បញ្ហាកង្វះស្បៀងអាហារ នៅក្នុងពិភពលោក បើទោះបីជាយើង កំពុងបន្តដំណើរក្នុងឆ្នាំ ២០២២ ឆ្ពោះទៅឆ្នាំ ២០២៣ ក៏ដោយ ក៏បញ្ហានេះកំពុងតែកើតមានឡើង នៅផ្នែកខ្លះក្នុងពិភពលោក ដែលយើងទាំងអស់គ្នាពុំបានដឹង ឬចាប់អារម្មណ៍។ ជុំវិញបញ្ហានេះ គួបផ្សំនឹងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតនោះ បានកំពុងធ្វើឱ្យបញ្ហា ស្បៀងកាន់តែប្រឈមមុខ នឹងបញ្ហាធ្ងន់ធ្ងរ។
តាមការព្យការណ៍របស់ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា (FTI) បានឱ្យដឹងថា ពិភពលោក ចាប់ពីពាក់កណ្ដាលឆ្នាំ ២០២២ នេះតទៅ នៅតាមប្រទេស និងតំបន់ជាច្រើន នឹងប្រឈមមុខបញ្ហាកង្វះស្បៀងអាហារ។ បញ្ហាកង្វះខាតស្បៀងនេះ ក៏ដោយហេតុថា ប្រទេសធំៗជាច្រើន ដែលផ្គត់ផ្គង់ស្បៀងរួមមានដូចជា ឥណ្ឌា អេហ្ស៊ីប កាហ្សាក់ស្ថាន ស៊ែប៊ី បានកំពុងរឹតបន្តឹង ការនាំចេញស្រូវសាលី ទៅក្រៅប្រទេស ដោយត្រូវផ្គត់ផ្គង់ នៅក្នុងស្រុកជំនួសវិញ។
មិនតែប៉ុណ្ណោះ កង្វះខាតស្បៀងអាហារនេះ ក៏ដោយសារតែបញ្ហាភ្លើង សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមានរយៈពេលជាង ៣ ខែមកហើយ ខណៈប្រទេសអ៊ុយក្រែនផ្ទាល់ គឺជាប្រទេសធំមួយនៅអឺរ៉ុប ដែលផ្គត់ផ្គង់ស្រូវសាលី ចូលទៅក្នុងទីផ្សារធំជាងគេមួយ បើធៀបទៅនឹងបណ្ដាប្រទេស ជាច្រើនផ្សេងទៀត។ ម្យ៉ាងការឡើងថ្លៃ នៃការនាំចេញនាំចូល តម្លៃដឹកជញ្ជូន ការឡើងថ្លៃផលិតផលទំនិញ ជី ជាដើម បានបន្តធ្វើឱ្យតម្លៃមុខទំនិញជាច្រើន ឡើងថ្លៃជាងមុន ធ្វើឱ្យការផលិតត្រូវចំនាយច្រើន និងលក់ចេញថ្លៃជាងមុន។
បញ្ហាកង្វះខាតស្បៀងអាហារ នេះត្រូវបាន FTI បញ្ជាក់ថា នឹងផ្ដល់ឱកាសដល់ថៃ ក៏ដូចជាប្រទេសនាំចេញ ផលិតផលជាច្រើនទៀត ក្នុងការនាំចេញផលិតផល អាហារបានកាន់តែច្រើន។ បច្ចុប្បន្ននេះ រោងចក្រ សហគ្រាសជាច្រើន បានរៀបចំ និងត្រៀមខ្លួន ក្នុងការពង្រីកទំហំនៃចង្វាក់ផលិតកម្ម និងបង្កើនការនាំចេញរបស់ខ្លួន ឱ្យបានកាន់តែច្រើន តាមរយៈការរៀបចំ វត្ថុធាតុដើម គ្រឿងផ្សំ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងកំណើននៃតម្រូវការ ស្បៀងអាហារ ចាប់ពីត្រីមាសទី៣ តទៅរហូតដល់ចុងឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ កង្វះខាតស្បៀងអាហារនេះ ពុំត្រូវបានបញ្ជាក់នោះទេថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬឈានដល់ការប្រកាសអាសន្ន តែវាអាចនឹងកើតឡើង នៅតាមបណ្ដាប្រទេសក្រីក្រ ពិសេសប្រទេសដែលពឹងផ្អែក ទៅលើការនាំចូល ផលិតផលពីក្រៅស្រុក ដើម្បីប្រើប្រាស់ក្នុងស្រុកជាដើម ដែលបញ្ហានេះនឹងធ្វើឱ្យ តម្លៃទំនិញកាន់តែឡើងថ្លៃ ស្របពេលតម្លៃប្រេងឥន្ធនៈអន្តរជាតិ ហក់ឡើងខ្ពស់ផងដែរ៕