សមាគមន៍ភស្តុភារកម្ពុជា (Cambodia Logistic Association) បានបង្ហាញថា វិស័យដឹកជញ្ជូននៅកម្ពុជា នឹងបន្ដប្រឈម ផលប៉ះពាល់ទៀតនៅឆ្នាំ ២០២២ នេះដោយសារតែ ការឡើងថ្លៃប្រេងឥន្ធនៈ បណ្ដាលឲ្យ សេវាដឹកជញ្ជូនផ្លូវទឹក និងផ្លូវគោកឡើងថ្លៃ ទូទាំងសកលលោក។ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមន៍ភស្ដុភារកម្ពុជា បង្ហាញថា ការកើនតម្លៃប្រេងឥន្ធនៈ កំពុងបន្ថែមបញ្ហាដល់ វិស័យដឹកជញ្ជូននៅ កម្ពុជាមួយកម្រិតទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។

លោកឧកញ៉ា បានលើកឡើងថា វិស័យដឹកជញ្ជូននៅកម្ពុជា រងផលប៉ះពាល់តាំងពីឆ្នាំ ២០២១ ដែលរួមមានការឡើង ថ្លៃសេវាកម្មដឹកជញ្ជូនតាមនាវា កង្វះកុងតឺន័រ និងការកកស្ទះ នៅប្រទេសជាដៃគូពាណិជ្ជកម្មធំៗ ដូចជាសហរដ្ឋអាមេរិក ជាដើម។ មកដល់ឆ្នាំ២០២២ វិបត្តិជំងឺកូវីដ បានធូរស្រាលនៅកម្ពុជា ប៉ុន្តែតម្លៃប្រេងឥន្ធនៈបានហក់ឡើង យ៉ាងឆាប់រហ័សលើទីផ្សារអន្តរជាតិ នៅតែបន្ដប៉ះពាល់ ដល់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មបន្ថែមទៀត។

យោងតាមរបាយការណ៍ពី សមាគមន៍ភស្ដុភារកម្ពុជា (Cambodia Logistic Association) បានបង្ហាញថា តម្លៃសេវាដឹកជញ្ជូន តាមនាវាពីកម្ពុជា ទៅកាន់ទីផ្សារពិភពលោក បានកើនឡើងចន្លោះពី ១០% ទៅ ២០% ហើយបរិមាណដឹកជញ្ជូន ត្រូវបានកាត់បន្ថយបន្ថែមទៀត ដោយសារតែ ការកកស្ទះនៅកំពង់ផែអន្តរជាតិមួយចំនួន។
ថ្លៃដឹកជញ្ជូនទៅកាន់ សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងមួយកុងតឺន័រ មានតម្លៃចន្លោះពី ២.០០០ ទៅដល់ ៥.០០០ ដុល្លារ/កុងតឺន័រ (មុនពេលការផ្ទុះឡើងជំងឺកូវីដ-១៩) ប៉ុន្តែបច្ចុប្បន្នក្នុងវិបត្តិជំងឺកូវីដ-១៩ និងការឡើងថ្លៃប្រេងឥន្ធនៈ ថ្លៃដឹកជញ្ជូនទៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានឡើងដល់ចន្លោះពី ៨.០០០ ទៅ ១០.០០០ ដុល្លារ/កុងតឺន័រ ចំណែកកុងតឺន័រសេវា ដឹកជញ្ជូនពិសេស អាចមានតម្លៃដល់ ១៥.០០០ ឯណោះ។

១/ កម្ពុជា អាចនឹងប្រឈមកង្វះ លទ្ធភាពប្រកួតប្រជែង លើទីផ្សារអន្តរជាតិ
សមាគមន៍ភស្ដុភារកម្ពុជា បានបង្ហាញថា កម្ពុជា អាចនឹងកង្វះលទ្ធភាព ប្រកួតប្រជែងវិស័យភស្ដុភារកម្ម លើទីផ្សារអន្តរជាតិ ប្រសិនបើថ្លៃដឹកជញ្ជូនតាមនាវា នៅមានកម្រិតខ្ពស់ធៀប ជាមួយប្រទេសជិតខាងក្នុងតំបន់ ហើយកម្ពុជា នៅមានកង្វះខាតធនធាន និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដឹកជញ្ជូននៅឡើយ។ លោកឧកញ៉ា ស៊ិន ចាន់ធី មើលឃើញ បញ្ហាការដឹកជញ្ជូននៅកម្ពុជា ស្ថិតនៅមានកម្រិតនៅឡើយ តួយ៉ាងកង្វះខាត ហេដ្ឋារចនាសម្ព័ន្ធទាំងការ ដឹកជញ្ជូនក្នុងប្រទេស និងច្រកពាណិជ្ជកម្មអន្តរជាតិ ជាពិសេសកង្វះខាតធនធាន។

លោកឧកញ៉ា បានមានប្រសាសន៍ថា នៅកម្ពុជាយើងមិនទាន់ មានកំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាព និងវិសាលភាពសម្រាប់ ចតនាវាដឹកទំនិញខ្នាតធំ ឆ្លងមហាសមុទ្រនៅឡើយទេ ខណៈដែលប្រទេសជិតខាងយើង ដូចជាវៀតណាម និងថៃ មានជាច្រើនកន្លែង ដែលអាចជួយ ដល់ការដឹកជញ្ជូនតាមនាវា មានតម្លៃទាប និងហេដ្ឋារចនាសម្ព័ន្ធល្អជាង។ ហេតុនេះហើយ ទើបកម្ពុជាត្រូវការពឹងផ្អែក លើសេវាភស្ដុភារកម្ម នៅប្រទេសជិតខាងខ្លះៗ ឬត្រូវផ្ទេរបន្ដរ ដើម្បីនាំទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ។ ម្យ៉ាងវិញទៀត កង្វះកុងតឺន័រផ្ទុកទំនិញ ការប្រើប្រាស់រថយន្ដដឹកទំនិញចាស់ៗ កង្វះធនធានមនុស្ស កង្វះបច្ចេកវិទ្យា និងកង្វះប្រព័ន្ធគ្រប់គ្រង វិស័យដឹកជញ្ជូន ក៏ជាកត្តាដែលធ្វើឲ្យការ ដឹកជញ្ជូនទំនិញនៅកម្ពុជា មានតម្លៃថ្លៃផងដែរ។

២/ ដំណោះស្រាយលើ បញ្ហាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ
លោកឧកញ៉ា ស៊ិន ចាន់ធី ប្រធានសមាគមន៍ភស្ដុភារកម្ពុជា លើកឡើងថា ដើម្បីកាត់បន្ថយថ្លៃ ដឹកជញ្ជូនទំនិញនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ប្រកួតប្រជែងជាមួយ ប្រទេសជិតខាងបាន កម្ពុជាត្រូវមានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ជាពិសេសលើកំពង់ផែទឹកជ្រៅ ផ្លូវថ្នល់ ពង្រឹងថ្លៃដឹកជញ្ជូន និងអនុវត្តប្រព័ន្ធ ecosystem លើមជ្ឈមណ្ឌល ទទួលនិងចែកចាយ នៅក្នុងតំបន់សក្ដានុពលមួយចំនួន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ជុំវិញ គម្រោងអភិវឌ្ឍន៍វិស័យ ដឹកជញ្ជូន និងភស្ដុភារកម្មមួយចំនួន ដែលរាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍន៍ រួមមាន៖
• ការពង្រីកសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងតំណាក់កាលទី១ មានជម្រៅ ១៤,៥ ម៉ែត្រ និងប្រវែងផែស្ដុកទំនិញ ៣៥០ ម៉ែត្រ ដែលអាចទទួលនាវាផ្ទុកទំនិញ ៦០.០០០ តោន ឬស្មើនឹង ៩៣% នៃនាវាដឹកជញ្ជូនឆ្លងកាត់ តំបន់អាស៊ីប៉ាស៊ីហ្វិច នៅត្រឹមឆ្នាំ ២០២៣។
• ការរៀបចំប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យកំពង់ផែ EDI (Electronic Data Exchange) ដែលនឹងជួយសម្រួលដល់នីតិវិធី ផ្លូវការរបស់កប៉ាល់ចូលសំណត ឬចាកចេញពីកំពង់ផែ ដែលប្រព័ន្ធនេះ នឹងជួយកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើម ដឹកជញ្ជូនទំនិញតាមសមុទ្រ និងឆ្លើយតបទៅនឹងកំណើននៃ ការវិនិយោគបរទេសផងដែរ។
• ការសាងសង់ផ្លូវល្បឿនលឿន លើកកម្ពស់ផ្លូវជាតិ បន្ថែមផ្លូវក្រវ៉ាត់ក្រុង និងអភិវឌ្ឍន៍ផ្លូវដែក ក៏ស្ថិតនៅក្រោមក្របខណ្ឌយុទ្ធសាស្ត្រ នៃការកាត់បន្ថយថ្លៃ ដឹកជញ្ជូននៅកម្ពុជាផងដែរ។ ជាពិសេសកម្ពុជា ស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៃអាស៊ី ជាតំបន់ទាក់ទងការដឹកជញ្ជូន និងភស្ដុភារ។
• ទំហំនៃការដឹកជញ្ជូននៅកម្ពុជា នៅតែមានកំណើនឡើង ទោះជាថ្លៃដឹកជញ្ជូនកើនឡើងក្ដី តួយ៉ាងការនាំចេញទំនិញមាន បរមាណកើនឡើងលើ ផលិតផលវាយភ័ណ្ឌ សម្លៀកំពាក់ និងផលិតផលកសិកម្មផងដែរ។

៣/ វិស័យដឹកជញ្ជូននៅកម្ពុជា អាចបន្តគ្រប់គ្រងការកើនតម្លៃ
ទោះបីជាស្ថានភាពលំបាក នៃពិភពលោកក៏ដោយ សមាគមន៍ភស្តុភារកម្មកម្ពុជា នៅតែបង្ហាញក្តីសង្ឃឹមថា វិស័យដឹកជញ្ជូនកម្ពុជា អាចបន្តគ្រប់គ្រងស្ថានការណ៍ នៃការកើនឡើងនៃ តម្លៃដឹកជញ្ជូនទំនិញបាន ដោយសហការជាមួយ ក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកមួយចំនួន។ ក្រុមហ៊ុនដឹកជញ្ជូនជាច្រើន បានព្យាយាមមិនដំឡើងថ្លៃ ទៅតាមស្ថានភាពនោះទេ ស្របពេលដែល ប្រេងឥន្ធនៈឡើងថ្លៃខ្លាំង ខណៈក្រុមហ៊ុនខ្លះទៀតបាន ដំឡើងថ្លៃត្រឹមតែ ៣% ដើម្បីបញ្ចៀសការចំណាយ។ យើងក៏អាចគ្រប់គ្រងការឡើងថ្លៃ បានដែរ ដោយសារមានការគាំទ្រ ពីភាគីពាក់ព័ន្ធជាច្រើន រួមទាំងក្រុមហ៊ុនផលិត អ្នកដឹកជញ្ជូន។

គួរជម្រាបថា តាមរបាយការណ៍ពី សមាគមន៍ភស្តុភារកម្ពុជា ការដឹកជញ្ជូនតាមផ្លូវគោក មិនមានបញ្ហាចោទធ្ងន់ធ្ងរនោះទេ ខណៈថ្លៃដឹកជញ្ជូន មិនកើនឡើងថ្លៃច្រើន ដូចការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាសនៅឡើយ។ ម្យ៉ាងទៀត នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនៅកម្ពុជា ជាពិសេសផ្លូវតភ្ជាប់ទៅកាន់ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងបន្ថែម ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវគោក ដែលទាំងអស់នេះ ជាផលវិជ្ជមានមួយទៀត សម្រាប់សេដ្ឋកិច្ចកម្ពុជា។