មិនខុសទេ បែបផែននៃការគេងបានត្រឹមត្រូវ មិនថាចំនួនម៉ោងនៃការគេង ពេលវេលាដ៏សាកសមសម្រាប់គេង សុទ្ធតែមានជះឥទ្ធិពលល្អដល់សុខភាពខួរក្បាល និងសារពាង្គកាយទូទៅរបស់មនុស្ស។ ប៉ុន្តែទន្ទឹមនឹងការគេង បានត្រឹមត្រូវ សូម្បីតែទំលាប់នៃការភ្ញាក់ពីគេង ក៏ផ្តល់ប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សដែរ។
ខាងក្រោមនេះគឺជាគុណសម្បត្តិ 9 យ៉ាងជាលទ្ធផលបានមកពីការក្រោកពីគេង ពេលព្រឹកព្រលឹម៖
1. អ្នកនឹងក្លាយជាមនុស្ស កាន់តែមានគំនិតច្នៃប្រឌិតជាងមុន
ប្រសិនបើអ្នក មានអាជីពជាបុគ្គលិកក្រុមហ៊ុនណាមួយនោះ ហើយអ្នកតែងតែភ្ញាក់ពីគេងពីព្រលឹម អ្នកនឹងមានគំនិតច្នៃប្រឌិត (ផលិតភាព) កាន់តែច្រើនជាងមុន ហើយក៏ខ្ពស់ជាងគេផងដែរ ព្រោះថាពេលដែលគ្រប់គ្នាកំពុងគេង អ្នកកំពុងតែធ្វើការទៅហើយ។ អ្នកនឹងមានអារម្មណ៍មូល មានការផ្តោតច្បាស់ទៅលើការងាររបស់អ្នក ដោយគ្មានការរំខានជាការ Call, Email មកកាន់អ្នកឡើយ ហើយអ្នកនឹងអាចរកនឹងឃើញអ្វី ដែលថ្មីជាដំណោះស្រាយល្អៗ និងគំនិតអភិវឌ្ឍបានមួយចំនួនបន្ថែមទៀត។ យោងតាមប្រភពនៃការសិក្សាឆ្នាំ 2008 បានបង្ហាញឲ្យឃើញថា មនុស្សដែលភ្ញាក់ពីគេងពេលព្រឹកព្រលឹម មានទំនោរការងារ និងបង្កើតជាលទ្ធផលការងារបានច្រើន ជាងមនុស្សដែលភ្ញាក់ពីគេងយឺត។
2. អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ និងកាន់តែរីករាយជាងមុន
ការស្រាវជ្រាវបានបង្ហាញថា ការភ្ញាក់ពីព្រលឹមពិតជានាំឱ្យមានភាពរីករាយកើនឡើង។ យោងតាមការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Toronto បានឱ្យដឹងថា ជាទូទៅមនុស្សដែលភ្ញាក់ពីគេងពេលព្រលឹម មានភាពសប្បាយរីករាយជាង ហើយមានកម្រិតសោយសុខ និងស្រស់ស្រាយអារម្មណ៍ ជាងមុនជាមួយនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការសិក្សាមួយទៀតនៅឆ្នាំ 2014 ក៏បានរកឃើញថាមនុស្សដែលចូលគេងយប់ជ្រៅ មានទំនោរទៅរកភាពច្របូកច្របល់ជាមួយនឹងគំនិតអវិជ្ជមានច្រំដែលៗ ។
ដូច្នេះប្រសិនបើអ្នកកំពុងមានអារម្មណ៍មិនល្អ មិនសូវស្រួល សូមដោះស្រាយវាដោយការចូលគេងពីព្រលប់ និងក្រោកពីព្រឹកព្រលឹម។
3. អ្នកនឹងក្លាយជាមនុស្សមានការយល់ស្រប និងសហការជាមួយនឹងអ្នកជុំវិញខ្លួន ជាងមុន
ប្រសិនបើអ្នកកំពុងមានបញ្ហាជាមួយមិត្តភាព ឬទំនាក់ទំនងនៅក្នុងជីវិត អ្នកប្រហែលជា ត្រូវក្រោកពីព្រលឹមដើម្បីសម្រួលជាមួយនឹងបញ្ហាទាំងនោះ។ ការសិក្សាបានបង្ហាញថា មនុស្សពេលព្រឹកងាយស្រួលក្នុងការនិយាយចុះសម្រុងជាមួយ ជាងអ្នកដែលភ្ញាក់ពីគេងយឺត។ យោងតាមការស្រាវជ្រាវរបស់លោក Christopher Randler សាស្រ្តាចារ្យជីវវិទ្យានៅសាកលវិទ្យាល័យអប់រំក្នុងទីក្រុង Heidelberg ប្រទេសអាឡឺម៉ង់ បានអោយដឹងថាមនុស្សពេលព្រឹកមានទំនោរ មានការតស៊ូ សហការ ចេះយល់ស្រប និងមានមនសិការច្រើនជាងអ្នកដែលក្រោកពីគេងយឺតយ៉ាវ។
4. អ្នកនឹងមានម៉ោងធ្វើការ ឬម៉ោងបំពេញកាតព្វកិច្ចផ្សេងៗបានច្រើនជាងមុន
5. អ្នកនឹងមានសុខភាពខួរក្បាល និងផ្លូវចិត្ត កាន់តែប្រសើរជាងមុន
ការសិក្សាដែលធ្វើឡើង ដោយការចូលរួមជាអន្តរជាតិ ដឹកនាំដោយសាកលវិទ្យាល័យ Exeter និងមន្ទីរពេទ្យ Massachusetts General Hospital បានរកឃើញថា មនុស្សដែលក្រោកនៅពេលព្រឹកមានសុខភាពផ្លូវចិត្ត ល្អប្រសើរ។ ការសិក្សាដែលត្រូវបានចេញផ្សាយ ចុងក្រោយនៅក្នុងទស្សនាវដ្តី Nature Communications បានអះអាងថា អ្នកដែលមានហ្សែន ឬទំលាប់ ក្រោកពីព្រលឹម មានហានិភ័យទាបបំផុតនៃការកើតជំងឺវិកលចរិក និងជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះប្រសិនបើអ្នកកំពុងតែមាន បញ្ហាថប់បារម្ភ ឬការបាក់ទឹកចិត្ត ការភ្ញាក់ដឹងខ្លួននៅពេលព្រឹកព្រលឹម អាចជួយព្យាបាលអ្នកបាន។
6. អ្នកនឹងមានថាមពល ក្នុងការហាត់ប្រាណបន្ថែម
សុខភាពគឺជាទ្រព្យដ៏ល្អ និងមានតម្លៃបំផុតសម្រាប់ជីវិតមនុស្សគ្រប់រូប។ បើសិនជាអ្នកមានទំលាប់ភ្ញាក់ពីគេងពេលព្រឹកព្រលឹម ដូចការបង្ហាញខាងលើ អ្នកនឹងមានសុខភាពផ្លូវចិត្តល្អ អារម្មណ៍ស្រស់ស្រាយ និងមានពេលវេលាច្រើន ក្នុងការបំពេញការងារអ្វីមួយ។ ទាំងអស់នេះ វានឹងជម្រុញឲ្យអ្នកមានពេលវេលា និងថាមពលគ្រប់គ្រាន់ មិនប្រញ៉ាប់ប្រញ៉ាល់ឡើយ ក្នុងការធ្វើលំហាត់ប្រាណពីព្រលឹម ដែលវាពិតជាជួយធ្វើឲ្យសុខភាពរបស់អ្នកកាន់តែរឹងមាំ ទាំងផ្នែកខាងក្រៅ និងខាងក្នុង។
7. អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ ក្នុងការញ៉ាំអាហារសុខភាពសម្រាប់ពេលព្រឹក បានត្រឹមត្រូវ (Healthy Breakfast)
8. អ្នកនឹងអាចគេងលក់ស្កប់ស្កល់ នៅពេលយប់
បើយោងតាមក្រុមអ្នកជំនាញផ្នែកចិត្តសាស្ត្របានបង្ហាញថា សម្រាប់មនុស្សដែលមានបញ្ហាគេងមិនលក់ ឬបញ្ហាផ្សេងៗទៀតទាក់ទងនឹងការគេងនៅពេលយប់ ចូលព្យាបាលវាដោយខ្លួនអ្នក ដោយការហាត់ពត់អារម្មណ៍ និងព្យាយាមចូលគេង នៅពេលព្រលប់ (ចៀសវាងចូលគេងពេលកណ្តាលអាធ្រាត) និងភ្ញាក់វិញនៅពេលព្រឹកព្រលឹម។ ពីដំបូងអាចនឹងពិបាកធ្វើ ប៉ុន្តែបើសិនជាអ្នកធ្វើវាបាន វានឹងប្រែក្លាយទំលាប់របស់អ្នកបានល្អ ព្យាបាលការគេងរបស់អ្នកឲ្យបានស្កប់ស្កល់ ថែមទាំងធ្វើការការគិត និងការផ្តោតអារម្មណ៍របស់អ្នកទៅលើអ្វីមួយបានកាន់តែប្រសើរ។
9. អ្នកនឹងអាចរកចំណូលបានច្រើនជាងមុន
ការស្ទង់មតិមួយដោយក្រុមហ៊ុន Sleep Junkie ដែលបានសាកសួរ ជនជាតិអាមេរិកចំនួន 1,000 នាក់អំពីទម្លាប់នៃការគេងរបស់ពួកគេ បានរកឃើញថាពួកគេ មានការគេងខុសៗគ្នា ដោយសារតែទំនាក់ទំនង រវាងការគេង លុយ និងភាពជោគជ័យ។ ជាលទ្ធផលបានរកឃើញថា អ្នកដែលគេងបានស្កប់ស្កល់ ដោយការចូលគេងពីព្រលប់ និងភ្ញាក់ពីព្រលឹម មានអត្រាប្រាក់ខែខ្ពស់ជាង អ្នកដែលក្រោកពីគេងយឺត ព្រោះថាពេលដែលមនុស្សគេងបានគ្រប់គ្រាន់ និងភ្ញាក់បានមុនគេពីព្រលឹម ពួកគេមានលទ្ធផលការងារបានល្អ និងមានការអភិវឌ្ឍខ្លួនជានិច្ច ជាហេតុនាំឲ្យពួកគេ ទទួលបានការតម្លើងប្រាក់បៀវត្សន៍បានលឿន ជាងអ្នកដែលភ្ញាក់ពីគេងយឺត។
ជាពិសេសអ្នកឆ្លើយសំណួរដែលបាននិយាយថា ពួកគេក្រោកពីដំណេកនៅម៉ោង 5 ព្រឹក រកបានជាមធ្យម 46,000 ដុល្លារក្នុងមួយឆ្នាំ ដែលជាប្រាក់ខែខ្ពស់បំផុតរបស់អ្នកចូលរួមស្ទង់មតិ។ ដូចគ្នានេះដែរ អ្នកដែលនិយាយថាពួកគេក្រោកនៅម៉ោង 7 ឬ 8 ព្រឹក មានប្រាក់ខែទាបជាង គួរឱ្យកត់សម្គាល់ដោយរាយការណ៍ថាប្រាក់ឈ្នួលប្រចាំឆ្នាំ ជាមធ្យម 35,000 ដុល្លារ។