សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមក សម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាបនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ ដល់គណៈកម្មការអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលដ៏ល្អប្រណិតនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ផ្លូវទាំង ៣៨ ខ្សែ គឺជាការយកកម្ពុជាចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។ សម្តេចតេជោពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មី ថាសមិទ្ធផលទាំងអស់ដែល កើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថាជា តារារះនាទិសឧត្តរ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ផ្លូវទាំង ៣៨ ខ្សែ នេះ សុទ្ធតែមានព្រះនាម ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាមព្រះហស្ថ និងស្នាដៃ ចំពោះជាតិនាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ផ្លូវ និងកែលំអរស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួម របស់ប្រជាពលរដ្ឋនោះឡើយ ពីព្រោះមានប្រជាពល រដ្ឋខ្លះបានរងប៉ះពាល់ក្នុងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ហើយដែលបានស្ម័គ្រ ចាកចេញពីកន្លងដែលត្រូវសាងសង់ និងប្រគល់ដីជូនអាជ្ញាធរ។
សម្តេចតេជោបានណែនាំ ដល់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់លើ បងប្អូនប្រជាពលរដ្ឋយើង ដែលត្រូវបានផ្លាស់ចេញពី កន្លែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអរស្ទឹង សៀមរាប ហើយទៅរស់នៅភូមិអភិវឌ្ឍតេជោរុណតាឯកនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងការកែលម្អដងស្ទឹងសៀមរាបនោះ យើងមិនអាចចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹង នោះទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលបានកំណត់ថាប្រាសាទអង្គរ ត្រូវបានដាក់ចូលបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក។ សម្តេចក៏បានអរគុណដល់ ICC-Angkor ដែល បានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប ហើយកម្ពុជាបានចុះហត្ថលេខា ការងារជាបន្តទៀត ជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាបរយៈពេល ១០ ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន ៣០ ឆ្នាំមកហើយ។ នៅថ្ងៃនេះ សម្តេចតេជោហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ដែលចង់ឱ្យមានការអភិវឌ្ឍអគារខ្ពស់ៗ នៅក្នុងក្រុងសៀមរាប។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជី បេតិកភណ្ឌពិភពលោកហើយ។ សម្តេចបានផ្តល់ដំបូន្មានដល់ អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។ សម្តេចតេជោបានជម្រាបទៅយូណេស្កូ ថាសូមកុំបារម្ភ ចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយ ចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺកម្ពុជា ត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។ នៅថ្ងៃដដែល ដោយសារថ្ងៃទី ៤ មេសានេះ ដែលជាថ្ងៃកំណើតផ្លូវការរបស់សម្តេច ដូច្នេះ សម្តេចសូមយក ឱកាសនេះថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ អរព្រះគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានជូនពរសម្ដេចក្នុងថ្ងៃនេះ។ សម្តេចតេជោបន្តថា ថ្ងៃនេះកាលពី ៥២ ឆ្នាំមុន ជាពេលដែលសម្តេចក្លាយជាយុទ្ធជន ដែលបានធ្វើដំណើរតស៊ូចូលទៅក្នុងព្រៃ តាមការអំពាវនាវរបស់ សម្តេចព្រះបរមរតនកោដ្ឋ។ ជាថ្មីម្ដងទៀតនៅក្នុងឱកាសនៃ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្ដេចតេជោសូមឲ្យបងប្អូនប្រជាពលរដ្ឋ អាចកម្សាន្តសប្បាយរីករាយ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ចៀសចេញពីការចម្លងជំងឺកូវីដ-១៩។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនាថ្ងៃនេះ និងបានជូនពរឲ្យបងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ហើយក៏បានប្រកាសសម្ពោធ ដាក់ឱ្យប្រើប្រាស់ថារចនាសម្ព័នផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ចាប់ពីពេលនេះតទៅ៕