សួនច្បារក្នុងរាជធានីភ្នំពេញចំនួន ៤ ទីតាំង ត្រូវបានអាជ្ញាធរ ត្រៀមជួសជុល ដើម្បីឱ្យមានពណ៌បៃតង គ្រប់រដូវកាល


យោងតាម លោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ មិថុនាកន្លងទៅនេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ជាអភិបាលក្រុង កំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ។ ដោយក្នុងចំណោម សួនច្បារសាធារណៈសរុប ចំនួនជាង ១២០ទីតាំង លើផ្ទៃដីជាង ១លានម៉ែត្រក្រឡា ដែលអភិវឌ្ឍរបស់ រដ្ឋបាលរាជធានីភ្នំពេញ មានទីតាំងចំនួន ០៤ ក្នុងការគ្រោង និងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់ ដើម្បីលើកសោភ័ណភាព រាជធានីភ្នំពេញបន្ថែមទៀត ក៏ដូចជាដើម្បីទុកជាកន្លែង ឱ្យបងប្អូនប្រជាពលរដ្ឋ បានហាត់ប្រាណដើម្បីសុខភាពផងដែរ។

គម្រោងជុសជុលសួនច្បារចំនួន ០៤ ទីតាំងនេះ រួមមានដូចជា៖ សួនច្បារវិមានឯករាជ្យ ,សួនច្បារមុខវត្តបទុមវតី, សួនច្បារឆ្នេរទន្លេ និងសួនវិមានឈ្នះឈ្នះ។ លោកបានបន្តថា អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញនៅតែបន្តថែទាំ សួរច្បារនានានៅ ក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូ វពណ៌បៃតងទាំងខែប្រាំងនិងខែវស្សា។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មី ជំនួសនៅ តែបន្តធ្វើសកម្មភាពរហូត។

លោក ស៊ូ សាវ៉ន បានបន្ដទៀតថា សួនច្បារក្នុងរាជធានីភ្នំពេញ មិនត្រឹមតែជាកន្លែងទាក់ទាញ នូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋ ហាត់ប្រាណផងដែរ ហើយការហាត់ប្រាណនេះហើយ ជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជំងឺគ្រប់ប្រភេទ។