សៀងហៃ ដែលជាទីក្រុងល្បីល្បាញមួយរបស់ចិន មានសក្ដានុពល ក៏ដូចជាចរន្តសេដ្ឋកិច្ចមិនចាញ់ទីក្រុងផ្សេងៗទៀតប៉ុន្មាននោះទេ ហើយទីក្រុងមួយនេះ នឹងមានអនាគតវែងឆ្ងាយ ដោយរដ្ឋាភិបាលចិន ទើបតែប្រកាសជាសាធារណៈឲ្យដឹងថា នឹងកែប្រែទីក្រុងមួយនេះ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុខ្នាតអន្តរជាតិមួយក្នុងថ្ងៃអនាគតឆាប់ៗខាងមុខនេះ។
រដ្ឋាភិបាលចិនបានរៀបចំគម្រោងរួចរាល់ហើយ ហើយការកែប្រែទីក្រុងទំនើប និងធំមួយនេះ នឹងត្រូវប្រើប្រាស់ថវិការចំបងនៃធនាគារជាតិកណ្ដាលរបស់ខ្លួន ដែលហៅថា People’s Bank of China ឬ PBOC ត្រៀមចំនាយទៅលើការសាងសង់។ ជុំវិញការកែប្រែទីក្រុងសៀងហៃនេះ លោក Yi Gang ប្រធានធនាគារប្រជាជននៃប្រទេសចិន បានប្រាប់ឲ្យដឹងក្នុងវេទិកា Lujiazui កាលពីពេលថ្មីៗកន្លងទៅនេះថា “ធនាគារប្រជាជនចិន បានគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតឲ្យមាននូវប្រព័ន្ធគណនេយ្យរួមមួយ សម្រាប់រូបិយប័ណ្ណរបស់ចិន និងរូបិយប័ណ្ណបរទេស ជាផ្នែកថ្មីមួយ ហើយក៏នឹងកែប្រែទីក្រុងមួយនេះទៅជាតំបន់ពាណិជ្ជកម្មកាន់តែធំឡើងថែមមួយកម្រិតទៀត”។
ក្រៅពីពង្រឹងលើប្រព័ន្ធគណនេយ្យ ក៏រួមបញ្ចូលផងដែរនូវទីផ្សាររូបិយប័ណ្ណទីផ្សារមូលបត្រ និងទីផ្សារមូលបត្របំណុលសាជីវកម្មអន្តរជាតិ ដើម្បីពង្រីក ក៏ដូចជាពង្រឹងបន្ថែមទៅលើការផ្លាស់ប្ដូរនូវរូបិយប័ណ្ណបរទេស និងពង្រីកទីផ្សារបន្ថែម ដែលមានកិច្ចសហការណ៍ជាមយនឹងទីផ្សារភាគហ៊ុន ទីផ្សារហ៊ុនមាស នៅទីក្រុងសៀងហៃស្រាប់ និងសហការណ៍តាមទីផ្សារអន្តរជាតិជាមួយនឹងទីក្រុង Chicago របស់សហរដ្ឋអាមេរិកទៀតផង។ ទីក្រុងសៀងហៃ ស្ថិតក្រោមជំនួយពីធនាគារប្រជាជនចិន នឹងមានភាពអភិវឌ្ឍន៍លឿន ហើយក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលជាសកល សម្រាប់ធ្វើការបម្រុងទុក គ្រប់គ្រងទៅលើហានិភ័យនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុជាសាច់ប្រាក់យ័នរបស់ចិន។
គួរបញ្ជាក់ផងដែរថា ទីក្រុងសៀងហៃ គឺស្ថិតក្នុងទីក្រុងកំពូលរបស់ចិន ហើយក៏ជាទីក្រុងមានផ្ទៃក្រឡាធំជាងគេមួយផងដែរ ថែមទាំងស្ថិតនៅតំបន់ដែលមានសក្ដារនុពល ហេតុបានជាដូច្នេះហើយ ទើបបានជារដ្ឋាភិបាលចិន សម្រេចធ្វើការកែប្រែទីក្រុងមួយនេះ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលខ្នាតអន្តជាតិ សម្រាប់វិស័យហិរញ្ញវត្ថុរបស់ខ្លួន ម្យ៉ាងទីក្រុងនេះទៀតសោកក៏មានប្រព័ន្ធហិរញ្ញវត្ថុរឹងម៉ាំផងដែរ ដែលគ្រាន់តែជម្រុញ ពង្រឹង និងអភិវឌ្ឍន៍បន្ថែម ឲ្យទំនើប និងឆ្លើយតបបានទៅនឹងសេចក្ដីត្រូវការជាការស្រេច។