាកម្មបង់ម្ដងប្រើបានរហូតជាដើម។ អ្នកត្រូវរិះគិតរកគន្លឹះពិសេស ដែលអាចដំណើរការទៅរួច ហើយនៅពេលអ្នកស្ទាត់ជំនាញហើយ អ្នកអាចយកវាទៅប្រើប្រាស់នៅលើមុខជំនួញជាច្រើនផ្សេងទៀត ពិសេសអាចធ្វើការជាក្រុម ដែលធ្វើឲ្យអាជីវកម្មរីកចំរើនរហ័ស។
- ផ្ដោតទៅលើដំណើរការ, ជឿជាក់ និងភាពជាអ្នកដឹកនាំ
លោក Brandon Dawson អ្នកជំនួញ និងអគ្គនាយកក្រុមហ៊ុន Cardone Venture, Audigy បានចែករំលែកយោបល់ថា អ្នកត្រូវដឹងច្បាស់នូវគម្រោង ជាវិធីសាស្ត្រដ៏ល្អមយក្នុងការដើរទៅរកឱកាស ហើយនៅពេលអ្នកមានវាក្នុងដៃ អ្នកអាចធ្វើឲ្យកិច្ចដំណើរការក្រុមហ៊ុនរលូនទៅមុខ អាចវាស់វែង ស្ទាបស្ទង់ដឹងពីស្ថានការណ៍។ ជម្រុញខ្លួនឯងឲ្យមានភាពប្រកួតប្រជែងថ្មីៗ ជាមួយមនុស្សខ្លាំង អ្នកមានជោគជ័យ អ្នកមានបទពិសោធន៍ច្រើន ដោយជឿជាក់លើគោលដៅធំ ដែលអាចកែប្រែអ្នកឲ្យប្រសើរជាងថ្ងៃម្សិលមិញ ដែលការជឿជាក់ខ្លួនឯងនេះគឺជាថ្នាំទិព្ធនាំឲ្យអ្នកធ្វើការកាន់តែខ្លាំងឡើង និងវៃឆ្លាតជាងមុន។ កុំភ្លិចចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន ហើយអ្នកទាំងនោះដឹងអំពីអ្នកកាន់តែច្រើន ក្នុងនាមជាអ្នកដឹកនាំល្អមួយរូប។
- នៅជុំវិញអ្នកជោគជ័យ
លោក Josh Steinberger អគ្គនាយកក្រុមហ៊ុន NextGen Restoration ថា ការចូលមកដល់នៃបច្ចេកវិទ្យាទំនើប បានផ្លាស់ប្ដូរការរស់នៅ របៀបរបប ទំនាក់ទំនង គឺខុសគ្នាដាច់ស្រលះ បើធៀបកាលពី ៥០ ឆ្នាំមុន។ អ្វីដែលខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នា គឺអ្នកគប្បីនៅក្បែ ឬនៅជុំវិញមនុស្ស ដែលមានភាពជោគជ័យក្នុងជីវិត ដែលពួកគេទៅដល់ចំនុចមួយ ដែលអ្នកមិនធ្លាប់ទៅដល់ ពួកគេបង្កើតនូវកំហុស ពួកគេបានចំនេញ ដោយចំនុចទាំងនោះ អ្នកគប្បីសិក្សាពីពួកគេ ដោយដំបូងអ្្នកអាចនឹងចំនាយប្រាក់ ដើម្បីចូលរួមកម្មវិធីជាមួយបុគ្គលជោគជ័យទាំងនោះ តែពេលវេលាដើរទៅមុខ អ្នកនឹងក្លាយទៅជាមិត្តភក្តិ ដៃគូជំនួញដ៏ល្អ ហើយចង់ប្រឹក្សាយោបល់ពេលណាក៏បាន។
- បង្កើតបរិយាកាសល្អនៃក្រុមហ៊ុន
លោក Peter Hernandez ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Teles Properties ចែករំលែកថា វប្បធម៌អស្ចារ្យមួយ នៅកន្លែងធ្វើការ នឹងជួយឲ្យមានការរីកលូតលាស់រហ័សនៃលទ្ធផលការងារ ហើយវាគឺជាវេទមន្ត ដែលអាចកើតមានឡើងនៅពេលមនុស្សគ្រប់គ្នាត្រូវបានផ្ដល់សិទ្ធិជាម្ចាស់ការខ្លួនឯង តាមដែនកំណត់។ ផ្ដល់សិទ្ធិឲ្យក្រុមការងារដកស្រង់បទពិសោធន៍ ដោយសហការគ្នា ហើយភាពជោគជ័យអាស្រ័យទៅលើកម្លាំងកាយ និងកម្លាំងចិត្ត ជាទម្លាប់ពិសេសមួយ ដែលត្រូវតែពង្រឹងជារៀងរាល់ថ្ងៃ។ គប្បីបញ្ជាក់ឲ្យបានច្បាស់លាស់ថា ហេតុអ្វីក្រុមហ៊ុនរបស់អ្នកនៅទីនេះ គប្បីវាស់វែងថា តើធ្វើយ៉ាងណាដើម្បីទៅដល់គោលដៅ តាមគោលបំណង។ ចំនុចនេះ នឹងធ្វើឲ្យអ្នកផ្ដោតអារម្មណ៍ខ្លាំងទៅលើសកម្មភាពបច្ចុប្បន្ន។
- ក្លាយជាអ្នកលក់ឆ្នើម
លោក Rudy Mawer អគ្គនាយកក្រុមហ៊ុន ROI Machines លើកឡើងថា ត្រូវផ្ដោតសំខាន់ទៅលើសមាជិករួមការងារ ផលិតផល បទពិសោធន៍របស់អតិថិជន សេវាកម្មសម្រាប់អតិថិជន ប្រព័ន្ធគ្រប់គ្រង ហើយនៅពេលអ្នកមានគ្រឹះទាំងនេះហើយ ការពង្រីកជំនាញកាន់តែមានភាពរីកដុះដាលថែមមួយកម្រិតទៀត ដូចជាការកាត់បន្ថយលើចំនាយ ពង្រឹងទៅលើតម្លៃទិញ និងឲ្យតម្លៃទៅដល់អតិជិន ជាហេតុជម្រុញឲ្យការលក់របស់អ្នកមានការកើនឡើង។
- កំណត់អត្តសញ្ញាណលើការយកចិត្តទុកដាក់ ភាពរហ័សរហួន និងដំណើរការ
ការផ្ដោតអារម្មណ៍ទៅលើចំនុចសំខាន់មួយ គឺពឹងពាក់ទៅលើអ្នកផ្ទាល់ និងមិត្តរួមក្រុម ក្នុងគោលបំណងទទួលបានជោគជ័យលើគោលបំណងធំមួយ។ អ្នកគប្បីធ្វើអ្វីៗ ដែលអ្នកគិតថាអាចធ្វើទៅបាន ជាមួយនឹងគោលបំណងសំខាន់មួយយ៉ាងខ្ជាប់ខ្ជួន។ ត្រូវចេះទទួលខុសត្រូវ និងកាត់បន្ថយគោលបំណងធំបន្តិចម្ដងៗទៅជាសកម្មភាពប្រចាំខែ សប្ដាហ៍ និងថ្ងៃ ដោយធ្វើការតាមដាននូវភារីកចំរើនរបស់អ្នកដើម្បីជម្រុញសន្ទុះការងារឲ្យមានភាពដុះដាលឡើង នេះជាការចែករំលែករបស់លោក Sharran Srivatsaa អគ្គនាយកក្រុមហ៊ុន Kingston Lane។
- ផ្ដល់សេវាកម្មល្អសម្រាប់អតិថិជនគ្រប់រូប
លោក Craig Handley បានចែករំលែកបទពិសោធន៍ថា អ្វីដែលអ្នកគប្បីធ្វើ គឺរកវិធីសាស្ត្រណាដែលអ្នកអាចផ្ដល់ជូនអតិថិជនរបស់អ្នកនូវសេវាកម្មល្អជាងគេ ដោយមិនចាំបាច់មើលដៃគូប្រកួតប្រជែងនោះទេ អ្នកត្រូវរកចំនុចខ្សោយខ្លួនឯង ហើយពង្រឹងឡើងវិញ។ ស្របពេលនៃយុគ្គសម័យបច្ចេកវិទ្យា អ្នកគប្បីផ្ដល់នូវសេវាកម្មល្អជាគេ ដែលជាលទ្ធផលក្រុមហ៊ុនរបស់អ្នកនឹងទទួលបានប្រាក់ចំនូលច្រើនជាងមុន។
- គិតឲ្យបានវែងឆ្ងាយ
មានចក្ខុវិស័យវែងឆ្ងាយប្រៀបបានដូចជាដែកឆក់ ដែលធ្វើឲ្យអ្នក និងមនុស្សរួមក្រុមជួយគ្នាឲ្យទៅដល់គោលដៅ ដែលអ្នកចង់ធ្វើវាឲ្យបាន។ ចូរបន្តធ្វើការរិះរក និងគិតឲ្យបានវែងឆ្ងាយ ហើយបង្កើតនូវវិប្បធម៌នៅកន្លែងការងារគឺជាកត្តាសំខាន់ អ្នកត្រូវបង្កើតបរិយាកាសសប្បាយរីករាយនៅកន្លែងធ្វើការ ធ្វើឲ្យបុគ្គលិកចេះជួយគ្នាទៅវិញទៅមក រីកលូតលាស់ជាមួយគ្នា ហើយប្រាកដថានឹងពុំមាននរណាម្នាក់ចង់ចាកចេញពីក្រុមហ៊ុន។ នេះគឺជាការចែករំលែកបទពិសោធន៍របស់លោកស្រី Keri Shull អគ្គនាយកក្រុមហ៊ុន Keri Shull Team។

ទាំង ១០ ចំនុចខាងលើនេះ គឺជាការចែករំលែកបទពិសោធន៍ខ្លះៗពីក្រុមអ្នកជំនួញធំៗ ដែលមានប្រាក់រាប់រយ ឬខ្លះឈានដល់ពាន់លានដុល្លារ នៅក្នុងវិស័យជំនួញរបស់ពួកគេ ដែលទទួលបានជោគជ័យ។ ខ្ញុំជឿថាការចែករំលែកប៉ុន្នេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្នកគប្បីសិក្សាស្រាវជ្រាវបន្ថែម ពិសេសអនុវត្តទៅតាមការយល់ឃើញ ដែលអ្នកគិតថាល្អគប្បីធ្វើ ដើម្បីធ្វើយ៉ាងណាពង្រឹងគ្រឹះ ជញ្ជាំង បង្អួច ទ្វារ ដំបូល ធ្នឹម ពាដាន នៃមុខជំនួញរបស់អ្នកឲ្យបានរឹងម៉ាំ ជាហេតុធ្វើឲ្យអ្នកអាចពង្រីកវិសាលភាពពីក្រុមហ៊ុនតូចមួយ ទៅជាក្រុមហ៊ុនធនកណ្ដាល និងឈានដល់ក្រុមហ៊ុនធំ ឬខ្នាតយក្សក៏ថាបាន អាស្រ័យទៅលើបុគ្គលភាពរបស់មនុស្សម្នាក់ៗ។