រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវជាតំបន់ធម្មជាតិដែលភ្ញៀវទេសចរគួរទៅលេងកម្សាន្ត

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញធ្វើទស្សន កិច្ចនៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ភ្នំខៀវ។ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ឬអូរតាវ៉ៅ ជារមណីយដ្ឋានទេសចរណ៍ ដ៏ល្បីល្បាញមួយរបស់ខេត្តប៉ៃលិន មានទីតាំងស្ថិតនៅ ភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងមានចម្ងាយប្រមាណ៩គីឡូម៉ែត្រ ពីរូបសំណាកលោកយាយយ៉ាត។ រមណីយដ្ឋាននេះ ជារមណីយដ្ឋានបែបធម្មជាតិដែលមានជ្រោះ ភ្នំ ព្រៃព្រឹក្សាខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ជាពិសេស ទឹកធ្លាក់ថ្លាយង់គួរឲ្យគយគន់ចង់លេងកម្សាន្ត។

រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ក៏មានកន្លែងសម្រាកទទួលទានអាហារឆ្ងាញ់ៗនៅក្បែរនោះ ហើយដោយ សារតែតំបន់ទេសចរណ៍មួយនេះមានចម្ងាយមិនសូវឆ្ងាយពីក្រុង គួបផ្សំរមណីយដ្ឋានដ៏ស្រស់ស្អាតផងដែរ នោះ ទើបធ្វើឲ្យតំបន់មួយនេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើន។ ក្រោយ ទទួលទានអាហារថ្ងៃត្រង់ ទេសចរជាច្រើន តែងតែចុះទៅងូតទឹកដ៏សែនត្រជាក់នៅទីនោះ ដែលគេបានឲ្យនាមថា "ទឹកធ្លាក់ ៧ ដំណាក់"។ ទឹកធ្លាក់ភ្នំខៀវមានកម្ពស់ប្រមាណជាង ២គីឡូម៉ែត្រ បើមើលតាមជាក់ស្តែងទឹកធ្លាក់ ៧ដំណាក់ ពិតជាស័ក្តិសមនឹងឈ្មោះមែន ព្រោះទឹកដែលហូរធ្លាក់ពីលើមកមានកម្ពស់ប្រហែលជា ២គីឡូម៉ែត្រ ត្រូវហូរកាត់ផ្ទាំងថ្មចំនួន ៧ ដំណាក់។

ដោយសារតែភាពទិដ្ឋភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋាន ទឹកធ្លាក់ភ្នំខៀវនេះហើយ បានជាធ្វើឲ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ រមែងនឹកដល់ដំណើរទេសចរណ៍មកកាន់ទឹកដីខេត្តប៉ៃលិននេះ។ បើតាមការឲ្យ ដឹងរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តថា បច្ចុប្បន្នរដ្ឋបាលខេត្តបាននិងកំពុងយកចិត្ត ទុកដាក់ក្នុង ការជួសជុល កែលម្អតំបន់គោលដៅទេសចរណ៍ក្នុងខេត្ត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ ទាញភ្ញៀវទេសចរបន្ថែមទៀត៕