កន្លែងទេសចរណ៍ទាំង ៥ សម្រាប់អ្នកចូលចិត្ដទៅលេងកោះ និងសមុទ្រ នៅក្នុងថ្ងៃចូលឆ្នាំខាងមុខ


ពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់មែនទែនហើយ តើអ្នកមានគម្រោងថា នឹងធ្វើដំណើរកំសាន្ដទៅកាន់ខេត្ដណា ឬតំបន់ណាមួយហើយឬនៅ? ការពិតទៅ នៅក្នុងប្រទេសកម្ពុជា មានតំបន់ទេសចរណ៍ជាច្រើនសឹងតែមិនអាចរាប់អស់ មិនត្រឹមតែប៉ុណ្ណោះ តំបន់រមណីយដ្ឋានដែលទើបអភិវឌ្ឍថ្មីៗ ក៏មានកាន់តែច្រើនផងដែរ។

មិនថាទាំងតំបន់ទេសចរណ៍ ដែលមានប្រាសាទ ព្រៃភ្នំ ទឹកធ្លាក់ កោះ ឬសមុទ្រនោះទេ សុទ្ធតែរងចាំទទួល ស្វាគមន៍អ្នកទៅលេងកំសាន្ដ នាពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះតែម្ដង។ ជាពិសេស សម្រាប់អ្នកដែលកំពុង ស្វែងរកកន្លែងទេសចរណ៍ស្អាតៗ និងស្រស់ស្រាយបែបតំបន់សមុទ្រ និងកោះ ប្រាកដជាពេញចិត្ដ កន្លែងទេសចរណ៍ក្នុងស្រុករបស់យើងទាំង ៥ នេះជាក់ជាមិនខាន។

១. កោះសាមសិប

កោះសាមសិប គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានចម្ងាយ ៩៥ គីឡ៉ូមែត ពីទីរួមខេត្ដក្រចេះ។ តំបន់រមណីដ្ឋានទេសចរណ៍នេះ គឺជាសហគមន៍អេកូទេសចរណ៍ ដែលសំបូរទៅដោយ ព្រៃឈើជាច្រើនប្រភេទ ហើយក៏ជម្រកសត្វព្រៃ ដ៏សំខាន់មួយផងដែរ នៅក្នុងខេត្ដក្រចេះនេះ ដូចជាសត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាតត្រយ៉ង និងសម្បូរទៅដោយ សត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែបទៀតផង។  អ្នកដែលទៅកម្សាន្តនៅលើកោះនេះ ភាគច្រើនពួកគេ បោះតង់សម្រាក ជិះទូកមើលសត្វស្លាបជាច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ និងពិសារអាហារ ដែលរៀបចំដោយប្រជាសហគមន៍ជាដើម។

២. កោះហាន

កោះហាន ក៏មិនខុសពីកោះសាមសិបប៉ុន្មានដែរ ដោយកោះនេះជារមណីយដ្ឋាន បែបអេកូទេសចរណ៍ដែលមានទីតាំងចម្ងាយ ៥០ គីឡូម៉ែត ពីទីរួមខេត្ដស្ទឹងត្រែង។ អ្នកទេសចរណ៍ដែលធ្វើដំណើរ មកកំសាន្ដនៅទីនេះ នឹងអាចជិះទូកតាមដងទន្លេ ជិះម៉ូតូ ជិះកង់តាមកោះ ដើរក្នុងព្រៃក្នុងសហគមន៍ ស្ទូចត្រី បង់សំណាញ់ មើលសត្វស្លាប បោះតង់ មើលថ្ងៃលិច ងូតទឹកកម្សាន្ត អង្គុយលេងក្រោមដើមឈើ និងជីកចង្រិតជាដើម។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្ដ ទេសភាពស្ងប់ស្ងាត់ ប្រាកដជាពេញចិត្ដតំបន់ទេសចរណ៍មួយនេះជាមិនខាន។

៣. កោះសេ្ដច

កោះសេ្ដចគឺជារមណីយដ្ឋានដ៏ល្បី និងពេញនិយមជាងគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កោះមួយនេះមានចម្ងាយប្រមាណ ៨១ គីឡូម៉ែត្រ ពីទីរួមខេត្ដកោះកុង និងមានចម្ងាយប្រមាណជា ២៥០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ កោះស្ដេចជាតំបន់ទេសចរណ៍ ដែលគេល្បីថាមានឆ្នេរខ្សាច់ស្អាត ជាមួយនឹងទេសភាពទឹកសមុទ្រ និងព្រៃឈើធម្មជាតិ នៅជុំវិញកោះមួយនេះ។ សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងទៅកំសាន្ដលើកោះនេះ អាចរីករាយជាមួយ សកម្មភាពទេសចរណ៍ជាច្រើនដូចជា ទូកជិះកំសាន្ដ ស្ទូចត្រី មើលថ្ងៃលិច មុជទឹកសមុទ្រដើម្បីមើលផ្កាថ្ម និង ប្រព័ន្ធជីវចម្រុះផ្សេងៗ នៅបាតសមុទ្រជាដើម។

៤. ឆ្នេរតាបារាំង

នៅឆ្នេរតាបារាំង លឺគេល្បីថាទេសភាពស្អាត មិនចាញ់ស្រុកគេប៉ុន្មាននោះទេ ដោយសារតែឆ្នេរនេះមានខ្សាច់ ពណ៌សស្រស់ស្អាត ដូចជាឆ្នេរនៅបរទេសអញ្ចឹង។ ឆ្នេរតាបារាំងនេះ មានទីតាំងស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ៥៣ គីឡូម៉ែត្រ ពីរង្វង់មូលតោពីរ។ ឆ្នេរតាបារាំង មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ ទេសភាពដ៏ស្រស់ត្រកាល។ ចំណែកឯ សកម្មភាពទេសចរណ៍ ភ្ញៀវដែលទៅកំសាន្ដនៅទីនោះ អាចបោះតង់សម្រាក, ដើរលើឆ្នេរខ្សាច់ពណ៌សរ, មើលថ្ងៃលិចពេលល្ងាច, ញាំម្ហូបអាហារបែបគ្រឿងសមុទ្រឆ្ងាញ់ៗ, និងលេងទឹកសមុទ្រដ៏ខៀវស្រងាត់ជាដើម។

៥. ឆ្នេរថ្មយក្ស

ឆ្នេរថ្មយក្ស ក៏មានទីតាំងស្ថិតនៅក្នុង ក្រុងព្រះសីហនុផងដែរ ដោយឆ្នេរនេះ មានសម្រស់មិនចាញ់តំបន់ឆ្នេរដទៃ ក្នុងក្រុងព្រះសីហនុនេះប៉ុន្មានដែរ។ ចំណុចពិសេស ដែលទាក់ចិត្ដភ្ញៀវទេសចរ មកពីគ្រប់ទិសទី ឲ្យមកលេងកំសាន្ដនៅតំបន់ឆ្នេរនេះ គឺជាស្ពានសង់ពីលើផ្ទៃទឹក ដ៏វែងអន្លាយដាច់កន្ទុយភ្នែក ជាមួយនឹងថ្មយក្សមួយដុំធំ នៅខាងចុងស្ពាន ដូចទៅនឹងឈ្មោះរបស់ឆ្នេរនេះអញ្ចឹង។ ចំណែកឲ្យទេសភាព នៃឆ្នេរយក្សនេះវិញ មានភាពស្ងប់ស្ងាត់ល្អ អមជាមួយខ្យល់លំហើយសមុទ្រ បក់បោកតិច និងមានព្រៃធម្មជាតិបៃតង ព័ទ្ធជុំវិញតំបន់ទេសចរណ៍ឆ្នេរមួយនេះ។