របាយការណ៍វាយតម្លៃចុងក្រោយ ដែលទាក់ទងទៅនឹងការសិក្សាផ្នែកឧត្ដមសិក្សារបស់ក្រុមហ៊ុន Quacquarelli Symonds ជាក្រុមហ៊ុនធំមួយខាងវិស័យអប់រំ ដែលផ្ដោតសំខាន់ទៅលើការសិក្សា បានធ្វើការវាយតម្លៃ ក្រោមការស្រង់មតិយោបល់ជាច្រើន ពាសពេញពិភពលោក ដោយសម្រេចបានជាលទ្ធផល បង្ហាញថា ទីក្រុងឡុង របស់ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ជាទីក្រុង ដែលល្អជាងគេបំផុតសម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា។
សម្រាប់អ្នកដែលស្រលាញ់ការសិក្សា ពិសេសអ្នកមានគម្រោងសម្រាប់អនាគតរបស់ខ្លួន អំពីការទៅសិក្សានៅបរទេសប្រាកដជាបានដឹងខ្លះៗហើយថា តើប្រទេស ឬទីក្រុងមួយណា ផ្ដល់នូវគុណភាពនៃការសិក្សាខ្ពស់ជាងគេ គួរឲ្យទុកចិត្តបាន។ ជាក់ស្ដែង មិនខុសពីឆ្នាំមុនៗនោះទេ ទិន្នន័យចុងក្រោយ បានបង្ហាញឲ្យដឹងថា ឆ្នាំ ២០១៩ ទីក្រុង ដែលផ្ដល់នូវការអប់រំល្អជាងគេ គឺបានទៅលើទីក្រុងឡុង ជាប់ចំណាត់ថ្នាក់លេខមួយ និងដេញពីក្រោយដោយទីក្រុងតូក្យូរបស់ជប៉ុន និងទី៣ ទីក្រុងមែលប៉ន របស់អូស្ត្រាលី ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា ពុំមានទីក្រុងណាមួយរបស់អាមេរិក បានជាប់ចំណាត់ថ្នាក់ក្នុងតារាងកំពូលទាំង ១០ ឡើយ តែបើគិតពីចំណាត់ថ្នាក់មហាវិទ្យាល័យវិញឃើញថា Montreal University of America បានជាប់ចំណាត់ថ្នាក់ទី ៦ ដែរ។
ការកំណត់ចំណាត់ថ្នាក់ទីក្រុងនេះ គឺធ្វើឡើងជារៀងរាល់មួយឆ្នាំម្ដង ដោយផ្អែកទៅលើកត្តាជាច្រើន ពិសេសគឺមហាវិទ្យាល័យធំៗ ដែលមានវត្តមាននៅក្នុងទឹកដីនៃទីក្រុង ពាក់ព័ន្ធទៅនឹងសកម្មភាព ការអប់រំ តម្លៃសិក្សា បរិស្ថាន គុណភាពសិស្ស និងកត្តាក្ដោតជាច្រើនផ្សេងទៀត ពិសេសគឺចំនួនសិស្ស ដែលមានវត្តមានសិក្សានៅទីនោះ រាប់បញ្ចូលសិស្សជាតិ និងអន្តរជាតិ។
ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ទាំង ១០ នៃទីក្រុងកំពូលៗដែលត្រូវបានវាយតម្លៃថា ជាទីក្រុងដែលផ្គត់ផ្គង់លើវិស័យអប់រំបានល្អជាងគេទៅដល់សិស្សានុសិស្សទាំងជាតិ និងអន្តរជាតិប្រចាំឆ្នាំ ២០១៩ ៖
· ទីក្រុងឡុង
· ទីក្រុងតូក្យូ
· ទីក្រុងមែលប៉ន
· ទីក្រុងម៉ូនិច
· ទីក្រុងប៊ែកឡាំង
· ទីក្រុងទីក្រុងម៉ុងត្រេអាល់
· ទីក្រុងបារីស
· ទីក្រុង Zurich
· ទីក្រុងស៊ីដនី
· ទីក្រុងសេអ៊ូល
ក្រៅពីទីក្រុងកំពូលទាំង១០ នេះហើយ នៅមានទីក្រុងផ្សេងៗជាច្រើនផ្សេងទៀត ដែលត្រូវបានវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឲ្យ ដែលវាគឺជាទិន្នន័យសំខាន់មួយសម្រាប់សិស្ស ក្នុងការសិក្សាស្វែងយល់បន្ថែម ពិសេសដឹងកាន់តែច្បាស់អំពីគុណភាព និងភាពល្បីល្បាញរបស់ទីក្រុងនីមួយៗ ដែលអាចផ្ដល់ជូនខ្លួនបាន។