យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រទេសថៃបានប្រកាស ពីការបន្តកិច្ចចរចាជាមួយ សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដើម្បីធ្វើឱ្យប្រសើរឡើង នូវវិស័យពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ ជាក់ស្ដែង លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋាន ចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ បានឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានចាប់ផ្តើមកិច្ចចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ EFTA នៅប្រទេសអ៊ីស្លង់កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅ។
សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប EFTA រួមមានប្រទេសអ៊ីស្លង់ លីចតេនស្ទីន ន័រវេស និងស្វីស ហើយ EFTA គឺជាគោលដៅមួយ ក្នុងចំណោមគោលដៅផ្សេងៗទៀត របស់ប្រទេសថៃ សម្រាប់ការផ្សាភ្ជាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប EFTA នេះ ខណៈដែល FTA បានអនុម័តគោលនយោបាយ ពាណិជ្ជកម្មសេរី ដើម្បីជំរុញកម្លាំងទិញ និងកម្លាំងសេដ្ឋកិច្ច ឲ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ លោកស្រី Auramon បាននិយាយទៀតថា EFTA គឺជាអ្នកនាំមុខគេក្នុងវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យា បន្ថែមពីលើការមាន អ្នកវិនិយោគសំខាន់ៗ។ ម្យ៉ាងវិញទៀត EFTA មានឯកទេសផលិត សម្រាប់គ្រឿងចក្រ ឧស្សាហកម្មធុនធ្ងន់ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ជាពិសេសក្នុងវិស័យម្ហូបអាហារ ឱសថ ផលិតផលឱសថ ជីវបច្ចេកវិទ្យា ប្រេង និងឧស្ម័នធម្មជាតិ។
យោងតាមទិន្នន័យ ពីក្រុមប្រឹក្សាវិនិយោគ (BoI) របស់ប្រទេសថៃ បានឱ្យដឹងទៀតថា វិនិយោគិន EFTA បានដាក់ពាក្យស្នើសុំទៅ BoI សម្រាប់គម្រោងចំនួន ១៦ ដែលមានតម្លៃ ១២,៩ប៊ីលានបាត ឬស្មើនឹង ៣៦៦ លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី៨ ក្នុងចំណោមពាក្យស្នើសុំ នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបនៅក្នុងប្រទេសថៃ។ មានការព្យាករណ៍ថា ការនាំចេញរបស់ប្រទេសថៃទៅកាន់ EFTA នឹងកើនឡើង ៣៨ភាគរយ ដោយមានតម្លៃដល់ ២៦២ លានដុល្លារអាមេរិក ខណៈដែលការនាំចូលពី EFTA នឹងកើនឡើង ១៤,៨ភាគរយ ដោយមានតម្លៃដល់ ២១០ លានដុល្លារអាមេរិក ផងដែរ។
គួរបញ្ជាក់ផងដែរថា EFTA គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី ១៧ របស់ប្រទេសថៃ ក្នុងឆ្នាំ២០២១ ដែលមានពាណិជ្ជកម្មទ្វេភាគី ឈានដល់តម្លៃ ៧,៥ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ១,២៩ភាគរយ នៃតម្លៃពាណិជ្ជកម្មសរុប របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ៕