សម្តេចតេជោណែនាំ ឱ្យកែសម្រួលព្រំប្រទល់តំបន់ ២ និងតំបន់ ៣ នៅតំបន់បឹងទន្លេសាបឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែង នៃការអាស្រ័យផល របស់ប្រជាពលរដ្ឋ


សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកំណត់ព្រំប្រទល់តំបន់ ៣ និងតំបន់ ២ នៅតំបន់បឹងទន្លេសាបឡើងវិញ ដោយឈរលើគោលការណ៍ចំនួន ៣ ដើម្បីធានាបានឧត្តមប្រយោជន៍ របស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងសារពិសេសរបស់សម្ដេច ជូនជនរួមជាតិ នាព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២នេះថា បឹងទន្លេសាប មានវិសាលភាពធំទូលាយ គ្របដណ្តប់លើ ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ,សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹក បឹងទន្លេសាបធានានិរន្តរភាពជីវៈចម្រុះ។

សម្តេចតេជោ និយាយថាដើម្បីការពារផ្ទៃដីព្រៃលិចទឹក បឹងទន្លេសាប ទាមទារឱ្យមានការបែងចែកជាតំបន់ ៣, តំបន់ ២ និងតំបន់ ១ ដែលតំបន់ទាំងនោះមានកម្រិត នៃការគ្រប់គ្រង ដាច់ដោយឡែកពីគ្នា តែមានគោលដៅរួម គឺការពារការទន្ទ្រានកាន់កាប់ តំបន់ហាមឃាត់ព្រៃលិចទឹក ដោយខុសច្បាប់។ សម្តេចតេជោ បានចេញបទបញ្ជាឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរដែនដី ធ្វើការកែសម្រួលព្រំប្រទល់ តំបន់៣ និងតំបន់២ ដើម្បីធានាការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅ ជាច្រើនឆ្នាំមកហើយនៅតំបន់នោះ។

សម្តេចតេជោ ក៏បានដាក់ចេញបទបញ្ជាដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវ បន្ថែមទៀតពីការកំណត់ ព្រំប្រទល់តំបន់៣ និងតំបន់២ ដោយឈរលើគោលការណ៍ ចំនួន៣ ក្នុងនោះរួមមាន៖ ១/ពិនិត្យ និងពិចារណា លើភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋនៃភូមិសាស្ត្រនីមួយៗ ដូចជា ភូមិដ្ឋាន, សាលារៀន,អគាររដ្ឋបាលឃុំ ឬវត្តអារាមជាដើម, ២/ ត្រូវមានការកែសម្រួលតំបន់២ និងតំបន់៣ឡើងវិញ លើស្ថានភាពជាក់ស្តែង និងភាពសមហេតុសមផល ដើម្បីការពារតំបន់ព្រៃលិចទឹក, និង ៣/ អាជ្ញាធរបឹងទន្លេសាប ត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអភិបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ត្រូវមានការទទួលខុសត្រូវ ចំពោះប្រជាជនខ្លួនឯង នៅក្នុងតំបន់នោះ។

សម្តេចបានលើកឡើងថា៖ «ត្រូវតែចៀសចេញពីតំបន់ ២ ក្ដីតំបន់៣ក្ដី ដែលប្រជាជនបានរស់នៅជាភូមិអាករ មានទាំងសាលារៀន មានទាំងវត្តអារាម តាំងពីយូរយារណាស់មកហើយ មិនអាចចាត់ទុកថាតំបន់៣ ដែលត្រូវតែបោសសម្អាតប្រជាជន ហើយយកប្រជាជន ចេញពីតំបន់នោះទេ នេះជាបទបញ្ជាដែលខ្ញុំធ្វើ ដើម្បីចៀសវាងការ ភាន់ច្រឡំណាមួយទាក់ទង នឹងការបណ្ដេញចេញ ឬយកចូលចេញនូវប្រជាជន ដែលនៅក្នុងតំបន់៣ទៅតាម ផែនទីដែលយើងបានកំណត់នោះដែរ។ ចំណុចនេះជាចំណុច ដែលត្រូវចៀសវាង ហើយនេះគឺជា ការទទួលការទទួលខុសត្រូវ របស់អភិបាលខេត្ត ជាការទទួលខុសត្រូវ របស់អភិបាលស្រុក ជាការទទួលខុសត្រូវរបស់ថ្នាក់ឃុំ នៅទីនោះ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណកម្មតំបន់ ដែលប្រជាជនរស់នៅទីនោះនិង អាស្រ័យផលនៅទីនោះ»៕