ការដើរលេងនៅតាមផ្សារទំនើបនានាក្នុងស្រុក ដ៏ដូចជាតំបន់របស់អ្នក គឺមិនគ្រប់គ្រាន់នោះទេ ដើម្បីធ្វើឲ្យជីវិតរបស់អ្នករស់រវើក ។ សព្វថ្ងៃមនុស្សភាគច្រើននិយមនាំគ្នាដើរលេងតាមផ្សារទំនើបៗ ជាពិសេសយុវវ័យៗ ដែលតែងតែជួបជុំគ្នា ។ ភាគច្រើនពួកគេចូលចិត្តមើលកុន ទិញឥវ៉ាន់ និងលេងហ្គេមកម្សាន្តជាដើម ។ ដូចច្នេះប្រសិនបើអ្នកមានឱកាសដើរលេងកម្សាន្តក្នុងផ្សារទំនើបក្នុងស្រុកគេ យើងខ្ញុំសូមណែនាំផ្សារទំនើបទាំង៩ កន្លែង ដែលធំជាងគេជុំវិញពិភពលោក !

- Centralworld – Bangkok, Thailand
Centralworld គឺជាផ្សារទំនើបដែលធំជាងគេបង្អស់ក្នុងទីក្រុងបាងកក ប្រទេសថៃ ។ អ្នកអាចចំណាយពេលពេញ១ថ្ងៃ ដើម្បីដើរលេងក្រឡឹងជុំវិញក្នុងផ្សារទំនើបនេះ ជាមួយមិត្តភក្តិ គ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់អ្នកផងដែរ ។ ការរចនាខាងក្រៅនៃផ្សារទំនើបនេះ ធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ផ្សារនេះមានអារម្មណ៍ចង់ចូលកម្សាន្ត ព្រោះវាមើលទៅប្លែកខ្លាំង នេះបើតាមពាក្យសំដីប្រជាជនថៃ ។

- Berjaya Times Square – Kuala Lumpur, Malaysia
ផ្សារទំនើប Berjaya ដែលស្ថិតក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី គឺជាផ្សារទំនើបមួយដែលមានចំណាត់ថ្នាក់ទី៥ ដែលជាផ្សារទំនើបធំជាងគេបង្អស់ក្នុងពិភពលោក ។ ក្នុងផ្សារទំនើបនេះដែរ មានតូបចំនួនជាង ១,០០០ តូប បូកផ្សំនិងរោងកុន IMAX 2D & 3D ដំបូងគេបង្អស់ក្នុងប្រទេសម៉ាឡេស៊ី ។ ពិតជាមិនធម្មតាមែន ដែលផ្សារទំនើបនេះ មានតូបដល់ទៅជាង ១,០០០ តូប ប៉ុន្តែក៏មានផ្សារទំនើបផ្សេងៗ ដែលមានចំនួនតូប ច្រើនជាង ១,០០០ តូប ផងដែរ ។

- Cevahir – Istanbul, Turkey
នេះគឺជាមជ្ឈមណ្ឌលផ្សារទំនើប ដែលធំជាងគេបំផុតក្នុងទ្វីបអ៊ឺរ៉ុប និងមានទំហំដល់ទៅ 3.47 លានហ្វីតការេ ដែលស្មើនឹង 322373 ម៉ែត្រការ៉េ។ វាមានទីតាំងស្ថិតនៅលើផ្លូវ Büyükdere អ៊ីស៊ីលី នៃទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួគី ។ នៅក្នុងផ្សារទំនើបនេះ មានហាងដល់ទៅ 343 ហាង និងមានភោជនីយដ្ឋានដល់ទៅ 48 កន្លែង ដែលមានចុងភៅល្បីៗជាច្រើន ព្រោះយើងដឹងហើយថាប្រទេសទួគី សម្បូរទៅដោយចុងភៅដែលមានជំនាញប៉ិនប្រសប់ខាងធ្វើម្ហូប ។ ជាពិសេសផ្សារទំនើបនេះ មាន៦ជាន់ឯណោះ ដែលជាន់នីមួយៗ សុទ្ធតែមានរោងកុន ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា មានរោងកុនជាង ១២កន្លែង និងកន្លែង បោះប៊ួលលីង (Bowling) និងកន្លែងជិះ Roller Coaster ខ្នាតតូចផងដែរ ។

- Dubai Mall - Dubai, United Arab Emirates
Dubai Mall គឺជាផ្សារទំនើបមួយ ដែលធំជាងគេក្នុងតំបន់អារ៉ាប់ទាំងអស់ ។ អ្នកប្រហែលជាអាចវង្វេង ប្រសិនបើអ្នកមកកម្សាន្តក្នុងផ្សារទំនើបនេះជាលើកដំបូង ។ មានមនុស្សជាងរាប់រយនាក់បានវង្វេងនៅក្នុងផ្សារទំនើបនេះ ព្រោះការតុបតែង Décor ខាងក្នុង ពិតជាមានការវង្វេងមែន ។ ប្រសិនបើអ្នកកំពុងជួបបញ្ហានេះ ចូរអ្នកសូររក ឬស្វែងរកសន្តិសុខ ព្រោះពួកគេអាចជួយអ្នកបាន ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ផ្សារទំនើប Dubai Mall មានផ្ទៃដី 12លានហ្វីតការ៉េ (ស្មើនឹងវាលបាល់ទាត់50ដង) ពិតជាមិនធម្មតាមែន ។ ផ្សារនេះមានហាងជាង 1,200 ដូចជា រោងភាពយន្ត22កន្លែង សណ្ឋាគារផ្កាយប្រាំ និងមានភោជនីយដ្ឋាន និងហាងកាហ្វេជាង១២០កន្លែងផងដែរ ហើយក៏មានអាងចិញ្ចឹមត្រីដ៏ធំបំផុតជុំវិញពិភពលោកផងដែរ ។

- West Edmonton Mall – Alberta, Canada
West Edmonton Mall គឺជាផ្សារទំនើបធំជាងគេនៅទ្វីបអាមេរិកខាងជើង នៃទីក្រុង Alberta ប្រទេសកាណាដា ដែលមានហាងនិងសេវាកម្មផ្សេងៗជាង 800 កន្លែង ។ មិនត្រឹមតែជាកន្លែងដើរលេងទេ វាក៏ជាកន្លែងលេងទឹកកម្សាន្តផងដែរ ដែលអាចផ្ទុកមនុស្សប្រហែលជាង ១ពាន់នាក់ ។ ក្នុងផ្សារទំនើបនេះមានកន្លែងកម្សាន្តជាច្រើនដូចជា ឧទ្យានទឹកកក សណ្ឋាគារ រោងភាពយន្ត កន្លែងហ្គេមកម្សាន្ត និងកន្លែងទទួលទានអាហារជាង ១០០ កន្លែង ។

- SM Mall of Asia – Manila, Philippines
ផ្សារទំនើបនេះធំណាស់ ហើយវាមានរថយន្តដើម្បីដឹកអ្នកដំណើរ ដើម្បីមើលទេសភាពជុំវិញផ្សារទំនើបនេះ ។ យុវវ័យភាគច្រើន មកទីនេះដើម្បីណាត់គ្នាមើលកុន ដែលរោងភាពយន្តនៅទីនោះធំជាងគេបង្អស់ក្នុងពិភពលោក ដែលមានទំហំជាង 406,962 ម៉ែត្រការ៉េ ហើយមានមនុសុ្សជាង 200,00 នាក់ ធ្វើដំណើរឆ្លងកាត់ទីនោះ ដោយសារតែដើម្បីរោងភាពយន្ត IMAX ។

- Morocco Mall - Casablanca, Morocco
ជាផ្សារទំនើបមួយដែលមានផ្ទៃដីទំហំជាង 200,000 ម៉ែត្រការ៉េ ស្ថិតក្នុងទីក្រុងកាល់សាបាណា ប្រទេសម៉ារ៉ុក ។ នៅក្នុងផ្សារទំនើបនេះមានអាងចិញ្ចឹមត្រីចំនួន 1,000,000 លីត្រ ដែលមានត្រីជាង 40 ប្រភេទ ហើយអ្នកទេសចរណ៍ក៏អាចហែលទឹកលេងជាមួយត្រីទាំងនោះបានផងដែរ ។ នៅពេលដែលយើងមើលទេសភាពវីដេអូ ដែលគេបានថតតាមរយះដ្រូន (Drone) ពិតជាអស្ចារ្យ ដោយនៅលើដំបូលផ្សារទំនើបនេះ មានពណ៌ស្វាយ បូករូមនឹងការ Décor ដែលមើលទៅប្លែកភ្នែកគួរឲ្យចង់ទៅទស្សនា ។ ម៉្យាងវិញទៀត ផ្សារទំនើបនេះ នៅជាប់មាត់សមុទ្រទៀតផង ដែលអាចឲ្យទេសចរណ៍ចេញពីផ្សារទំនើបនេះ ចូលលេងសមុទ្រតែម្តង ។

- King of Prussia Mall, Pennsyvania, USA
King of Prussia Mall គឺជាផ្សារទំនើបដែលធំជាងគេក្នុងសហរដ្ឋអាមរិក និងគ្របដណ្តប់ជិត ៣ លានហ្វីការ៉េ ស្មើនឹង 278709.12 ម៉ែត្រការ៉េនៃផ្សារទំនើបនេះ ។ ផ្សារទំនើបនេះ បានបើកដំណើរការតាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះ ហើយមកដល់ពេលនេះ នៅតែជាផ្សារទំនើបដែលមានមនុស្សចូលមកកម្សាន្តយ៉ាងច្រើនកុះករ ពីមួយជំនាន់ទៅមួយជំនាន់ ។ ជារៀងរាល់ឆ្នាំ ផ្សារទំនើបនេះ ទាញទាក់ទេសចរណ៍ជាង ២២ លាននាក់ ដែលនឹកស្មានមិនដល់ ។

- New South China Wall, Dongguan, China
New South China Wall គឺជាផ្សារទំនើបធំជាងគេក្នុងពិភពលោក ប៉ុន្តែគួរឲ្យសោកស្តាយ ដែលហាងនីមួយក្នុងផ្សារទំនើបនេះគឺទទេ ដោយមិនសូវមានអ្នកលក់តាមហាងទាល់តែសោះ ។ ក្នុងរយះពេល ១០ ឆ្នាំដំបូង មានតែ 1% ប៉ុណ្ណោះ ដែលមានអ្នកលក់មួយចំនួនតូច បានលក់របស់របររបស់ខ្លួនជាលក្ខណះលក់រាយ (កំប៉ិចកំប៉ុក) ទើបធ្វើឲ្យផ្សារទំនើបមួយនេះមិនសូវមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទេសចរណ៍ទូទៅ ។ វាត្រូវបានគេហៅតៗគ្នាថាជា "ផ្សារទំនើបដែលបោះបង់ចោលធំបំផុតនៅលើពិភពលោក" ឬហៅថា “Ghost Mall” ! ជាសំណាងល្អ វាមានភាពរស់រវើកច្រើននាពេលបច្ចុប្បន្ននេះហើយមាន រោង ភាពយន្ត និងសួនឧទ្យានរចនាបថ IMAX ដែលជាហេតុនាំមនុស្សឲ្យចូលមកវិញកាន់តែច្រើន និងធ្វើឲ្យម្ចាស់ផ្សារទំនើបនេះ មានមុខមាត់ឡើងវិញផងដែរ ។

ផ្សារទំនើបទាំង ៩ នេះអាចជាគន្លិះខ្លះៗដល់លោកអ្នក ក្នុងគោលបំណងធ្វើដំណើរទៅប្រទេសណាមួយ ហើយអាចឆ្លៀតចូលលេងកម្សាន្តក្នុងផ្សារទំនើបនៅក្នុងតំបន់នោះផងដែរ ។ ប្រសិនបើចង់ឲ្យជីវិតរបស់អ្នក មានភាពរស់វើក ចូរអ្នកនាំដៃគូរបស់អ្នកដើរលេងកម្សាន្តក្នុងផ្សារទំនើបផ្សេងៗ ដើម្បីបង្កើតអនុស្សាវរីយ៍ ក្នុងជីវិតដៃគូររបស់អ្នក។