ញ៉ូវដេលី ជាទីក្រុងដ៏ធំនៅប្រទេសឥណ្ឌា ដែលយើងត្រូវចំណាយពេល យ៉ាងតិច ២ ទៅ ៣ ថ្ងៃដើម្បីដើរលេងកម្សាន្ដនៅ គោលដៅទេសចរណ៍ល្បីៗប្រចាំនៅទីក្រុងនេះ។ វាមានតំបន់ទេសចរណ៍ប្រាសាទ និងវប្បធម៌ចម្រុះជាតិសាសន៍ និងសាសនា ក្នុងនោះរួមមាន ប្រាសាទហិណ្ឌូ ប្រាសាទពុទ្ធសាសនា ប្រាសាទស៊ិក ប្រាសាទអ៊ីស្លាម ជាដើម។
នៅក្នុងអត្ថបទនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់ប្រាសាទស្រស់ស្អាតចំនួន ៥ នៅក្នុងទីក្រុងញ៉ូវដេលីវិញម្តង ដែលអាចជាជំនួយគោលដៅទេសចរណ៍បន្ថែម បើសិនជាអ្នកមានឱកាស បានទៅកម្សាន្តនៅទីក្រុងរបស់ឥណ្ឌាមួយនេះ។
១/ ប្រាសាទ Akshardham

Akshardham គឺជាប្រាសាទដ៏សំខាន់បំផុតនៅទីក្រុង Delhi និងជាប្រាសាទធំជាងគេបំផុតផងដែរ។ ប្រាសាទនេះទើបបានសាងសង់រួច និងបើកសម្ពោធនៅឆ្នាំ២០០៥ ប៉ុន្តែបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកទស្សនា ជាពិសេសពេញនិយមបំផុត នូវទីធ្លារដ៏ស្រស់ស្អាត និងទឹករាំមានភ្លើងអមលំអ។ យ៉ាងណាមិញ ប្រាសាទនេះ មិនអនុញ្ញាតិអោយថតរូបនោះទេ នៅបរិវេណខាងក្នុង ដូចនេះគេត្រូវការ ប្រើប្រាស់កែវលេនធំៗចាប់ពី 200mm ឡើងទៅដើម្បីពង្រីកឃើញបែប close up ពីចម្ងាយ។
២/ ប្រាសាទ Lakshmi Narayan ឬ Birla Mandir

នេះជាប្រាសាទបែបហិណ្ឌូ ដ៏អស្ចារ្យមួយនៅប្រទេសឥណ្ឌា ដែលបានសាងសង់រួចនៅអំឡុងឆ្នាំ ១៩៣០ ឧទ្ទិសថ្វាយទៅដល់ព្រះម៉ែល័ក្រស្ម៊ី ទេវតំណាងភាពចម្រុងចម្រើន។ ប្រាសាទនេះ មានវិហារស្រស់ស្អាតជាច្រើន និងមានសួនច្បារស្អាតផងដែរ។
៣/ ប្រាសាទផ្កាឈូក (Lotus Temple)

គេហៅថាប្រាសាទផ្កាឈូក ឬប្រាសាទ Bahai ជាប្រាសាទមួយបានឈ្នះពានរង្វាន់ ជាប្រាសាទទាក់ទាញភ្ញៀវទេសចរ ច្រើនជាងគេនៅជាទីក្រុងញ៉ូវដេលី។ ប្រាសាទនេះ សាងសង់ឡើងនៅឆ្នាំ ១៩៨៦ ប៉ុន្តែបានក្លាយជាទីតាំងមាន មនុស្សមកទស្សនាល្បីល្បាញមួយ ប្រចាំទីក្រុង ព្រោះមានរចនាបថស្រដៀងទៅនឹង Opera House នៅប្រទេសអូស្ត្រាលី ហើយវិហារបាហៃនេះ ក៏មាននៅប្រទេសកម្ពុជាផងដែរ ស្ថិតនៅក្នុងខេត្តបាត់ដំបង។
៤/ ប្រាសាទ ISKCON

ប្រាសាទដ៏ស្រស់ស្អាតនេះ ត្រូវបានឧទ្ទិសដល់ព្រះ Krishna និង Radharani ហើយវាត្រូវបានបើកកាលពី ១៩៩៨ ប៉ុណ្ណោះ។ នៅខាងក្នុងប្រាសាទ អ្នកក៏នឹងឃើញស្នាដៃសិល្បៈ ដ៏ស្រស់ស្អាតមួយចំនួន និងមជ្ឈមណ្ឌលសិក្សា ដែលផ្តល់សិក្ខាសាលាសាសនា ផ្សេងៗផងដែរ។
៥/ ប្រាសាទ Gurudwara Bangla Sahib

ប្រាសាទរបស់សាសនា Sikh មានពណ៌មាស ត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ ១៧៨៣ ជាប្រាសាទចំណាស់បំផុតមួយ នៅក្នុងទីក្រុង និងបានជួសជុល ឡើងវិញនៅឆ្នាំ២០១៦។ ប្រាសាទនេះ ជាកន្លែងគោរពបូជាដ៏ពិសិដ្ឋ និងមានអាងទឹកបរិសុទ្ធ អបទៅដោយបរិវេណ និងរចនាបថប្រាសាទដ៏ស្រស់ស្អាត។