កំពង់ស្ពឺ៖ សម្រស់ទឹកធ្លាក់អូរឆាំឆាខេត្តកំពង់ស្ពឺកំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិមួយប្រចាំ តំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ដោយសារនៅទីនោះមានទេសភាពព្រៃភ្នំខៀវស្រងាត់ លាយឡំនឹងផ្កាព្រៃ ចម្រុះពណ៌ដ៏គួរឱ្យទាក់ទាញ ពិសេសមានទឹកធ្លាក់ លើផ្ទាំងថ្មជាថ្នាក់ៗ បង្កើតបានជាសំឡេងយ៉ាងពិរោះ រណ្តំ ដែលបំពេអារម្មណ៍អ្នកទេសចរឲ្យលង់លក់ ជាមួយនឹងធម្មជាតិស្រស់បំព្រង ភ្លេចអស់ក្តីកង្វល់សល់ តែស្មាមញញឹម។ លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានថា ទឹកអូរឆាំឆា អ្នកខ្លះ ហៅថា ទឹកធ្លាក់អូរខ្មែរក្រហម បានលាក់ឆោម បាំងកាយក្នុងព្រៃឧទ្យានជាយូរឆ្នាំមកហើយៗទឹកធ្លាក់ធម្ម ជាតិនេះ កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដូចទៅនឹងគោលដៅភ្នំខ្នងផ្សារ និងភ្នំខ្នងក្រពើដែរ ពីព្រោះទីតាំងទឹកធ្លាក់នេះ ក៏ស្ថិតនៅក្បែរ ខាងលិចជើង ភ្នំខ្នងក្រពើនោះស្រាប់។
លោកបន្តថា តំបន់ទេសចរណ៍នេះមានភាពទាក់ទាញខ្លាំងដោយចាប់ពីផ្លូវឡើងទៅកាន់ទីនោះ គឺមាន ទេសភាពបៃតងនិងជីវៈចម្រុះ ជាច្រើន ដោយរួមទាំងផ្កាព្រៃជាច្រើនប្រភេទ គឺផ្កាបំពង់ក្រឡោមព្រមទាំងផ្កា ចាហួយនិងបុប្ផាផ្កាព្រៃមួយចំនួនទៀត កំពុងតែសាយភាយ ពិដោរគន្ធាក្រអូបពេញព្រៃព្រឹក្សា ។ លោកបន្ត ទៀតថា ពេលទៅដល់ ភ្ញៀវទេសចរនឹងបានទស្សនាទឹកធ្លាក់ពីលើកំពូលភ្នំបែកខ្ចាយលើផ្ទាំងសិលា សាយភាយចំហាយត្រជាក់ ល្ហឹម មកប៉ះរាងកាយអ្នកទេសចរឲ្យទទួលបានអារម្មណ៍ស្រស់ស្រាយ លើសពីនោះទឹកធម្មជាតិនេះហូរធ្លាក់តាមជម្រាលថ្មមិនចេះរីងស្ងួត ទាំងរដូវប្រាំងនិងរដូវស្សា ដែល អំណោយផលសម្រាប់អ្នកទេសចរងូតទឹកលេងកម្សាន្តមិនចេះជិនណាយ។ បើនិយាយពីទេសភាពគឺ ស្អាតជាងខ្នងផ្សារផងហើយតំបន់ទាំងអស់នេះអាចទាក់ទងគ្នាបានគឺយើងអាចឡើងតាមខ្នងភ្នំផ្សារយើងអាចចុះនៅតាមភ្នំក្រពើហើយតែវាខុសគ្នាបន្តិចគ្រាន់តែយើងឡើងពីខ្នងក្រពើមានការចោទជាងការឡើងខ្នងផ្សារបន្តិចប៉ុន្តែសព្វថ្ងៃនេះភ្ញៀវបុកទៅខាងខ្នងក្រពើច្រើនព្រោះគាត់ទៅងូតទឹកនៅទឹកធ្លាក់អូរខ្មែរក្រហមនេះ។
លោកបញ្ជាក់ថា ដំណើរទៅកម្សាន្តនៅរមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយសហគមន៍ អេកូទេសចរណ៍តាំងបំពង់ ដែលស្ថិតនៅភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរកមគ្គុទ្ទេសក៍សម្រាប់នាំផ្លូវ និងបម្រើសេវា សហគមន៍មួយចំនួន ពីព្រោះមានតែប្រជា សហគមន៍នៅតំបន់នេះទេ ដែលអាចស្គាល់ផ្លូវនាំអ្នកទេសចរទៅដល់ទឹកធ្លាក់នេះបាន៕