ជប៉ុន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យភស្ដុភារកម្ម នៅកម្ពុជា


ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងប្រទេសកម្ពុជា ត្រូវបានកសាងឡើង ក្រោមកិច្ចសហប្រតិបត្តិការជំនួយ និងការគាំទ្រពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត សម្រាប់ជួយពង្រឹង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ ស្របជាមួយគ្នានេះ ជប៉ុន ជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារកម្ម ដែលគាំទ្រលើគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារ រវាងជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា ជប៉ុនបានជួយធ្វើ អោយប្រសើរឡើង ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ក្រោមទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ជាពិសេសចំពោះទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តែងតែផ្ដល់ការគាំទ្រ ជួយកសាងប្រទេសកម្ពុជា អោយប្រសើរឡើងលើគ្រប់វិស័យ។

គម្រោងធំៗចុងក្រោយ កំពុងអនុវត្តក្រោមកម្ចីហិរញ្ញប្បទានជប៉ុន រួមមាន៖

• ការសាងសង់ផ្លូវជាតិលេខ៥ គិតចាប់ពីខេត្តកណ្ដាល ទៅដល់ព្រំដែនកម្ពុជា-ថៃ ភាគពាយ័ព្យ ឆ្លងកាត់ចំនួន ៥ ខេត្តរួមមាន៖ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាផ្លូវអាស៊ានហាយវ៉េលេខ១ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ដែលសម្រួលការធ្វើដំណើរ និងពង្រីកពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃ និងវៀតណាម។

• ការសាងសង់ផែកុងតឺន័រថ្មី ដំណាក់កាលទី១ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលមានបណ្ដោយប្រវែង ៣៥០ ម៉ែត្រ ជម្រៅ ១៤,៥ ម៉ែត្រ ដែលចំណាយថវិកាប្រមាណ ២០៩ លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខ ដែលពង្រីកសមត្ថភាព ផ្ទុកទំនិញភស្ដុភារកម្ម និងមានសមត្ថភាពសំចតនាវា ផ្ទុកកុងតឺន័របានរហូតដល់ ៦ ម៉ឺនតោន ឬស្មើនឹង ៩៣% នៃចំនួននាវានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

• ចំពោះផ្នែកទន់វិញ (software) ជប៉ុនបានជំនួយបច្ចេកទេស គម្រោងប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ ពង្រឹងការគ្រប់គ្រងការប្រមូល ចំណូលជាតិប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើម ដែលប្រព័ន្ធនេះ គ្រោងដាក់ឱ្យដំណើរនៅខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ អំពីសារៈសំខាន់នៃគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ត្រូវបានផ្ដោតលើ ៤ ចំណុចរួមមាន៖

១. ការកាត់បន្ថយថ្លៃអគ្គិសនី

២. ការរៀបចំអោយមាន ប្រព័ន្ធភស្ដុភារកម្មប្រកប ដោយប្រសិទ្ធភាព តាមរយៈការបង្កើត ផែនការមេភស្ដុភារកម្ម ដើម្បីលើកម្ពស់ឧត្តមភាព ប្រកួតប្រជែងនៃការដឹកជញ្ជូន កាត់បន្ថយចំណាយភស្ដុភារកម្ម

៣. ការកសាងធនធានមនុស្ស ដែលមានភាពប្រកួតប្រជែង

៤. ការប្រែក្លាយខេត្តព្រះសីហនុទាំងមូល ទៅជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណង។

បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេ លើការកែសម្រួលផ្លូវថ្នល់ ពង្រីកនិងលើកកម្រិតផ្លូវ ពីរគន្លងទៅបួនគន្លង បង្កើតការតភ្ជាប់គ្រប់ច្រកល្ហក ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ជាពិសេសការរៀបចំ ផែនការមេភស្ដុភារកម្ម ដែលមានគម្រោងប្រមាណ ៣៣០ គម្រោង ត្រូវការទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារ នៅរយៈពេល ១០ ឆ្នាំខាងមុខ។